34 C
Phnom Penh

តុលាការ​​​សម្រេច​​​ព្យួរ​​​ទោស​​​មួយ​​​ឆ្នាំ​​​លើ​​​​​​ជនជាតិ​​​ចិន​​​ដែល​​​បើក​​​បរ​​​រថយន្ត​​​បុក​​​កម្មករ​​​ប្រមូល​​​សំរាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​សម្រេច​​​​​​​​​​​ព្យួរ​​​ទោសមួយ​​​ឆ្នាំ​​​​​​​​​លើ​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​វ័យ​​​៣១​​​ឆ្នាំ​​​ម្នាក់​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​២​​​លាន​​​រៀល​​​ ឬ​​​ប្រហែល​​​៥០០​​​ដុល្លារ​​​ ពីរ​​​ថ្ងៃ​​​បន្ទាប់ពី​​​​​​បុរស​​​រូប​​​នេះ​​​​​​​​​បាន​​​បើក​​​រថយន្ត​​​ស៊េរី​​​ទំនើប​​​របស់​​​ខ្លួន​​​បុក​​​រថយន្ត​​​ប្រមូល​​​​​​សំរាមមួយ​​​គ្រឿងបណ្ដាល​​​ឲ្យ​​​​​​កម្មករ​​​ប្រមូល​​​​​​សំរាម​​​វ័យ​​​ក្មេង​​​ម្នាក់​​​រង​​​របួស​​​ជា​​​ទម្ងន់​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​មន្ត្រី​​​តុលាការ​​​និង​​​នគរបាល​​​។

ជន​​​រងគ្រោះ​​​ឈ្មោះ​​​ យិន​​​ រាជ​​​ អាយុ​​​១៩​​​ឆ្នាំ​​បាន​​​រង​​​របួស​​​ជើង​​​ ក្រលៀន និង​​​តម្រង​​​នោម​​​ ហើយ​​​ពេល​​​នេះ​​​​កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ង​​​រ​​ បន្ទាប់ពី​​​​​​បុរស​​​ជនជាតិ​​​ចិន​​​ឈ្មោះ​​​ ធាន់​​​ ថាវ​​​ (Tuan Tao) បាន​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន​​​បុក​​​​​​ យិន រាជ ផ្ទប់​​​នឹង​​​រថយន្ត​​​ប្រមូល​​​សំរាម​​​កាល​​​ពីវេលា​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​។ សាក្សី​​រាយការណ៍​​​ថា បុរស​​​ជន​​​ជាតិ​​​​​​ចិន​​​រូប​​​នេះ​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​មាន​​​ស្លាកលេខ​​​​​​ខេម​​រភូមិន្ទ​​​។

ក្រឡា​​​បញ្ជី​​​ ថេង រ៉ាមី របស់​​​​​​ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​ សឺុ វណ្ណនី អម​​​សាលា​​​ដំបូង​​​រាជធានី​​​បាន​​​បញ្ជាក់​​​ថា បុរ​​​ស​​​ជន​​​ជាតិ​​​ចិន​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ជំនុំ​​​ជម្រះ​​​​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​​​​ទេ​​​។

លោក​​​ សេង ចាន់​​​ថន អនុប្រធាន​​​​​​ផ្នែក​​​បទល្មើស​​​ចរាចរណ៍​​​នៃ​​​ការិយាល័យ​​​​​​នគរ​​​បាល​​​ចរាចរណ៍​​​រាជធានីភ្នំពេញ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក​​​ ទិន វ៉ាន់​​​ស៊ី ជា​​​មន្ត្រី​​​ចរាចរ​​​ដែល​​​បាន​​​នាំ​​​ខ្លួន​​​ជន​​​សង្ស័យ​​​ឡើ​​​ង​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​ ទិន​​​ វ៉ាន់ស៊ី និយាយ​​​ថា “តុលាការ​​​ចោទ​​​ប្រកាន់​​​គាត់​​​​​​តាម​​​មាត្រា​​​៨០​​​​​​នៃ​​​ច្បាប់​​​ស្ដីពី​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ ហើយ​​​សម្រេច​​​ទោស​​​​​​ព្យួរ​​​មួយ​​​ឆ្នាំ​​​ ហើយ​​​ពិន័យ​​​ជា​​​ប្រាក់​​​២លាន​​​រៀល​​​”។​​​ មាត្រា៨០ សំដៅ​​​ដល់​​​​​​ការ​​​បង្ក​​​របួស​​​​​​ស្នាម​​​ ឬ​​​ពិការ​​​ភាព​​​​​​​​​ ខណៈពេល​​​បើក​​​បរ​​​ក្រោម​​​​​​ឥទ្ធិពល​​​ជាតិ​​​​​​ស្រវឹង​​​។

លោក ទិន វ៉ាន់ស៊ី បាន​​​ឲ្យ​​​ដឹង​​​ថា បច្ចុប្បន្ន​​​រថយន្ត​​​តូយ៉ូតា​​​ ឡង់​​​គ្រី​​​ស័រ របស់​​​ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​នៅ​​​​​​ការិយាល័យ​​​នគរបាល​​​ចរាចរណ៍​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា រថយន្ត​​​នេះ​​​មាន​​​ពាក់​​​ស្លាកលេខ​​​​​​ខេមរភូមិន្ទ​​​។ “យើង​​​មិន​​​ដឹង​​​​​​ថា ហេតុ​​​អ្វី​​​បាន​​​​​​ជា​​​គាត់​​​បើក​​​បរ​​​​​​រថយន្ត​​​ខេមរភូមិន្ទ​​​ទេ​​​​​​”។ ក្រសួង​​​​​​ការពារ​​​ជាតិ​​​មិន​​​អាច​​​ទាក់ទង​​​​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។ ស្ថានទូត​​​ចិន​​​ប្រចាំ​​​កម្ពុជា​​​និយាយ​​​ថា ខ្លួន​​​មិន​​​បាន​​​ដឹង​​​​​​ពី​​​ករណី​​​​​​របស់​​​បុរស​​​​​​ឈ្មោះ​​​ ធាន់ ថាវ នេះ​​​ទេ។

ជន​​​រងគ្រោះ​​​​​​បាន​​​បើក​​​ភ្នែក​​​​​​ជា​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​ជួប​​​គ្រោះ​​​ថ្នាក់​​​កាល​​​ពីម្សិលមិញ​​​មក​​​ ប៉ុន្តែ​​​​​​កម្រើក​​​​​​មិន​​​រួច​​​និយាយ​​​មិន​​​បាន​​​ ហើយ​​​ទំនង​​​ជា​​​មិន​​​អាច​​​ដើរ​​​​​​បាន​​​វិញ​​​ឡើយ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​បង​​​ប្រុស​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ​​​ យិន​​​ រ៉ន​​​ ដែល​​​បាន​​​បង្វែរ​​​សំណួរ​​​​​​បន្ថែម​​​ទៀត​​​ទៅ​​​ឪពុក​​​មា​​​របស់​​​ខ្លួន​​​​​​​​​។

ឪពុក​​​មាដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​និយាយ​​​ថា គ្រួសារ​​​​​​ជន​​​រងគ្រោះ​​​បាន​​​យល់​​​ព្រម​​​ទទួល​​​យក​​​សំណង​​​​​ជាមួយ​​​តំណាង​​​​​​ជន​​​សង្ស័យ​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​ទេ។​ គាត់​​​និយាយ​​​ថា “យើង​​​​​​បាន​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​ជា​​​មួយ​​​គ្នា​​​ហើយ​​​​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ចង់​​​និយាយ​​​អ្វី​​​ទៀត​​​ទេ​​​ពាក់ព័ន្ធ​​​រឿង​​​នេះ​​​”។

លោក​​​ សុក សំអឿន នាយក​​​ប្រតិបត្តិ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការពារ​​​សិទ្ធិ​​​កម្ពុជា​​​ ដែល​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាលផ្ដល់​​​​​​​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​បាន​​​ថ្លែង​​​ថា ​ នេះ​​​គឺ​​​ជា​​​លើក​​​ដំបូង​​​ហើយ​​​​​​ដែល​​​លោក​​​​​​មើល​​​ឃើញ​​​ករណី​​​បែប​​​នេះ​​​​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​​​​យ៉ាង​​​ឆាប់​​​រហ័ស​​​តាម​​​ប្រព័ន្ធ​​​តុលាការ​​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ជាមួយ​​​នឹង​​​​​​បទ​​​ល្មើស​​​​​​ជាក់​​​ស្ដែង​​​​​​ដែល​​​មាន​​​ភ័ស្ដុតាង​​​​​​គ្រប់គ្រាន់​​​ ព្រះរាជ​​​អាជ្ញា​​​អាច​​​កាត់​​​ទោស​​​​​​​​​ជន​​​សង្ស័យ​​​បាន​​​ភ្លាមៗ ច្បាប់​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​បែប​​​នេះ​​​​​​ ប្រសិន​​​បើ​​​ជន​​​សង្ស័យ​​​សារ​​​ភាព​​​​​​ ប៉ុន្តែ​​​នេះ​​​គឺ​​​ជា​​​លើក​​​ដំបូង​​​ហើយ​​​ដែល​​​ខ្ញុំ​​​បាន​​​មើល​​​ឃើញ​​​បែប​​​នេះ​​​”។

លោក​​​ ប្រាក់​​​ សុខា​​​ តំណាង​​​ក្រុមហ៊ុន​​​ប្រមូល​​សំរាម​​​ ស៊ីនទ្រី បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ជំនុំ​​​ជម្រះ​​​​​​នឹង​​​ការ​​​សម្រេច​​​ទោស​​​ព្យួរ​​​ភ្លាម​​​ៗ​​​បែប​​​នេះ​​​ គឺ​​​ជា​​​រឿង​​​អយុត្តិធម៌​​​សម្រាប់​​​កម្មករ​​​ក្រីក្រ។ លោក​​​លើក​​​ឡើ​​​ងថា “រាល់​​​ពេល​​​អ្នក​​​បើក​​​បរ​​​របស់​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​បង្ក​​​គ្រោះថ្នាក់​​​និង​​​បង្ក​​​របួស​​​ស្នាម​​​ អ្នក​​​បើក​​​បរ​​​នោះ​​​ត្រូវ​​​ជាប់​​​ឃុំ​​​​​​បណ្ដោះ​​​អាសន្ន​​​រាប់​​​ខែ​​​រង់ចាំ​​​សវនាការ​​​​​​ ហើយ​​​តែងតែ​​​ចូល​​​ពន្ធនាគារ​​​”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស