31 C
Phnom Penh

ការ​​​តវ៉ា​ដាច់​​​ដោយ​​​ឡែក ​ធ្វើ​​​ឡើង​​​ក្រោយ​​​ពី​​​កូដ​​​កម្មរោង​​​ចក្រ​​​កាត់​​​ដេរ​​​បាន​​​ខក​​​ខាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលមួយថ្ងៃបន្ទាប់ពីក្រុុមមេដឹកនាំ​សហជីពបានទទួល​ស្គាល់ថា កូដកម្មស្នាក់​នៅ​ផ្ទះ​នៅទូទាំងប្រទេស​ក្នុង​វិស័យកាត់ដេរ​​បាន​ខកខាន កូដកម្មថ្មីៗ​​​បានរីករាល ដាល​​យ៉ាង​រហ័ស​​​នៅក្នុងខេត្តស្វាយ​រៀង កណ្តាល និង​​ខេត្តកំពង់ស្ពឺ ​​ដោយ​កម្មករ​ កម្មការិនី​​​អះអាង​ថា ថៅកែរោងចក្រ​មិនរក្សា​ពាក្យសន្យា​ក្នុង​កិច្ច​ព្រម​ព្រៀងសម្រាប់​​ថ្ងៃឈប់​សម្រាក​ពេល​​​បុណ្យ​ចូលឆ្នាំខ្មែរ។

យោងតាមក្រុមមេដឹកនាំសហជីពបាន​ឲ្យដឹងថា កម្មករ កម្មការិនីដែលធ្វើកូដកម្ម​បានឡើង​ដល់​១០.០០០នាក់​​ នៅតំបន់​សេដ្ឋ​កិច្ច​ពិសេស​​ក្រុងបាវិត ខេត្តស្វាយ​រៀង ខណៈ​​​​ដែល​កម្មករ កម្មការិនី​រាប់រយនាក់​មិនព្រម​ទៅធ្វើការ​ក្នុងខេត្ត​កណ្តាល​​ និងកំពង់ស្ពឺ។

លោក ប៉ាវ ស៊ីណា ប្រធានសហ​ព័ន្ធ​សហ​ជីព​ចលនាកម្មករ​មានប្រសាសន៍ថា​ “កម្មករ​​កម្មការិនី​កំពុងធ្វើកូដកម្មនៅឡើយ​​​នៅ​ស្វាយ​​រៀង ​ព្រោះ​​​អាជ្ញាធរមិនបាន​ប្រឹង​​ប្រែង​ដោះ​​​ស្រាយ​បញ្ហាទេ”។

កូដកម្មនៅក្នុងតំបន់​សេដ្ឋកិច្ចពិសេស​បាន​ចាប់ផ្តើម ​នៅពេល​​​ថៅកែ​រោងចក្រ​បាន​ប្រកាស​ថា កម្មករដែល​មិនបាន​ត្រឡប់មក​ធ្វើ​ការវិញ បន្ទាប់ពី​​បុណ្យចូលឆ្នាំ​ខ្មែរ ចាប់ពី​​ថ្ងៃទី​១៤ ខែមេសា​ដល់ថ្ងៃទី១៦ខែ​មេសា នឹង​​​ត្រូវកាត់លុយ​​ដោយសារ​អវត្តមាន​​​​របស់​ពួកគេ។ សហជីពបាន​​អំពាវនាវ​ឲ្យ​ធ្វើកូដកម្ម​ស្នាក់នៅ​​ផ្ទះ​​ចាប់​ផ្តើម​​​នៅថ្ងៃ​​ទី​១៧ខែមេសា។

លោក ស៊ីណា មានប្រសាសន៍ថា “អាជ្ញា​ធរ​គ្រាន់តែគំរាមសកម្មជនប៉ុណ្ណោះ”។ លោក​បាន​បន្ថែមថា សមាជិកសហជីព​​​បានទទួលការ​​​​ចុះ​​ដល់​​​របស់នគរបាល​ ដោយ​ព្រមាន​ពួកគេ​មិនឲ្យចូល​​រួម​ក្នុងកូដកម្មប្រឆាំង​ បើ​មិន​ដូច្នេះ​ទេ​​ពួកគេត្រូវប្រឈមនឹង​បញ្ហា​​”។

នៅរោងចក្រ Unity Fashion Garment and Knitting Factory នៅក្នុង ស្រុក ពញាឮ ខេត្ត​កណ្តាល កម្មករ​​អះអាងថា ពួកគេ​ធ្វើការ​បន្ថែម​​ម៉ោង​មុនចូលឆ្នាំខ្មែរ ​​ដោយមានការ​សន្យា​​ពី​ថៅកែរោងចក្រ​ថា ពួកគេ​​​អាច​ពន្យារ​​ថ្ងៃ​ឈប់​សម្រាក​​​របស់ខ្លួន​​រហូត​ដល់​ថ្ងៃ១៧​ ខែមេសា។

ឈ្មោះ វុយ អុីឌី កម្មការិនីអាយុ​២០ឆ្នាំ​​នៅ​រោងចក្រ​ Unity បានឲ្យដឹងថា កម្មករ រវាង​៤០០នាក់​​ទៅ​៥០០នាក់​បានធ្វើកូដកម្ម ចាប់​តាំងពីថ្ងៃសុក្រ នៅពេល​ពួកគេ​ត្រូវបា​នគេ​ប្រាប់ថា ពួកគេនឹងមិនត្រូវបានបើកប្រាក់ឲ្យសម្រាប់​​ថ្ងៃ​​ទី១៧ ខែមេសាទេ​។ ​ពួកគេ​​អះ​អាង​ថា ​​​ខ្លួន​បានធ្វើការ​បន្ថែមម៉ោង​រយៈ​ពេល​​ពីរ​ម៉ោង​​កាលពីថ្ងៃ​​ទី​១០និងថ្ងៃទី១១ ខែ​មេសា​​ជាថ្នូរសម្រាប់ថ្ងៃបន្ថែម។

កញ្ញា អុីឌី បាន​ឲ្យដឹងថា “យើងបាន​សុំឲ្យ​រោងចក្រកុំកាត់​ប្រាក់ខែ​សម្រាប់​ថ្ងៃ​​ទី១៧​ខែ​មេសា ហើយយើងបា​នទាមទារ​ប្រាក់​១២​ដុល្លារ​សម្រាប់​​អាហារថ្ងៃត្រង់​ និងប្រាក់​ចំណាយ​សម្រាប់​ការធ្វើដំណើរ”។ នាងបាន​​បន្ថែមថា ​មន្ទីរការងារ​ខេត្តកណ្តាល​បាន​សន្យា​​​ដោះ​ស្រាយ​​​វិវាទនេះ​​នៅថ្ងៃនេះ។

នៅរោងចក្រ​ Victco Hand Bag ក្នុងស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ កម្មករ កម្មការិនី ឲ្យ​ដឹងថា នៅពេលទៅធ្វើការ​កាលពីថ្ងៃសុក្រ​ ​ពួកគេត្រូវបា​នអ្នកគ្រប់គ្រង​រោងចក្រ​ប្រាប់​ថាឲ្យទៅ​ផ្ទះ​ ​ពីព្រោះ​គ្មាន​​​អ្នកលក់​​​អាហារ​​នៅក្បែររោងចក្រទេ។

កម្មការិនី មាស គន្ធា អាយុ​២៧​ឆ្នាំ​បាន​និយាយថា នៅពេល​បុគ្គលិក កម្មករ​​មក​ធ្វើ​ការ​កាលពីថ្ងៃ​សៅរ៍ ពួកគេត្រូ​វបាន​ប្រាប់​ថា ​នឹង​ត្រូវកាត់​ប្រាក់កន្លះ​ថ្ងៃ។

នាង គន្ធា បាន​និយាយថា “យើងតវ៉ា​ចំពោះរោងចក្រ​​នេះ ពីព្រោះ​យើងមិនចង់​ឲ្យ​ពួកគេ​កាត់ប្រាក់ខែយើង​។យើង​​​ក៏ទាម​ទារ​ប្រាក់ចំនួន​១៥ដុល្លារ​ផងដែរ​សម្រាប់​​អាហារ​រាល់ខែ ​និង​៥០ដុល្លារ​សម្រាប់​​ការ​ធ្វើដំណើរ​”។

អ្នកស្រី អ៊ុំ ​ណាវី ប្រធាន​រដ្ឋបាល​នៅ​រោង​​​​​​ចក្រ Victco ​​មានប្រសាសន៍ថា រោង​​ចក្រ​បាន​យល់​​ព្រម​បើកប្រាក់​ឲ្យកម្មករ កម្មការិនី​សម្រាប់​ល្ងាច​​​​ថ្ងៃសុក្រ។ អ្នកស្រី​ក៏​បាន​ឲ្យដឹង​ទៀតថា សមាជិកកម្មករ កម្មការិនី​​ប្រមាណ​៥០០​នាក់​ចំណោមកម្មករ -កម្មការិនី​ចំនួន​១.៣០០នាក់​នៅរោងចក្រនេះ​​កំពុង​បន្ត​​ទាម​​ទារ​ឲ្យ​មានការ​ដំឡើងប្រាក់ខែ​​ថែម​​ទៀត​ ​ដោយ​បន្តការ​តវ៉ា​សម្រាប់ការ​ចំណាយ​​​លើ​​ម្ហូប​​អាហារ​និងការ​ចំណាយលើ​ការ​ធ្វើ​ដំណើរ។​​

អ្នកស្រី ណាវី បាន​បន្ថែម​ថា “ពេល​​នេះ យើងអាចដោះស្រាយ​​បញ្ហា​​នេះ​បាន​ដោយ​បើកប្រាក់ឲ្យកម្មករ កម្មការិនី​សម្រាប់​រសៀល​​ថ្ងៃសុក្រ។ ប៉ុន្តែ​យើងនឹង​កាត់​ប្រាក់​ខែពួកគេ សម្រាប់ពេលណា​​ដែល​ពួកគេ​តវ៉ា។ នេះជា​បទបញ្ញត្តិ​​របស់​រោង​ចក្រ​៕ ​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស