33 C
Phnom Penh

រដ្ឋាភិបាល​​​នឹង​ប្តូរ​ទី​តាំង​​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរស៊ីវិលនៅ​ឆ្នាំក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​មន្ត្រី​អាកាស​ចរ​សីុវិល​បាន​បញ្ជាក់​​កាល​​ពីម្សិលមិញ​ថា រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរ​សីុវិល​បាន​ដោះដូរ​ទី​ស្នាក់​ការ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​តាម​មហា​វិថី​ព្រះ​នរោត្តម ហើយ​នឹង​ផ្លាស់​ទៅ​កាន់​ទី​កន្លែង​មួយ​ស្ថិត​នៅ​ជាប់​អាកាស​យាន​​ដ្ឋាន​អន្តរ​​ជាតិ​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយ​។

បុរស​​​ម្នាក់​​​ដើរ​​​កាត់​​​ការដ្ឋាន​​​សាងសង់​​​ទីស្នាក់ការ​​​លេខាធិការ​​​ដ្ឋានអាកាសចរ​​​សីុវិល នៅ​​​ជិត​​​អាកាសយានដ្ឋាន​​​អន្តរជាតិ​​​​​​ភ្នំពេញ​​​ស្ថិត​​​នៅតាម​​​មហាវិថី​​​សហព័ន្ធ​​​រុស្ស៊ី។ ទីស្នាក់ការថ្មី​​​នេះ​​​នឹង​​​សាង​​​សង់​​​រួច​​​រាល់​​​នៅឆ្នាំក្រោយ​​​។ សីុវ  ចាន់​ណា​
បុរស​​​ម្នាក់​​​ដើរ​​​កាត់​​​ការដ្ឋាន​​​សាងសង់​​​ទីស្នាក់ការ​​​លេខាធិការ​​​ដ្ឋានអាកាសចរ​​​សីុវិល នៅ​​​ជិត​​​អាកាសយានដ្ឋាន​​​អន្តរជាតិ​​​​​​ភ្នំពេញ​​​ស្ថិត​​​នៅតាម​​​មហាវិថី​​​សហព័ន្ធ​​​រុស្ស៊ី។ ទីស្នាក់ការថ្មី​​​នេះ​​​នឹង​​​សាង​​​សង់​​​រួច​​​រាល់​​​នៅឆ្នាំក្រោយ​​​។ សីុវ  ចាន់​ណា​

លោក​ សិុន ចាន់សេរីវុត្ថា អគ្គនាយក​រង​នៃ​រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរ​សីុ​វិល​​បាន​មាន​ប្រសាសន៍​ថា ការ​សាង​សង់​ទីស្នាក់​ការ​ថ្មី​ដែល​ចំណាយទឹក​ប្រាក់​​អស់​៣​លាន​ដុល្លារ​បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ឆ្នាំ​២០១៣ ហើយ​រំពឹង​ថា នឹង​រួច​រាល់​នៅ​ឆ្នាំ​ក្រោយ​​។

លោក​បានមាន​ប្រសាសន៍​ថា “យើង​នឹង​រើ​ពី​ទីតាំង​ចាស់​ទៅកាន់​ទីតាំង​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៥​។ ខ្ញុំ​​គិត​ថា វា​ជាការ​ល្អ​ក្នុង​ការ​ដោះ​ដូរ​ ព្រោះ​ទីតាំង​ចាស់​មាន​ទំហំ​តូចពេក ហើយ​​​មាន​កន្លែង​មិន​គ្រប់​គ្រាន់​សម្រាប់​បុគ្គលិក​បម្រើការ​នៅ​អាកាសចរ​សីុវិល​ដែល​​មាន​ជាង​៥០០នាក់​នេះ​ទេ​”។ លោក ចាន់​សេរីវុត្ថា មាន​ប្រសា​សន៍​ថា ការ​ផ្លាស់ប្តូរនេះ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះ​ដូរ​ដី​ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​​និយាយ​លម្អិត​ទេ​។

លោក​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​មួយ​ណា​ទទួល​បាន​កិច្ច​សន្យា​សាង​សង់​ទី​ស្នាក់​ការថ្មី និង​ក្រុម​ហ៊ុន​ណា​​កាន់​កាប់​អគារ​បច្ចុប្បន្ន​របស់​រដ្ឋ​លេខាធិការ​ដ្ឋាន​​ស្ថិត​នៅ​កណ្តាល​ក្រុ​ង​នេះទេ​។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​​ដឹង​ថា តើ​ក្រុម​ហ៊ុន​ណា​​នឹង​ទទួល​បាន​ទីតាំង​ចាស់​​​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកា​ស​ចរសីុវិល​នេះទេ ពីព្រោះ​នេះគឺ​ជា​ដោះ​ដូរ​ដីរបស់​រដ្ឋាភិបាល​”។

ទោះ​ជាយ៉ាង​ណា ​តាម​ប្លង់​ដែល​បាន​បិទ​នៅ​ខាង​ក្រៅ​ការ​ដ្ឋាន​សាង​សង់​អគារថ្មី​នេះ អគារ​ថ្មី​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​​​ហ៊ុន​ SOMA Group ជា​ក្រុម​ហ៊ុន​កាន់​កាប់​ដោយ​​​លោក សុខ ពុទ្ធី​វុធ កូន​​ប្រុស​របស់​លោក​ សុខ អាន រដ្ឋ​មន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ។

លោក ពុទ្ធីវុធ បាន​អះអាង​កាល​ពី​ម្សិល​មិញ​​ថា ក្រុម​ហ៊ុន​​លោក​ទទួល​បាន​​កិច្ច​សន្យា​សាង​សង់​ទីស្នាក់ការ​ថ្មី​នេះ​ ប៉ុន្តែបាន​បដិសេធ​​ថា ក្រុមហ៊ុន SOMA Group ​នឹង​មិន​កាន់​កាប់​អចល​នទ្រព្យ​ដ៏​សំខាន់​របស់​រដ្ឋ​លេខា​ធិការដ្ឋាន​ស្ថ​ិត​​​នៅ​តាម​​​មហា​វិថី​ព្រះ​នរោត្តម​​នេះ​ទេ​។ លោក​បានមាន​ប្រសាសន៍​ថា “ទេ​​ យើង​មិន​កាន់​កាប់​អចលនទ្រព្យ​នោះ​ទេ​។ យើង​គ្រាន់​តែ​សាង​សង់​ [អគារ​ថ្មី​] ប៉ុណ្ណោះ”។

យោង​តាម​ឯកសារ​ដែល​រៀប​រាប់​លម្អិត​ពី​គម្រោង​សាងសង់​ឲ្យ​ដឹង​ថា អគារ​ថ្មី​នេះ​សាង់សង់​លើ​ផ្ទៃ​ដី​ទំ​ហំ​១៧.៨០០ម៉ែត្រ​ក្រឡា​នៅ​ជាប់​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​គឺ​ចម្ងាយ​​ប្រហែល​១៣​គីឡូម៉ែត្រ​ពីកណ្តាល​ក្រុង​។ នៅពេលសាង​សង់​រួចរាល់​ អគារ​នេះ​នឹង​មាន​​ទំហំ​២.៣២៣ម៉ែត្រ​ក្រឡា និង​​មាន​កម្ពស់​​​បីជាន់​៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស