កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោក អាត់ ធន់ ប្រធានសហជីពដែលមានបញ្ហាច្រើនរូបនេះនៅឆ្ងាយពីរោងចក្រ អេស អិល និងកម្មកររបស់ខ្លួន និងចៀសវាងការជួបជុំគ្នាជាសាធារណៈណាមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

លោក អាត់ ធន់ ប្រធានសម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ត្រូវបានចោទប្រកាន់កាលពីខែមីនា ពីបទញុះញង់ឲ្យមានអំពើហិង្សានៅពេលមានការតវ៉ាកាលពីថ្ងៃទី២០ខែកញ្ញា នៅរោងចក្រ អេស អិល ដែលបានក្លាយជាហិង្សា និងធ្វើឲ្យមនុស្សយ៉ាងហោចណាស់១១នាក់រងរបួស។ បុគ្គលិករោងចក្រ អេស អិល ម្នាក់ដែលគេគប់នឹងដុំថ្មចំភ្នែកអំឡុងការប៉ះទង្គិចគ្នារវាងកម្មករ និងសន្តិសុខនោះ បានដាក់ពាក្យប្តឹងលោក អាត់ ធន់។
កាលពីថ្ងៃសៅរ៍ លោក អាត់ ធន់ បានមានប្រសាសន៍ថា លោកបានទទួលលិខិតពីតុលាការបង្គាប់ឲ្យលោកបង់ប្រាក់ធានានៅក្រៅឃុំចំនួន២៥.០០០ដុល្លារក្នុងរយៈពេលមួយខែ បើមិនដូច្នោះទេនឹងត្រូវជាប់ឃុំ។
កាលពីម្សិលមិញ លោក ជា សុខហ៊ាង ចៅក្រមសើុបសួរបានបន្ថែមទម្ងន់ទៅលើបទបញ្ជារបស់តុលាការប្រឆាំងលោក អាត់ ធន់។
លិខិតចុងក្រោយនេះមានខ្លឹមសារថា “មិនឲ្យជួបជុំគ្នាបង្កើតជាក្រុមដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមទីសាធារណៈ មិនឲ្យទៅរោងចក្រ អេស អិល ដើម្បីចៀសវាងមិនឲ្យមានហេតុការណ៍ណាមួយ មិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញ មិនឲ្យជួបកម្មករនៅរោងចក្រ អេស អិល ដើម្បីចៀសវាងការផ្ទុះអំពើហិង្សា និងមិនឲ្យមាន ឬកាន់អាវុធណាមួយឡើយ”។
លិខិតនោះលើកឡើងថា ប្រសិនបើលោក អាត់ ធន់ បំពានលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌទាំងនេះ តុលាការអាចចេញបង្គាប់ម្តងទៀតឲ្យគេឃុំខ្លួនគាត់។
លោក សៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និងក្រឡាបញ្ជី សាន សាក់នី ដែលបានចុះហត្ថលេខាលើលិខិតនោះ សុទ្ធតែបដិសេធមិននិយាយអំពីបទបញ្ជាថ្មីនេះ ហើយបានបង្វែរសំណួរទៅចៅក្រមដែលគេមិនអាចទាក់ទងបាន។
លោក កុះ ចុងហូ អ្នកគ្រប់គ្រងរោងចក្រ អេស អិល ក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយដែរ។
បទបញ្ជាថ្មីនេះចេញនៅថ្ងៃដែលអ្នកគាំទ្រលោក អាត់ ធន់ ប្រហែល៣០០នាក់បានតវ៉ានៅមុខសាលាដំបូងរាជធានីប្រឆាំងនឹងការសាកសួរគាត់ដែលគ្រោងធ្វើនៅថ្ងៃនោះ នៅក្នុងរឿងក្តីមួយទៀត ដែលចោទមេដឹកនាំសហជីពរូបនេះថា បានលួចបន្លំលុយប្រហែល៩៣.០០០ដុល្លារពីសមាជិករបស់ខ្លួន។ តុលាការបានពន្យារពេលការសាកសួរដោយសារមានការតវ៉ាយ៉ាងខ្លាំងនៅខាងក្រៅតុលាការ។
លោក អាត់ ធន់ បានថ្កោលទោសចំពោះបទបញ្ជាថ្មីប្រឆាំងរូបលោក។លោកបានមានប្រសាសន៍ថា “ ពួកគេមិនអនុញ្ញាតឲ្យខ្ញុំជួបជុំគ្នាជាសាធារណៈទេ ដូច្នេះតើយើងអាចធ្វើដោយវិធីណា ពីព្រោះ ខ្ញុំជាប្រធានសហជីព វាមិនត្រឹមត្រូវទេ”។ លោកបានបន្ថែមទៀតថា “ នេះគឺជាការដាក់សម្ពាធលើយើងយ៉ាងខ្លាំងពីព្រោះយើងព្យាយាមតវ៉ាដំឡើងប្រាក់ខែឲ្យដល់១៦០ដុល្លារ”។
ក្នុងនាមជាប្រធានសហជីពមួយក្នុងចំណោមប្រធានសហជីពធំៗ ដែលមិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល លោក អាត់ ធន់ បានធ្វើឲ្យមានកំហឹងពីម្ចាស់រោងចក្រកាត់ដេរ និងមន្ត្រីរដ្ឋាភិបាលអស់រយៈ ពេលជាច្រើនឆ្នាំមកហើយ។ កាលពីឆ្នាំ២០១០ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារបានគំរាមប្តឹងលោកដោយផ្ទាល់ចំពោះការមិនគោរពបទបញ្ជាឲ្យឈប់រៀបចំវេទិកាសាធារណៈរបស់សមាជិកសហជីពនេះនៅទីក្រុងភ្នំពេញ។
នៅពេលថ្មីៗនេះ សហជីព សីុខៅឌូ ស្ថិតក្នុងចំណោមសហជីពធំៗដែលនៅពីក្រោយការធ្វើកូដកម្មជាច្រើនសប្តាហ៍ទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារសម្រាប់វិស័យកាត់ដេរ ហើយការធ្វើកូដកម្មនោះបានបញ្ចប់ភ្លាមៗ បន្ទាប់ពីកងរាជអាវុធហត្ថបានបាញ់អ្នកតវ៉ានៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ដែលបានធ្វើឲ្យមនុស្សប្រាំនាក់ស្លាប់ និងរងរបួសជាង៤០នាក់។
លោក អាត់ ធន់ បានមានប្រសាសន៍ថា លោកនឹងប្តឹងជំទាស់បទបញ្ជារបស់តុលាការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែ ក៏ត្រូវគោរពលក្ខខណ្ឌទាំងនេះដែរ។
រួមជាមួយសហជីពផ្សេងទៀតដែលនៅពីក្រោយការធ្វើកូដកម្មនាពេលថ្មីនេះ សហជីព សីុខៅឌូ កំពុងរៀបចំផែនការម្តងទៀតដើម្បីប្រមូលផ្តុំអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១ ខែឧសភា គឺចំទិវាពលកម្មអន្តរជាតិដើម្បីបន្តការទាមទារដំឡើងប្រាក់ខែគោល។ លោក អាត់ ធន់ ទទួលស្គាល់ថា បទបញ្ជាថ្មីនេះធ្វើឲ្យសហជីពរបស់លោកពិបាកចូលរួមព្រឹត្តិការណ៍នេះ ប៉ុន្តែ មិនអាចរារាំងអ្នកផ្សេងមិនឲ្យចូលរួមបានទេ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើគេមិនអនុញ្ញាតឲ្យយើងទេ សមាជិកសហជីពរបស់យើងអាចចូលរួមជាមួយសហជីពផ្សេងទៀតក្នុងការរៀបចំព្រឹត្តិការណ៍នេះ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សាលា រាជធានីបានទទួលសំណើសុំជួបជុំគ្នារបស់សហជីពនេះកាលពីម្សិលមិញ ប៉ុន្តែ បានបដិសេធមិននិយាយអំពីឱកាសក្នុងការអនុញ្ញាតឲ្យពួកគេទេ។ នៅពេលថ្មីៗនេះសាលារាជធានីបានដាក់បម្រាមតាមអំពើចិត្តមិនឲ្យមានការជួបជុំគ្នាតាមទីសាធារណៈ ហើយបានអនុវត្តបម្រាមនេះយ៉ាងឃោរឃៅកាលពីថ្ងៃច័ន្ទ នៅពេលដែលសន្តិសុខខណ្ឌដូនពេញ បានវាយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានជួបជុំគ្នានៅជិតទីលានប្រជាធិបតេយ្យ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានចាត់ទុកបទបញ្ជាតុលាការប្រឆាំងលោក អាត់ ធន់ ជារឿងមិនសមហេតុផល និងជាការបំពានសិទ្ធិជួបជុំគ្នារបស់កម្មករ។
លោកបានមានប្រសាសន៍លើកឡើងពីការធានានៅក្នុងច្បាប់អន្តរជាតិ ច្បាប់ការងារកម្ពុជា និងរដ្ឋធម្មនុញ្ញកម្ពុជាថា “តុលាការត្រូវរៀនបន្ថែមទៀតពីសេរីភាពនៃការជួបជុំ”។លោកបានមានប្រសាសន៍ថា “កម្មករបោះឆ្នោតជ្រើសរើសមេដឹកនាំឲ្យធ្វើជាតំណាងពួកគេ ដូច្នេះការដែលតុលាការបង្គាប់ ប្រធានសហជីពនេះមិនឲ្យជួបសមាជិក របស់ខ្លួន វាគឺជាការបំពានសិទ្ធិជួបជុំគ្នារបស់ពួកគេយ៉ាងច្បាស់។ ប្រសិនបើតុលាការឯក រាជ្យ តុលាការនេះមិនត្រូវធ្វើបែបនេះទេ”។
លោកមានប្រសាសន៍ថា លោក អាត់ ធន់ ល្បីឈ្មោះជាច្រើនឆ្នាំមកហើយមិនត្រឹមតែនៅកម្ពុជា ប៉ុន្តែ ក៏ល្បីនៅក្រៅប្រទេសដែរ មួយផ្នែកដោយសារសមាជិករបស់ សីុខៅឌូ និងសហភាពការងារកម្ពុជាដែលលោកធ្វើជាប្រធានដែរ នៅក្នុងអង្គការអន្តរជាតិមួយចំនួន។ លោកបានមានប្រសាសន៍ថា “កេរ្តិ៍ឈ្មោះរបស់លោក សកម្មភាពរបស់លោក ល្បីឈ្មោះមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែ ក៏ល្បីនៅក្រៅប្រទេសដែរ”។
សីុខៅឌូ មានសមាជិក៧០.០០០នាក់ និងមានសាខានៅក្នុងរោងចក្រ៩៦ក្នុងចំណោមរោងចក្រកាត់ដេរ៥០០នៅកម្ពុជា រួមទាំងរោងចក្រ អេស អិលផងដែរ៕គឹមហឿន