32 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​រក្សាលំនឹង​ឥទ្ធិពល​បរទេស​ក្នុងយុទ្ធនាការ​ក្រោយ​ភាពជាប់គាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុខមាត់​លើឆាកអន្តរជាតិ​បង្ហាញកាន់តែ​ច្រើន​របស់​គណបក្សសង្គ្រោះជាតិ​ គិតតាំង​ពី​ពេល​បោះឆ្នោត​ដ៏ចម្រូងចម្រាស​កាលពីឆ្នាំ​មុន​ ​បាន​ជំរុញ​ឲ្យ​មាន​បញ្ហាប្រឈម​ថ្មីមួយគឺ​​ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​បរទេស​ជាមួយ ​ប្រទេស​ជាច្រើន​។

យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​បញ្ជាក់ពីភា​ព​មិន​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជា​ជន​​បាន​ផ្ដល់​នូវ​មុខ​មាត់​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ​កន្លង​មក​នេះ​ ដោយសារ​លោក សម រង្ស៊ី មេដឹកនាំ​គណ​​​បក្ស​នេះ​ និង​លោក​ កឹម សុខា អនុ​ប្រធាន​គណ​បក្ស​បាន​បង្ហាញ​មុខ​ក្នុង​ដំណើ​រ​ទស្សនកិច្ច​ការ​ទូត​ក្រៅ​ប្រទេស​ជាញឹក​ញាប់​។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពីខែ​ធ្នូ ធ្វើ​ឡើង​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ការ​បរទេស​នៃ​សភាសហ​រដ្ឋអាមេរិក​នៅ​ទីក្រុង​ឡូស​អែ៊ន​ជឺឡេស លោក កឹម សុខា អនុ​ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​សហ​រដ្ឋ​អាមេរិក ជា​អ្នក​បំភ្លឺ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​​។ លោក សុខា ​លើក​ឡើង​ថា លោក​ទទួល​បាន​​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អាមេ​រិក​​អស់​រយៈ​ពេល​ជាង​ប្រាំ​ឆ្នាំ​មក​ហើយ​ក្នុង​កិច្ច​ការ​លើក​កម្ពស់​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។

នៅ​ខែ​បន្ទាប់​ លោក សម រង្ស៊ី បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍​ចិន​មួយ​ថា គណបក្ស​ប្រឆាំង​​​មិន​ដែល​ទទួល​បាន​ប្រាក់​សូម្បីតែ​មួយ​ដុល្លារ​ពី​ប្រទេ​សមហាអំណាច​នៅ​លោក​ខាង​លិច​ ហើយ​​គណបក្ស​ប្រឆាំង​គាំទ្រ​ការ​ទាម​ទារ​ទឹក​ដី​របស់​ចិន​ ដោយ​​ប្រឆាំង​នឹង​ប្រទេស​វៀត​ណាម នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។

លោក សម រង្ស៊ី បាន​ប្រាប់​ទូរទស្សន៍​ Phoe-nix ថា “ចំណុច​នេះ​បង្ហាញ​ថា យើង​មាន​គំនិត​​​មិន​ស្រប​ជាមួយ​អាមេរិក​ទេ​ ព្រោះ​អាមេរិក​​គាំទ្រ​វៀត​ណាម។ គណបក្ស​សង្គ្រោះ​​​ជាតិ​​​ឈរ​ខាង​ចិន”​។

លើស​ពីនេះទៀត​ លោក សុខា បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មន្ត្រី​ក្រសួង​ការ​ពារ​​ជាតិ​អាមេរិក​នៅ​រដ្ឋធានីវ៉ាស៊ីន​តោន កាលពី​សប្ដាហ៍​មុន ហើយ​បាន​លើក​ឡើង​ថា លោក​កំពុង​ត្រូវ​ការ​ជំនួយ​យោធា​អាមេរិក​សម្រាប់​ប្រឆាំង​គណបក្ស​ប្រជា​ជន​កម្ពុជា​ បន្ទាប់ពី​ការ​​​បោះ​ឆ្នោត​លើក​ក្រោយ​ ដែល​លោក​លើក​ឡើង​​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ពិត​ជា​ឈ្នះ​។

លោក ខាល ថាយ័រ (Carl Thayer) អ្នក​ជំនាញ​​​ការ​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​នៅ​សាលា​​​កង​កម្លាំង​កា​រ​ពារ​អូស្ត្រាលី​ នៅ​ទីក្រុង​កង់​បេរ៉ា បាន​លើក​ឡើង​ថា ឱកាស​និយម​ផ្នែក​នយោ​បាយ​​របស់​គណបក្ស​ប្រឆាំង​ ជា​ទូទៅ​កំពុង​ត្រូវ​​​បាន​​បង្ហាញ​​អំឡុង​ការ​បង្ហាញ​ខ្លួន​កាន់​តែ​ច្រើន​​​របស់​គណបក្ស​នេះ​តាំង​ពី​ពេល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​​ក្នុង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​កាលពីខែ​កក្កដា។

លោក​បាន​មាន​ប្រសាសន៍​ថា “លោក សម រង្ស៊ី តែង​តែ​បង្ហាញ​ខ្លួន​ក្នុង​សហគមន៍​អន្តរ​ជាតិ​។ នេះគឺ​ជា​សេចក្ដី​អង់​អាច​របស់​គាត់​ក្នុង​​​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ កាលពីមុន​គាត់​បាន​ធ្វើ​ដំណើរ​ទៅកាន់​សហភាព​អឺរ៉ុប​ និង​អង្គការ​សហ​ប្រជា​ជាតិ​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​គាត់​ ហើយ​មិន​មាន​ដែន​កំណត់​ទេ​។

គាត់​គឺ​ជា​អ្នក​ឆ្លៀត​ឱកាស​និយម​ផ្នែក​នយោ​បាយ​ដល់​កំពូល​មួយ​រូប​ ហើយ​បច្ចុប្បន្ន​នេះ​ឃើញ​ថា ប្រទេស​ចិន​ពិត​ជា​មាន​សារៈ​សំខាន់​​ណាស់​ចំពោះ​របប​លោក ហ៊ុន សែន​ ហើយ​គាត់​កំពុង​ធ្វើ​សកម្ម​ភាព​បែប​នេះ”​។

លោក ថាយ័រ បាន​កត់​សម្គាល់ថា ការ​ប៉ុន​ប៉ង​របស់​លោក សម រង្ស៊ី ក្នុង​ការ​បញ្ចុះបញ្ចូល​​​ប្រទេស​ចិន​មាន​ផល​ប៉ះពាល់​ខ្លះ​ៗ​ដែរ​ ជា​ហេតុ​​នាំ​ឲ្យ​មាន​សេចក្ដីរាយការណ៍​មួយ​ដែល​រិះ​គន់​​លោក ហ៊ុន សែន នៅ​ក្នុង​អត្ថបទ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋចិន​ស៊ីន​ហួ នៅ​ពេល​សកម្ម​ភាព​​​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​រាជ​ធានីភ្នំពេញកាលពីឆ្នាំមុន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ក៏ប៉ុន្តែ​មាន​​​រឿង​កើត​ឡើង​មួយ​ៗ​ដែរ​ ពោលគឺ​ប្រទេស​ចិន​​​មិន​កំពុង​ចា​ក​ចេញ​ឆ្ងាយពី​គណបក្ស​ប្រជា​ជន​។ ពួកគេ​ធ្វើការ​ជាមួយ​អ្នក​ណាដែល​បង្ហាញ​មុខ​ ហើយ​​ប្រសាសន៍​របស់​លោក សម រង្ស៊ី អាច​ជា​តន្ត្រី​សម្រាប់​ប្រទេស​ចិន​ស្ដាប់”​។

លោក ធន សារាយ ប្រធាន​គណៈកម្មាធិ​​ការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និ​ង​យុត្តិ​ធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ពិត​ជាមាន​ភាព​ច្បាស់​លាស់​ចំពោះការ​គ្រប់​គ្រង​រដ្ឋាភិបាល​ គណ​បក្ស​នេះ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ចំពោះ​ការ​បង្កើត​សម្ព័ន្ធ​ភាព​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​។

លោក​បាន​មាន​ប្រសាសន៍​ថា​ “មេដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​រៀ​ប​ចំ​កិច្ច​ពិភាក្សា​​​ក្នុង​ក្រុម​របស់ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ជាង​មុន​អំពី​ទំនាក់ទំនង​របស់​ពួកគេ​នៅ​ក្រៅ​ប្រទេស​។ ខ្ញុំ​ដឹង​ថា ​ពួកគេ​ចង់​មាន​ការ​គាំទ្រ​ជា​ច្រើន​ប្រកប​​​ដោយ​សីលធម៌​​ពី​ប្រទេស​មហាអំណាច​ ប៉ុន្តែ​យើងគឺ​​ជា​ប្រទេស​តូច​មួយ។​

យើង​មិន​អាច​សម្រេច​​​បាន​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​​​មហាអំណាច​ពីរ​ ឬបី​នៅ​ក្នុង​ពេល​តែ​មួយ​បាន​ទេ”។លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ប្រសិន​បើ​អ្នក​ធ្វើ​ឲ្យ​អាមេរិក​សប្បាយ​ចិត្ត​ អ្នក​នឹង​ធ្វើ​ឲ្យ​​ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​។ នេះ​ហើយ​គឺ​ជា​បញ្ហា”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បា​ន​លើក​ឡើង​ថា កិច្ច​ខិត​ខំប្រឹង​ប្រែង​​​របស់​រដ្ឋាភិបាល​កម្ពុជា​មុន​ៗ​​ក្នុង​ការ​រក្សា​អំណាច​​​តាម​រយៈ​សម្ព័ន្ធ​ភាព​ជាមួយនឹង​ប្រទេស​មហា​​អំណាច​គួរ​តែ​​បញ្ជាក់​ច្បាស់​ពីចំណុច​ល្អ។​ លោក​មាន​ប្រសាសន៍​ថា “អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ គឺ​ការ​ភូត​អ្នក​គាំទ្រ​របស់​ពួក​គេ​​។ ពួក​គេ​កំពុង​លក់​អធិបតេយ្យ​ភាព​របស់​យើង​យ៉ាង​​​ច្រើន​​។ ខ្ញុំ​ចង់​មាន​ន័យ​ថា អធិបតេយ្យ​ភាព​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯក​រាជ្យ​។ ពួកគេ​ធ្វើ​បែ​ប​នេះ​​ដើម្បីការ​គាំទ្រ​ ដូច​នៅ​ក្នុង​​​របប​ លន់ នល់”។

លោក សម រង្ស៊ី បាន​ច្រាន​ចោល​មតិ​រិះ​គន់​របៀ​ប​ការ​ទូត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បាន​លើក​ឡើង​ថា “ទាក់​ទង​នឹង​​​នយោ បាយ​ក្នុង​ប្រទេស​…​យើង​នឹង​បន្ត​ស្វែង​រក​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក ព្រោះ​យើង​ចែក​រំលែក​គុណ​តម្លៃ​ដូច​គ្នា”​។ លោក​បាន​​​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ន័​យ​ការ​ពារ​ប្រសា​សន៍​របស់​លោក​​​នៅទូរទស្សន៍ចិន​។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្នុង​​​ពេល​ដែល​​មនោគមន៍​វិជ្ជា​​ក្លាយ​ជា​រឿង​ទី២​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ​ ហើយ​​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក និង​​​ប្រទេស​វៀត​ណាម​កំពុង​តឹង​តែង​ ​កម្ពុជា​​​ត្រូវ​តែ​រក្សា​​សម្ព័ន្ធ​ភាព​ដែល​ប្រឆាំង​នឹង​ប្រទេស​​វៀត​ណាម​។​ លោក​បានមាន​ប្រសាសន៍​ថា “ហើយ​នៅ​​​ពេល​​ត្រូវ​ធានា​ថា ​កម្ពុជា​ដែល​ជា​ប្រ​ជា​ជាតិ​ឯក​រាជ្យមួយ​​មាន​លំនឹង​ មាន​ការ​លើក​ឡើង​ជា​យូរ​មក​ហើយ​ថា សត្រូវ​របស់​សត្រូវ​ខ្ញុំ​គឺ​មិត្ត​ភក្ដិ​របស់​ខ្ញុំ”​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស