27 C
Phnom Penh

ព្រះ​បរម​រាជ​វាំង​អំពាវ​នាវ​ឲ្យ​យក​រូបសំណាកសម្តេចឪ​ចេញ​ពី​អគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ ខុទ្ទ​កាល័យ​ព្រះ​បរម​រាជ​​វាំង​បាន​អំពាវ​នាវ​ឲ្យ​យក​ព្រះ​បរម​រូប​សម្តេច​ឪ​ នរោត្តម​ សីហនុ​ ចេញ​ពី​លើ​អគារ​ដែលបាន​​សាង​​​​​​សង់​លើស​កម្ពស់​កំណត់​ក្បែរ​ព្រះ​បរម​រាជ​វាំង​។

ម្ចាស់​អគារ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ១៩​ហ្សិត​ បាន​សាង​សង់​អគារ​របស់​ខ្លួន​លើស​​​​​​​​ចំនួន​១០​មែ៉ត្រ​នៃ​កម្ពស់​កំណត់​ចំនួន​២៤,​៥​ម៉ែត្រ​ដែល​ម្ចាស់​អគារ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​មន្ទីរ​​​​រៀប​ចំ​ដែ​ន​ដី​ ​នគរូបនីយ​កម្ម​ និង​សំណង់​ ហើយ​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា​ឲ្យ​កាត់​​​បន្ថយ​កម្ពស់​អគារ​របស់​ខ្លួន​ឡើយ​។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ ក្នុង​ពេល​ថ្មី​ៗនេះ​ម្ចាស់​អគារ​​នេះ​​​​បែរ​ជា​កសាង​​ព្រះ​បរម​រូប​សម្តេច​ឪ​ដែល​ទ្រង់​លើក​ព្រះ​ហស្ត​ឡើង​លើ​ ហើយ​ញញឹម​​​នៅ​លើ​អគារ​របស់​ខ្លួន​ទៅវិញ​​។​

លោក អ៊ុំ​ ដារ៉ា​​​វុធ​ ទី​ប្រឹក្សា​ប្រចាំ​លេខា​ធិ​ការ​ដ្ឋាន​របស់​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ បាន​​មាន​ប្រសាសន៍​ថា “ការ​កសាង​ព្រះ​បរម​រូប​សម្តេច​ឪ​នៅ​លើ​អគារ​ គឺ​ខុស​ច្បាប់​ទាំង​ស្រុង​ ព្រោះ​គ្មាន​នរណា​ម្នាក់​អាចកសាង​ព្រះ​បរម​រូប​សម្តេច​ឪ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ព្រះ​បរម​​រាជ​វាំង​បាន​ឡើយ​”។លោក​បាន​បន្ថែម​ថា “យើង​ចាំ​បាច់​ត្រូវ​តែ​យក​ព្រះ​បរម​រូប​សម្តេច​ឪ​ចេញ​ ព្រោះ​​ការកសាងនេះ​ធ្វើ​ឡើង​​ដោយ​​គ្មាន​ការ​អនុញ្ញាត”។

លោក​ ដារ៉ា​វុធ​ បាន​ឲ្យ​ដឹង​ថា ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង​របស់​ព្រះ​មហា​ក្សត្រ​  នរោត្តម​​​​សីហមុនី នឹង​ពិភាក្សា​ជា​មួយ​​​ក្រសួង​ព្រះ​បរម​រាជ​វាំង​អំពី​ថា​ តើ​ត្រូវ​ចាត់​វិធាន​ការ​អ្វី​ ​ ដើម្ប​ី​​ដោះ​ស្រាយ​ជា​មួយ​ម្ចាស់​អគារ​។

លោក សុីន​ គឹម​ហេង​ ដែល​ជា​ម្ចាស់​អគារ​​ បាន​ការ​ពារ​ការ​កសាង​​ព្រះ​បរម​រូប​សម្តេច​ឪ​នេះ​ ព្រោះ​ថា​ អ្វី​ដែល​គាត់​ធ្វើ​ គឺ​ដោយ​សារ​គាត់​គោរព​ និង​ស្រឡាញ់​សម្តេច​ឪ​ ដែល​បាន​​សោយ​ទិវង្គត កាល​ពី​ចុង​ឆ្នាំ​២០១២​​។​

លោក​ គឹម​ហេង​ បាន​និយាយ​ថា “នេះ​ជា​បំណង​ល្អ​របស់​ខ្ញុំ​ដែល​​កសាង​ព្រះ​បរម​រូប​សម្តេច​ឪ​នៅ​លើ​អគារ​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​សម្តេច​ឪ​។ ប៉ុន្តែ​ខ្ញុំ​នឹង​យក​ព្រះ​បរម​រូប​សម្តេច​ឪ​ចេញ​ ប្រសិន​បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នោះ​”។

លោក ​ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យដ​ឹង​ថា សាលា​រាជ​ធានី​នឹង​ចាត់​វិធានការ​ដើម្បី​យក​ព្រះ​បរម​រូប​សម្តេច​ឪ​ចេញ​ បន្ទាប់​ពី​ទទួល​បានសំណើ​ជា​ផ្លូវ​ការ​ពី​ព្រះ​បរម​រាជ​វាំង​។

អគារ​សណ្ឋាគារ​ដែល​ជា​កម្មសិទ្ធិរបស់​លោក​ គឹម​ហេង​ និង​ប្រពន្ធ​របស់​គាត់​ ត្រូវ​បាន​អាជ្ញាធរ​ចេញ​បទ​បញ្ជា​ឲ្យ​កាត់​បន្ថយ​កម្ពស់​ជា​លើ​ក​ដំបូង​ កាល​ពី​ខែ​តុលា​។ លោក​ គឹម​ហេង​​ បាន​និយានៅ​​ពេល​នោះ​ថា គាត់បាន​សម្រេច​សាង​សង់​អគារ​របស់​ខ្លួន​លើស​កម្ពស់​កំណត់​នេះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​លុប​ចោល​បម្រាម​ជា​សាធារណៈ​ដែល​ហាម​មិន​ឲ្យ​សាង​សង់​អគារ​​​ខ្ពស់​ជាង​១៤​ម៉ែត្រ​នៅ​តំបន់​ជុំវិញ​ព្រះ​បរម​រាជ​វាំង​៕​ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស