ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិបានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញដែលកាលពីថ្ងៃច័ន្ទ បានបញ្ជាឲ្យសន្តិសុខខណ្ឌវាយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលមិនបានប្រព្រឹត្តហិង្សាមួយក្រុមតូចនៅជិតទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។

ថ្លែងនៅសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោកស្រី មូរ សុខហួរ សមាជិកសភាជាប់ឆ្នោតគណបក្សប្រឆាំងបានមានប្រសាសន៍ថា គណបក្សកំពុងរៀបចំពាក្យបណ្តឹងប្តឹងលោក សុខ ពេញវុធ រួមទាំងការចោទប្រកាន់ពីបទបង្ករបួសស្នាម និងប៉ុនប៉ងមនុស្សឃាត។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិបានប្រគល់ករណីនេះឲ្យមេធាវីចាត់វិធានការតាមផ្លូវច្បាប់។ យើងនឹងស្នើឲ្យមានការដាក់ទណ្ឌកម្មរដ្ឋបាលដោយការព្យួរតួនាទីជាអភិបាលរងរបស់លោក សុខ ពេញវុធ”។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា លោក សុខ ពេញវុធ មានមុខជានិច្ចនៅកន្លែងជួបជុំគ្នាដែលត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់កម្លាំងសន្តិសុខខណ្ឌក្រៅច្បាប់ ដោយធ្វើឲ្យលោកក្លាយជាគោលដៅទី១របស់គណបក្សនេះចំពោះការចាត់វិធានការតាមផ្លូវច្បាប់។
សន្តិសុខខណ្ឌដូនពេញមួយក្រុមមានគ្នាប្រហែល៣០នាក់ដែលសុទ្ធតែពាក់មួកសុវត្ថិភាព កាលពីថ្ងៃច័ន្ទបានវាយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមតូច និងអ្នកឈរមើល ដែលបានប្រមូលផ្តុំគ្នានៅជិតទីលានប្រជាធិបតេយ្យកន្លែងដែលលោកស្រី មូរ សុខហួរ បានធ្វើការតវ៉ាដែលមានស្ត្រីតែម្នាក់ប្រឆាំងនឹងការបង្ក្រាបរបស់រដ្ឋាភិបាលចំពោះសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំគ្នា។
នៅពេលកម្លាំងសន្តិសុខបានចាប់ផ្តើមបំបែកក្រុមមនុស្សដែលប្រមូលផ្តុំគ្នានោះ លោក សុខ ពេញវុធ បានបញ្ជាឲ្យពួកគេវាយអ្នកថតសកម្មភាពដែលមិនមានពាក់ប័ណ្ណសារព័ត៌មាន រួមទាំងអ្នកប្រើប្រាស់កាមេរ៉ាតាមទូរស័ព្ទស្មាតហ្វូនផងដែរ។
យ៉ាងហោចណាស់មនុស្សបួននាក់បានរងរបួសធ្ងន់ត្រង់ក្បាលដោយសារស្នាដៃរបស់សន្តិសុខដែលប្រដាប់ដោយដំបង ចំណែកមនុស្សជាង១០នាក់ទៀតបានរងរបួសស្រាល។
កម្លាំងសន្តិសុខទាំងនោះបានទាត់មនុស្សបន្ទាប់ពីពួកគេដួល ហើយសន្តិសុខម្នាក់បានបោចសក់បុរសម្នាក់ បន្ទាប់មកបានយកជង្គង់អុកចំកណ្តាលមុខ។
លោក ប៉ែន ឈុនសារវ័ន្ត អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបងស្ថិតក្នុងចំណោម ជនរងគ្រោះដែលត្រូវបានវាយត្រូវក្បាលអំឡុងការប្រវាយប្រតប់នោះដែរ។
លោកបានមានប្រសាសន៍នៅសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា “ពួកគេមានបំណងវាយសម្លាប់ពួកយើងតែម្តង។កម្លាំងសន្តិសុខទាំងនេះសាហាវណាស់”។ លោក ឈុនសារវ័ន្ត បានបន្ថែមថា “ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅតុលាការពីបទប៉ុនប៉ងមនុស្សឃាត និងបង្ករបួសស្នាម ពីព្រោះពួកគេមានបំណងវាយសម្លាប់ពួកយើង”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផែនការរបស់គណបក្សសង្គ្រោះជាតិក្នុងការដាក់ពាក្យបណ្តឹងប្តឹងអភិបាលរងខណ្ឌដូនពេញរូបនេះទេ។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “ខ្ញុំគ្មានអ្វីត្រូវនិយាយ ទេ ប៉ុន្តែ លោកស្រី មូរ សុខហួរ មានសិទ្ធិធ្វើអ្វីតាមចិត្តរបស់គាត់។ យើងគ្រាន់តែអនុវត្តតាមច្បាប់ប៉ុណ្ណោះ”។ គេមិនអាចទាក់ទង លោក សុខ ពេញវុធ ដើម្បីសុំអត្ថាធិប្បាយបានទេ៕សារុន