29 C
Phnom Penh

​ចម្ការ​កៅ​ស៊ូ​ដែលគ្រប់​គ្រងដោយក្រុមហ៊ុន​វៀតណាមនៅ​រតនគិរី​ចាប់​ផ្តើម​​ដាំ​ពោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​​ទី​ភ្នាក់​​​ងារ​​ព័ត៌មាន​វៀត​ណាម​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុម​​ហ៊ុន​កសិឧស្សាហកម្ម​របស់​វៀត​ណាម​​មួយ​ដែល​គ្រប់​គ្រង​ចម្ការ​កៅ​ស៊ូ​ដ៏​ចម្រូង​ចម្រាស​​ក្នុង​ប្រទេស​កម្ពុជា​ មាន​គម្រោង​ចាប់​​​ផ្តើម​ដាំ​ពោត​នៅ​ទី​នោះនៅ​ដំ​ណាច់​ឆ្នាំ​នេះ​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​រដ្ឋ​ Thanh Nien បាន​រាយ​​ការណ៍​កាល​ពី​ម្សិល​មិញ​ថា លោក  ង្វៀន​ វាន់​ស៊ូ​ (Nguyen Van Su) នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ ហួង​អាញ់​ យ៉ាឡៃ​ (Hoang Anh Gia Lai) បាន​ឲ្យ​​​ដឹង​ថា ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​ដាំ​ពោតទាំង​​នៅ​ក្នុង​​​ប្រទេស​កម្ពុជា​ និង​ប្រទេស​​ឡាវ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​រក​ប្រាក់​ចំណូល​មួយ​ចំនួន​ និង​ដើម្បី​​​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិ​ការ​ចម្ការ​​​កៅ​ស៊ូ​របស់​ខ្លួន​ ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​​ឆ្នាំ​ទើប​អាច​ចាប់​ផ្តើម​ប្រមូល​ផល​បាន​។

លោក សយ​ សូ​ណា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតន​គិរី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ ហួង​អាញ់​ យ៉ាឡៃ​ កំពុង​សាក​ល្បង​ដាំ​ពោត​នៅ​លើ​ដី​ទំហំ​១០០​ហិកតា​​ក្នុង​ស្រុក​កូន​មុំ​។

ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​ Thanh Nien ក៏​បាន​រាយ​ការណ៍​ដែរ​ថា ក្រុមហ៊ុន​ ហួង​អាញ់​ យ៉ា​ឡៃ​​​ នឹង​ចុះ​ឈ្មោះបុត្រសម្ព័ន្ធ​ផ្នែក​កសិកម្ម​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​មូលបត្រ​សិង្ហបុរី​ឆ្នាំ​ក្រោយ​ ដើម្បី​បង្កើន​ដើមទុន​សម្រាប់​ពង្រីក​ផែន​ការ​អាជីវកម្ម​របស់​ខ្លួន​ ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុងរៀប​ចំ​ផែន​ការ​លក់​ជ័រ​កៅ​ស៊ូ​របស​់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​កង​់​រថយន្ត​ Michelin និង​ក្រុមហ៊ុន​ Bridgestone ផង​ដែរ​។

ចម្ការ​កៅ​ស៊ូ​របស់​ក្រុមហ៊ុន​ ហួង​អាញ់​ យ៉ាឡៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចោទ​​ប្រកាន់​ថា បាន​លួច​យក​ដី​ពី​ប្រជា​ពល​រដ្ឋ​រាប​់​រយ​គ្រួសារ​នៅ​ក្នុង​ខេត្ត​រតន​គិរី​ និង​កំពុង​កាប់​ឈើ​សហ​គមន៍​របស់​ពួក​គាត់​ដោយ​ខុស​ច្បាប់​។

តែ​ទោះបី​​ជា​​ ក្រុម​ហ៊ុន​ ហួង​អាញ់​ យ៉ាឡៃ​ បាន​​​​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ក៏​ដោយ សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ (International  Finance Corporation) ​ដែល​ជួយ​ផ្តល់​មូលនិធិ​ឲ្យ​ក្រុមហ៊ុន​ ហួង​អាញ់​​ យ៉ា​ឡៃ​ បាន​ទទួល​យក​​​ពាក្យ​បណ្តឹង​មួយ​ពី​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ ហើយ​ឥឡូវ​នេះ​កំពុង​តែ​ធ្វើ​ការ​វាយ​តម្លៃ​ការ​អះ​អាង​​របស់​ពួក​​គេ​ដែរ​៕​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស