38 C
Phnom Penh

នគរបាល​​ចាប់​កុង​តឺន័រ​បីគ្រឿង​​ដឹក​ឈើ​ប្រណីត​​ឆ្ពោះ​ទៅ​កំពង់​ផែ​​ក្រុង​ព្រះ​សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយថា កាលពី​យប់​ថ្ងៃ​​​ច័ន្ទ​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​បាន​ឃាត់​កុង​តឺន័រ​បីគ្រឿងបើក​បរ​តាម​​​ផ្លូវ​ជាតិ​​លេខ​៤ឆ្ពោះ​ទៅ​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​​ដោយ​រឹប​អូស​​បាន​ឈើ​ប្រណីត​ខុស​ច្បាប់​ជាង​១០០ដុំ។

លោក ញ៉ែម សៅ នាយនគរបាល​សេដ្ឋ​កិច្្ចខេត្តបានមាន​ប្រសាសន៍ថា មន្ត្រី​របស់​លោក​និង​នគរបាល​មក​ពីក្រុង​ច្បារ​មន​បាន​ឃាត់​រថយន្ត​កុងតឺន័រ​ទាំង​នេះ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​រួមគ្នា​ដោយមាន​ការ​ចូលរួមពី​មន្ទីរ​រុក្ខា​ប្រមាញ់ខេត្ត​​ និង​ព្រះ​រាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត។

លោក ញ៉ែម សៅ​ បាន​មាន​ប្រសា​សន៍ថា “នេះគឺ​ជា​ករណី​របស់មន្ត្រី​រុក្ខា​ប្រមាញ់ និង​លោកព្រះរាជអាជ្ញារង​ ទី​​​ ម៉ានីន។ មន្ត្រី​របស់ ខ្ញុំ​គ្រាន់តែសហការ​ក្នុង​ករណីនេះ​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ខ្ញុំមិន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​​​អត្ថាធិប្បាយ​បន្ថែម​ឡើយ”​។

លោក អ៊ូច ហ៊ាង អធិការ​នគរបាល​ក្រុង​ច្បារ​​មន​បាន​អះ​អាង​ថា នគរបាល​រឹប​អូស​បាន​ឈើ​ខុស​ច្បាប់​ពី​កុង​ត​ឺន័រ​បីគ្រឿង​មែន ប៉ុន្តែ​លោក​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ ​បន្ថែម​​​ដែរ​។

ក្រុមមន្ត្រី​រុក្ខាប្រមាញ់​ខេត្ត​កំពង់​ស្ពឺ​មិន​អាច​ទាក់​ទង​បានទេ ប៉ុន្តែ​​បើ​តាម​មន្ត្រី​នគរ​បាល​ខេត្ត​ម្នាក់​ដែលសុំមិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ភាព​រសើប​នៃ​ករណី​នេះបាន​​ឲ្យ​ដឹង​ថា មាន​ការ​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ ហើយ​ឥឡូវនេះ​ជន​សង្ស័យទាំងនេះ​​កំពុង​ត្រូវ​ឃុំ ខ្លួន​នៅ​ការិ​យា​ល័យ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។

លោក​បាន​មាន​ប្រសាសន៍ថា ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​តាម​បញ្ជារបស់លោក ឆេង គឹមស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ។ គេ​មិន​អាច​ទាក់​ទង​លោក ឆេង គឹម​ស៊ុន បាន​ទេ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស