កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសកាលឆ្នាំ២០១២ជាប់ទាក់ទិននឹងការរំលោភយកដីរដ្ឋ ប៉ុន្តែបានកាត់បន្ថយទោសរបស់អ្នកជំនួញ ឈិន សុគន្ធារី ដែលត្រូវបានចោទប្រកាន់ពីបទចាក់បំពេញផ្នែកខ្លះនៃបឹងមួយនៅក្នុងរាជធានីដោយខុសច្បាប់។
អ្នកស្រី សុគន្ធារី ដែលគេហៅក្រៅថា យាយក្រពើដោយសារតែអ្នកស្រីមានកសិដ្ឋានចិញ្ចឹមក្រពើនោះ ត្រូវបានផ្តន្ទាទោសដោយកំបាំងមុខកាលពីឆ្នាំ២០១២ឲ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំនិងប្រាំមួយខែ ហើយត្រូវតុលាការបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន៣០លានរៀល និងប្រាក់សំណងចំនួន៦០លានរៀល។
អ្នកស្រីតែងតែបដិសេធការចោទប្រកាន់ពីបទរំលោភយកដីរដ្ឋ ដោយអះអាងថា លោក ែកប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ បានលួចដីរបស់គាត់ ក្នុងគោលបំណងយកទៅលក់ឲ្យលោក លី យ៉ុងផាត់ មហាសេដ្ឋីស្ករស។
កាលពីម្សិលមិញ ចៅក្រម ងួន អឹម បានតម្កល់សាលក្រមផ្តន្ទាទោសអ្នកស្រី សុគន្ធារី ដែលសព្វថ្ងៃកំពុងគេចខ្លួន ប៉ុន្តែបានបន្ធូរបន្ថយស្ថានទម្ងន់ទោសរបស់អ្នកស្រី។ លោកបានមានប្រសាសន៍ថា “សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែបានផ្តន្ទាទោសអ្នកស្រី សុគន្ធារី ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ”។
លោក ងួម អឹម ក៏បានកាត់បន្ថយប្រាក់ពិន័យមកត្រឹម១៥លានរៀលផងដែរ។ ចៅក្រមបានលើកឡើងថា ខ្លួនបានកែប្រែស្ថានទម្ងន់ទោសនេះ ដោយផ្អែកលើព័ត៌មានដែលផ្តល់ឲ្យអំឡុង និងចាប់តាំងពីពេល បើកសវនាការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍ កាលពីខែមុន ប៉ុន្តែចៅក្រមមិនបានរៀបរាប់អ្វីច្រើននោះឡើយ។
លោក យឹម សារី មេធាវីរបស់លោក កែប ជុតិមា បានឲ្យដឹងថា លោកពេញចិត្តនឹងសាលក្រម និងការកែប្រែស្ថានទម្ងន់ទោសថ្មីនេះ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
តែទោះជាយ៉ាងណា លោក សុក សំអឿនមេធាវីរបស់អ្នកស្រី សុគន្ធារី បានលើកឡើងថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍មិនទាន់មានយុត្តិធម៌នៅឡើយ ដោយលោកនិយាយថា អ្នកស្រី សុគន្ធារី មានសិទ្ធិកាន់កាប់ស្របច្បាប់លើដីដែលមានវិវាទ ហើយអ្នកស្រីបានរង់ចាំប័ណ្ណកម្មសិទ្ធិដីធ្លី តាំងពីឆ្នាំ២០១១មកម៉្លេះ បន្ទាប់ពីបានដាក់ពាក្យស្នើសុំទៅសាលារាជធានីរួច។
លោក សុក សំអឿន បានមានប្រសាសន៍ថា “អ្នកស្រី ឈិន សុគន្ធារី មានឯកសារផ្លូវការ ដែលបញ្ជាក់ថា អ្នកស្រីបានទិញដីពីអ្នកភូមិនៅក្នុងតំបន់នោះ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកទទួលស្គាល់ និង ដឹងឮហើយអ្នកស្រីបានបង់ពន្ធលើដីនេះមករហូត។ ប៉ុន្តែអ្នកស្រីមិនមានប័ណ្ណកម្មសិទ្ធិ ដីធ្លីទេ។ អ្នកស្រីបានដាក់ពាក្យស្នើសុំ ប៉ុន្តែសាលារាជធានីភ្នំពេញមិនបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីនេះឲ្យគាត់ឡើយ”។ លោក សំអឿន បានលើកឡើងថា គាត់មិនបានដឹងថា តើអ្នកស្រី សុគន្ធារី នឹងប្តឹងទាស់ ឬក៍អត់នោះទេ៕ ស៊ុយឈាង