រយៈពេលមួយថ្ងៃបន្ទាប់ពីក្រុុមមេដឹកនាំសហជីពបានទទួលស្គាល់ថា កូដកម្មស្នាក់នៅផ្ទះនៅទូទាំងប្រទេសក្នុងវិស័យកាត់ដេរបានខកខាន កូដកម្មថ្មីៗបានរីករាល ដាលយ៉ាងរហ័សនៅក្នុងខេត្តស្វាយរៀង កណ្តាល និងខេត្តកំពង់ស្ពឺ ដោយកម្មករ កម្មការិនីអះអាងថា ថៅកែរោងចក្រមិនរក្សាពាក្យសន្យាក្នុងកិច្ចព្រមព្រៀងសម្រាប់ថ្ងៃឈប់សម្រាកពេលបុណ្យចូលឆ្នាំខ្មែរ។
យោងតាមក្រុមមេដឹកនាំសហជីពបានឲ្យដឹងថា កម្មករ កម្មការិនីដែលធ្វើកូដកម្មបានឡើងដល់១០.០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលកម្មករ កម្មការិនីរាប់រយនាក់មិនព្រមទៅធ្វើការក្នុងខេត្តកណ្តាល និងកំពង់ស្ពឺ។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករមានប្រសាសន៍ថា “កម្មករកម្មការិនីកំពុងធ្វើកូដកម្មនៅឡើយនៅស្វាយរៀង ព្រោះអាជ្ញាធរមិនបានប្រឹងប្រែងដោះស្រាយបញ្ហាទេ”។
កូដកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានចាប់ផ្តើម នៅពេលថៅកែរោងចក្របានប្រកាសថា កម្មករដែលមិនបានត្រឡប់មកធ្វើការវិញ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ខែមេសាដល់ថ្ងៃទី១៦ខែមេសា នឹងត្រូវកាត់លុយដោយសារអវត្តមានរបស់ពួកគេ។ សហជីពបានអំពាវនាវឲ្យធ្វើកូដកម្មស្នាក់នៅផ្ទះចាប់ផ្តើមនៅថ្ងៃទី១៧ខែមេសា។
លោក ស៊ីណា មានប្រសាសន៍ថា “អាជ្ញាធរគ្រាន់តែគំរាមសកម្មជនប៉ុណ្ណោះ”។ លោកបានបន្ថែមថា សមាជិកសហជីពបានទទួលការចុះដល់របស់នគរបាល ដោយព្រមានពួកគេមិនឲ្យចូលរួមក្នុងកូដកម្មប្រឆាំង បើមិនដូច្នេះទេពួកគេត្រូវប្រឈមនឹងបញ្ហា”។
នៅរោងចក្រ Unity Fashion Garment and Knitting Factory នៅក្នុង ស្រុក ពញាឮ ខេត្តកណ្តាល កម្មករអះអាងថា ពួកគេធ្វើការបន្ថែមម៉ោងមុនចូលឆ្នាំខ្មែរ ដោយមានការសន្យាពីថៅកែរោងចក្រថា ពួកគេអាចពន្យារថ្ងៃឈប់សម្រាករបស់ខ្លួនរហូតដល់ថ្ងៃ១៧ ខែមេសា។
ឈ្មោះ វុយ អុីឌី កម្មការិនីអាយុ២០ឆ្នាំនៅរោងចក្រ Unity បានឲ្យដឹងថា កម្មករ រវាង៤០០នាក់ទៅ៥០០នាក់បានធ្វើកូដកម្ម ចាប់តាំងពីថ្ងៃសុក្រ នៅពេលពួកគេត្រូវបានគេប្រាប់ថា ពួកគេនឹងមិនត្រូវបានបើកប្រាក់ឲ្យសម្រាប់ថ្ងៃទី១៧ ខែមេសាទេ។ ពួកគេអះអាងថា ខ្លួនបានធ្វើការបន្ថែមម៉ោងរយៈពេលពីរម៉ោងកាលពីថ្ងៃទី១០និងថ្ងៃទី១១ ខែមេសាជាថ្នូរសម្រាប់ថ្ងៃបន្ថែម។
កញ្ញា អុីឌី បានឲ្យដឹងថា “យើងបានសុំឲ្យរោងចក្រកុំកាត់ប្រាក់ខែសម្រាប់ថ្ងៃទី១៧ខែមេសា ហើយយើងបានទាមទារប្រាក់១២ដុល្លារសម្រាប់អាហារថ្ងៃត្រង់ និងប្រាក់ចំណាយសម្រាប់ការធ្វើដំណើរ”។ នាងបានបន្ថែមថា មន្ទីរការងារខេត្តកណ្តាលបានសន្យាដោះស្រាយវិវាទនេះនៅថ្ងៃនេះ។
នៅរោងចក្រ Victco Hand Bag ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្មករ កម្មការិនី ឲ្យដឹងថា នៅពេលទៅធ្វើការកាលពីថ្ងៃសុក្រ ពួកគេត្រូវបានអ្នកគ្រប់គ្រងរោងចក្រប្រាប់ថាឲ្យទៅផ្ទះ ពីព្រោះគ្មានអ្នកលក់អាហារនៅក្បែររោងចក្រទេ។
កម្មការិនី មាស គន្ធា អាយុ២៧ឆ្នាំបាននិយាយថា នៅពេលបុគ្គលិក កម្មករមកធ្វើការកាលពីថ្ងៃសៅរ៍ ពួកគេត្រូវបានប្រាប់ថា នឹងត្រូវកាត់ប្រាក់កន្លះថ្ងៃ។
នាង គន្ធា បាននិយាយថា “យើងតវ៉ាចំពោះរោងចក្រនេះ ពីព្រោះយើងមិនចង់ឲ្យពួកគេកាត់ប្រាក់ខែយើង។យើងក៏ទាមទារប្រាក់ចំនួន១៥ដុល្លារផងដែរសម្រាប់អាហាររាល់ខែ និង៥០ដុល្លារសម្រាប់ការធ្វើដំណើរ”។
អ្នកស្រី អ៊ុំ ណាវី ប្រធានរដ្ឋបាលនៅរោងចក្រ Victco មានប្រសាសន៍ថា រោងចក្របានយល់ព្រមបើកប្រាក់ឲ្យកម្មករ កម្មការិនីសម្រាប់ល្ងាចថ្ងៃសុក្រ។ អ្នកស្រីក៏បានឲ្យដឹងទៀតថា សមាជិកកម្មករ កម្មការិនីប្រមាណ៥០០នាក់ចំណោមកម្មករ -កម្មការិនីចំនួន១.៣០០នាក់នៅរោងចក្រនេះកំពុងបន្តទាមទារឲ្យមានការដំឡើងប្រាក់ខែថែមទៀត ដោយបន្តការតវ៉ាសម្រាប់ការចំណាយលើម្ហូបអាហារនិងការចំណាយលើការធ្វើដំណើរ។
អ្នកស្រី ណាវី បានបន្ថែមថា “ពេលនេះ យើងអាចដោះស្រាយបញ្ហានេះបានដោយបើកប្រាក់ឲ្យកម្មករ កម្មការិនីសម្រាប់រសៀលថ្ងៃសុក្រ។ ប៉ុន្តែយើងនឹងកាត់ប្រាក់ខែពួកគេ សម្រាប់ពេលណាដែលពួកគេតវ៉ា។ នេះជាបទបញ្ញត្តិរបស់រោងចក្រ៕ ប៊ុននី