29 C
Phnom Penh

ក្រុម​​​ហ៊ែក​​​ឃើ​​​អនា​​​មិក​​​កម្ពុជាពីរ​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​មាន​​​ការ​​​សហ​​​ការ​​​ពី​​​FBI

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​របស់​​​អគ្គស្នង​​​ការ​​​នគរបាល​​​ជាតិ​​​កាល​​​ពីម្សិលមិញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មេដឹកនាំ​​​​​​ពីរ​​​នាក់​​​​​​នៃ​​​ក្រុម​​​​​​អនាមិក​​កម្ពុជា​​​ ដែល​​​ជា​​​សាខា​​​របស់​​​​​​ក្រុម​​​​​​ហ៊ែកឃើ​​​ពិភពលោក​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ខែ​​​នេះ​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​ពី​​​បទ​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​និង​​​លួច​​​ទិន្នន័យ​​​សម្ងាត់​​​ ក្រោយ​​​ពី​​អាជ្ញាធរ​​​កម្ពុជា​​​និង​​​ការិយាល័យ​​​សហព័ន្ធ​​​ស៊ើប​​​អង្កេត​​​ FBI របស់​​​សហរដ្ឋ​​​អាេមរិក​​​​​​បាន​​​ធ្វើ​​​​​​​ប្រតិបត្តិការ​​​​​​​​​ស៊ើប​​​អង្កេត​​​​​​រយៈ​​​ពេល​​​ប្រាំបី​​​ខែ​​​​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​បញ្ជាក់​​​ថា យុវ​​​ជន​​​ឈ្មោះ​​​ ប៊ុន ឃីងមង្គល​​​បញ្ញា អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​នៅ​​​តាម​​​​​អីុនធើណិត​​​ប្រើ​​​ឈ្មោះ​​​ Sex Machine និង​​​ Black Cyber និង​​​យុវជន​​​ឈ្មោះ​​​ ជូ សុង​​​ហេង​​​ អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​​​​ប្រើ​​​រហស្ស​​​នាម​​​​​​ Zoro ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​មេសា​​​ពី​​​បទ​​​​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​សរុប​​​ចំនួន​​​៣០​​​ រួម​​​ទាំង​​​​​​​​​គេហទំព័រ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​ (គ.ជ.ប.) ក្រសួង​​​ការបរទេស​​​ ក្រសួង​​​ការពារជាតិ​​​ អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ និង​​​សាលា​​​រាជ​​​ធានីភ្នំពេញ​​​ ព្រម​​​ទាំង​​​គេហទំព័រ​​​មួយ​​​ចំនួន​​​ទៀត​​​របស់​​​វិស័យ​​​ឯក​​​ជន​​​ផ​​​ង​​​ដែរ​​​។

សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​នេះ​​​លើក​​​ឡើង​​​ទៀត​​​ថា យុវជន​​​ ប៊ុន ឃីងមង្គលបញ្ញា បាន​​​សារភាព​​​​​​ថា ខ្លួន​​​បាន​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​ទាំងនេះ​​​មែន​​​ ចំណែក​​​ឯ​​​យុវជន ជូន សុងហេង និយាយ​​​ថា រូប​​​គេ​​​គ្រាន់​​​តែ​​​ជា​​​កូន​​​សិស្ស​​​របស់​​​​​​ ប៊ុន ឃីង​​​មង្គល​​​បញ្ញា ប៉ុណ្ណោះ។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​និយាយ​​​ពី​​​ ជូ សុងហេង​​​ ថា “រូប​​​គេ​​​គ្រាន់​​​តែ​​​ចង់​​​សិក្សា​​​ពី​​​វា​​​ប៉ុណ្ណោះ​​​​​​។ នោះ​​​គឺ​​​ជា​​​ហេតុ​​​ផល​​​ដែល​​​រូប​​​គេ​​​សម្រេច​​​ចិត្ត​​​​​​ចូល​​​រួម​​​ជាមួយ​​​​​​ក្រុម​​​​​​ហ៊ែកឃើ​​​នេះ​​​​​​”។

បុរស​​​​​​វ័យ​​​ក្មេង​​​ទាំង​​​ពីរ​​​នាក់​​​នេះ គឺ​​​ជា​​​និស្សិត​​​ឆ្នាំ​​​ទី​​​៣ សិក្សា​​​នៅ​​​វិទ្យាស្ថាន​​​ស៊ីតិច (SETEC Institute) ជា​​​សាកល​​​វិទ្យាល័យ​​​មួយ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ ដែល​​​ផ្ដល់​​​កា​​​រ​​​​​​បណ្ដុះបណ្ដាល​​​​​​ថ្នាក់​​​បរិញ្ញាបត្រ​​​ផ្នែក​​​ព័ត៌មាន​​​វិទ្យា។

យុវជន​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​​​មាត្រា​​​៤២៧ មាត្រា​​​៤២៨ និង​​​មាត្រា៤២៩ នៃ​​​ក្រម​​​​​​ព្រហ្មទណ្ឌ​​​របស់​​​កម្ពុជា​​​ ពាក់ព័ន្ធ​​​នឹង​​​​​​ព័ត៌មាន​​​វិទ្យា​​​​​​។ ពួក​​​គេ​​​​​​​​​បាន​​​ធ្វើ​​​សកម្មភាព​​​វាយ​​​ប្រហារ​​​ ធ្វើ​​​ឲ្យ​​​រអាក់​​​រអួល​​​មិន​​​ដំណើរការ​​​គេហទំព័រ​​​​​​ ជ្រៀត​​​ចូល​​​បណ្ដាញ​​​ព័ត៌មាន​​​វិទ្យា​​​​​​​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ លួច​​​ទិន្នន័យ​​​សម្ងាត់​​​​​​​​​​​​​​​ពី​​​ប្រព័ន្ធ​​​ព័ត៌​​​មាន​​​ និង​​​ការ​​​កែទិន្នន័យ​​​។

បទល្មើស​​​នីមួយ​​​ៗ​​​ត្រូវ​​​ពិន័​​​យ​​​ជា​​​ប្រាក់​​​​​​ពី​​​៥០០​​​ដុល្លារ​​​ទៅ​​​១.០០០​​​ដុល្លារ​​​ អម​​​ជាមួយ​​​នឹង​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ចន្លោះ​​​ពី​​​​​​មួយ​​​ឆ្នាំ​​​ទៅ​​​ពីរឆ្នាំ​​។ តែ​​​ទោះជា​​​យ៉ាង​​​ណា​​​ បច្ចុប្បន្ន​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​​​​ច្បាប់​​​ប្រឆាំង​​​បទ​​​ល្មើស​​​តាម​​​អីុន​​​​​​ធើ​​​ណិត​​​ទេ​​​។​​​

ការ​​​វាយ​​​ប្រហារ​​​មួយ​​​ឈ្មោះ​​​ Distributed Denial of Service (DDos) បាន​​​វាយ​​​ប្រហារ​​​លើ​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​​​​។ គេហទំព័រ​​​​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បិទ​​​ពី​​​ប្រព័ន្ធ​​​អីុន​​​ធើណិត​​​ ហើយ​​​ទិន្នន័យ​​​បាន​​​លួចចេញ​​​ពី​​​វា​​​។

សេចក្ដី​​​ថ្លែង​​​​​​ការណ៍​​​នេះ​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​ស្ដីពីការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ ប៉ុន្តែ​​​លើ​​​​​​កឡើ​​​ងថា  អគ្គស្នង​​​ការ​​​​​​នគរ​​​បាល​​​ជាតិ​​​កំពុង​បន្ត​​​សហការណ៍​​​ជាមួយ​​​ FBI “ដើម្បី​​​តាម​​​ចាប់​​​ខ្លួន​​​ហ៊ែកឃើ​​​បន្ថែម​​​ទៀត​​​”។  លោក​​​ ឌីម​​​ ចៅសេង មេធាវី​​​​​​តំណាង​​​ឲ្យ​​​យុវ​​​ជន​​​ទាំង​​​ពី​​​រ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា  សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​សាកសួរ​​​កូន​​​ក្ដី​​​របស់​​​លោក​​​ រួច​​​បញ្ជូន​​​ខ្លួន​​​ពួក​​​គេ​​​ទៅ​​​ពន្ធនាគារ​​​ព្រៃស។

លោក​​​មាន​​​ប្រសាសន៍​​​ថា  “ជន​​​សង្ស័យ​​​​​​កំពុង​​​​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​តុលា​​​ការ​​​នៅ​​​ឡើយ​​​ ដូច្នេះ​​​គេ​​​ក៏​​​ឃុំ​​​ខ្លួន​​​ពួក​​​គេ​​​សម្រាប់​​​​​​ជំនុំ​​​ជម្រះ​​​”។

ការ​​​ចាប់​​​ខ្លួន​​​នេះ​​​​​​​​​ធ្វើ​​​ឡើង​​​​​​ពី​​​របីថ្ងៃ​​​​​​មុន​​​​​​​​​ច្បាប់​​​ចម្លង​​​​​​​​​នៃ​​​​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​ស្ដី​​​ពី​​​បទ​​​ល្មើស​​​តាម​​​អីុន​​​ធើណិត​​​របស់​​​កម្ពុជា​​​ត្រូវ​​​​​​បាន​​​​​​ចុះ​​​​​​ផ្សាយ​​​តាម​​​អីុនធើណិត​​​។ ច្បាប់​​​នេះ​​​​​​ដាក់​​​ទោស​​​ធ្ងន់​​​ជាង​​​​​​ក្រម​​​ព្រហ្មទណ្ឌ​​​របស់​​​កម្ពុជា​​​​​​សម្រាប់​​​បទ​​​ល្មើស​​​ស្រដៀង​​​គ្នា​​​ពាក់ព័ន្ធ​​​នឹង​​​​​​​​​ព័ត៌មាន​​​​​​វិទ្យា​​​។

លោក​​​ ម៉ាក រ៉ាស (Mark Rasch) អតីត​​​ប្រធាន​​​​​​​​​អង្គភាព​​​បទ​​​ល្មើស​​​កុំព្យូទ័រ​​​នៃ​​​ក្រសួង​​​​​​យុត្តិធម៌​​​របស់​​​សហរដ្ឋអាេមរិក​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យុវជន​​​ទាំង​​​ពី​​​រ​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​អំពី​​​​​​យុវជន​​​ទាំង​​​ពីរ​​​ថា “ដោយ​​​សារ​​​តែ​​​ [កម្ពុជា] គ្មាន​​​​​​ច្បាប់​​​ស្ដីពី​​​បទ​​​ល្មើស​​​​​​តាម​​​​​​អីុនធើ​​​ណិត​​​ គេ​​​មិនអាច​​​​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​​​​ពី​​​បទ​​​ល្មើស​​​ធ្ងន់​​​ធ្ងរ​​​​​​ជាង​​​នេះ​​​បាន​​​ទេ​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា ទោះ​​​បី​​​ជា​វា​​​អាច​​​ទៅ​​​រួច​​​ ដែល​​​ថា ​​​​​រដ្ឋាភិបាល​​​កម្ពុជា​​​​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ FBI ជួយ​​​តាម​​​​​​វែក​​​មុខ​​​​​​​​​ហ៊ែកឃើ​​​ទាំង​​​នេះ​​​​​​​​​ក្ដី​​​ ក៏​​​មាន​​​​​​សេនា​​​​​​រីយោ​​​មួយ​​​ច្បាស់​​​​​​ជាង​​​នេះ​​​​​​​​​បង្ហាញ​​​ថា FBI បាន​​​រក​​​ឃើញ​​​​​​ព័ត៌មាន​​​ស្ដីពី​​​​​​ក្រុម​​​អនាមិក​​​កម្ពុជា ​​​នៅ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន​​​លើ​​​​​​ក្រុម​​​នេះ​​​ រួច​​​ក៏​​​​​​​​​ផ្ដល់​​​ព័ត៌មាន​​​នេះ​​​ដល​​​់​​​អាជ្ញាធរ​​​កម្ពុជា​​​​​​។

ឧត្តម​​​សេនីយ៍ឯក​​​ ឆាយ​​​ ស៊ីណារិទ្ធ​​​​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​សន្ដិសុខ​​​ផ្ទៃ​​​ក្នុង​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ចាប់​​​ខ្លួន​​​​​​យុវជន​​​ទាំង​​​ពីរ​​​​​​​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​រួម​​​គ្នា​​​​​​ ដោយ​​​​​​អគ្គស្នង​​​ការ​​​នគរបាល​​​ជាតិ​​​និង​​​​​​ FBI។

លោក​​​មាន​​​ប្រសាសន៍​​​ថា “​នៅ​​​ពេល​​​អគ្គ​​​ស្នង​​​ការ​​​នគរបាលជាតិ​​​កំពុង​​​សហការ​​​​​​ជាមួយ​​​​​​ FBI ដើម្បី​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​ [ការ​​​ជ្រៀត​​​ចូល​​​ទិន្នន័យ​​​] យើង​​​ក៏​​​បាន​​​រក​​​ឃើញ​​​​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ជ្រៀត​​​ចូល​​​ទិន្នន័យ​​​របស់​​​គ.ជ.ប. និង​​​ស្ថាប័ន​​​រដ្ឋ​​​ផ្សេង​​​ៗ​​​ទៀត​​​”។

លោក ស៊ាន ម៉ាកគិនតូស (Sean McIntosh) អ្នក​​​នាំពាក្យ​​​ស្ថានទូត​​​អាមេរិក​​​ប្រចាំ​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​នៅ​​​ពេល​​​​​​ត្រូវ​​​គេ​​​សាក​​​សួរ​​​អំពី​​​​​​​​​កា​​​រ​​​ជួយ​​​របស់​​​ FBI នៅ​​​ក្នុង​​​ករណី​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​កា​​​រ​​​ស៊ើប​​​អង្កេត​​​ដែល​​​​​​កំពុង​​​​​​បន្ដ​​​ដំណើរ​​​ការ​​​នោះ​​​ទេ”។

កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣ សមាជិកបី​​​​​​នាក​​​់​​​នៃ​​​ក្រុម​​​អនាមិកកម្ពុជា​​​ទទួល​​​បាន​​​​​​ការ​​​​​​កោត​​​សរសើរ​​​ចំពោះ​​​ការ​​​ជ្រៀត​​​ចូល​​​គេហ​​​ទំព័រ​​​ចំនួន​​​ពីរ​​​របស់​​​គ.ជ.ប.​​​។ នៅ​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​លើ​​​​​​គេហទំព័រ​​​​​​បញ្ជី​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​​​​របស់​​​គ.ជ.ប. ហ៊ែកឃើ​​​ទាំង​​​នេះ​​​​​​​​​បាន​​​បង្ហោះ​​​រូប​​​​​​របាំង​​​​​​មុខ​​​​​​ Guy Fawkes ដែល​​​ជា​​​ឈុត​​​ចុង​​​​​​ក្រោយ​​​នៃ​​​ខ្សែ​​​ភាពយន្ត​រឿង​​​ “The Great Dictator” ​​​ដែល​​​ជា​​​ខ្សែ​​​ភាព​​​យន្ត​​​ប្រឆាំង​​​ពួក​​​​​​ហ្វា​​​ស៊ីស​​​​​​របស់​​​ ឆាលី ឆាប​​​លីន (Charlie Chaplin) ផលិ​​​ត​​​ក្នុង​​​ឆ្នាំ​​​១៩៤០​​​ និង​​​លិខិត​​​មួយ​​​ច្បាប់​​​​​​របស់​​​ព្រះ​​​មហាក្សត្រ​​​នរោត្តម​​​ សីហ​​​មុនី​​​ ផ្ញើ​​​ទៅ​​​ប្រជាពលរដ្ឋ​​​កម្ពុជា​​​។

រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ក្រោយ​​​មក​​​ក្រុម​​​នេះ​​​បាន​​​អះអាង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​វាយ​​​ប្រហារ​​​រាប់​​​សិប​​​ដង​​​បន្ថែម​​​ទៀត​​​ ដោយ​​​ភាគ​​​ច្រើន​​​វា​​​យ​​​ប្រហារ​​​លើ​​​គេហទំព័រ​​​របស់​​​រដ្ឋាភិ​​​បាល​​​រួម​​​មាន​​​អង្គភាព​​​ព័ត៌​​​មាន​​​ និង​​​ប្រតិ​​​កម្ម​​​រហ័ស​​​នៅ​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក្រុម​​​ប្រឹក្សា​​​កំណែទម្រង់​​​ច្បាប់​​​និង​​​​​​ប្រព័ន្ធ​​​តុលាការ​​​ និង​​​ ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​ ជា​​​ដើម​​​។

កាល​​​ពី​​​ខែ​​​កញ្ញា ឆ្នាំ ២០១៣ ក្រុម​​​​​​អនា​​​មិក​​​ពិភព​​​លោក​​​នេះ​​​​​​បាន​​​បង្ហោះ​​​​​​ខ្សែ​​​វីដេអូ​​​មួយ​​​តាម​​​ប្រព័ន្ធ​​​អីុន​​​ធើណិត​​​ ដោយ​​​ដាក់​​​ចំណង​​​ជើង​​​ថា “Operation Freedom” ប្រតិបត្តិ​​​ការ​​​ដើម្បី​​​សេរីភាព​​​ដោយ​​​និយាយ​​​ថា ខ្លួន​សុំ​​​​​​​​ “ប្រកាស​​​សង្គ្រាម​​​” ជាមួយ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​ ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​​​​ការ​​​ប៉ះទង្គិច​​​ជាមួយ​​​បាតុករ​​​​​​​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ម្នាក់​​​បាត់​​​បង់​​​ជីវិត​​​។

នៅ​​​ក្នុង​​​កា​​​រសាកសួរ​​​ទល់​​​មុខ​​​គ្នា​​​កាល​​​ពីឆ្នាំ​​​មុន​​​​​​​​​ជាមួយ​​​បុរស​​​ម្នាក់​​​ដែល​​​ដាក់​​​ឈ្មោះ​​​ខ្លួន​​​​​​ឯង​​​ថា Black Cyber យុវជន​​​រូបនេះ​​​និយាយ​​​ថា ការ​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​​​​របស់​​​រដ្ឋាភិបាល​​​​​​កម្ពុជា​​​ជា​​​រឿង​​​ងាយ​​​ស្រួល​​​។

រូប​​​គេ​​​និយាយ​​​ថា “យើង​​​​​​បាន​​​ជ្រៀត​​​ចូល​​​​គេហទំព័រ​​​របស់​​​គ.ជ.ប. ក្រសួង​​​ការបរទេស​​​ ហើយ​​​ពេល​​​នេះ​​​ខ្ញុំ​​​បាន​​​ជ្រៀត​​​ចូល​​​គេហំព័រ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​​រលួយ។​​​ លេខ​​​កូដសម្ងាត់​​​របស់​​​​​​ពួក​​​គេ​​​ងាយ​​​ស្រួល​​​ណាស់​​​ គឺ​​​១២៣៤៥”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស