កាលពីម្សិលមិញ អ្នកបើកបររថយន្តក្រុងមួយក្រុម និងតំណាងសហជីពសហភាពការងារកម្ពុជាបានធ្វើញត្តិជូនលោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារឲ្យធ្វើអន្តរាគមន៍នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរសូរិយា។
យ៉ាងហោចណាស់ អ្នកបើកបរប្រាំបីនាក់ត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុនភ្លាមៗបន្ទាប់ពីពួកគេបានបង្កើតសហជីព ហើយបានដឹកនាំកូដកម្មទាមទារដំឡើងប្រាក់ខែនៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ញត្តិដែលរៀបរៀងដោយសហភាពការងារកម្ពុជាលើកឡើងនូវការទាមទារ១១ចំណុចរួមមានការដំឡើងប្រាក់ខែ ថ្ងៃឈប់សម្រាកចំនួន២០ថ្ងៃក្នុងមួយឆ្នាំជំនួសឲ្យ១៨ថ្ងៃ និងសិទ្ធិបង្កើតសហជីពដោយគ្មានការដាក់ទោសជាដើម។
ញត្តិនេះអះអាងថា ក្រុមហ៊ុនរថយន្តក្រុងសូរិយាមិនមានឆន្ទៈពេញលេញក្នុងការចរចាជាមួយអ្នកបើកបរទេ ហើយបានចាប់ផ្តើមយាយីបុគ្គលិកដែលនៅសេសសល់កុំឲ្យធ្វើការទាមទារ។
ញត្តិដដែលនេះលើកឡើងថា “ក្រុមហ៊ុននៅតែដាក់សម្ពាធបុគ្គលិកដដែល។ ដើម្បីកសាងទំនាក់ទំនងល្អឡើងវិញរវាងបុគ្គលិកនិងនិយោជក យើងផ្ទេរកិច្ចការឲ្យលោករដ្ឋមន្ត្រីដោះស្រាយបញ្ហានេះ”។
លោក យឹម គុយបា អ្នកបើកបររថយន្តក្រុងម្នាក់ក្នុងចំណោមអ្នកបើកបរដែលត្រូវបានបណ្តេញចេញបានបញ្ជាក់ថា សិទ្ធិបង្កើតសហជីពគឺសំខាន់ណាស់។លោកបាននិយាយថា “ យើងនឹងមិនបោះបង់ការបង្កើតសហជីពទេ បើទោះជាក្រុមហ៊ុនអនុញ្ញាតឲ្យយើងត្រឡប់ចូលធ្វើការវិញក៏ដោយ”៕សារុន