29.3 C
Phnom Penh

អង្គការសហប្រជាជាតិ​រិះគន់​​​​កិច្ចព្រមព្រៀងស្តី​​ពី​​ជន​ភៀសខ្លួន​ជាមួយ​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​នៅការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​​​ទទួល​​បន្ទុក​​​ជនភៀសខ្លួន​ (UNHCR) កាល​ពីថ្ងៃ​​អង្គារ​​បាន​និយាយ​រិះគន់​​ជា​លើក​ដំបូង​ទៅ​នឹង​ផែនការ​របស់​ប្រទេស​អូ​ស្ត្រាលី​ក្នុងការ​បញ្ជូន​​​អ្នកស្វែង​រក​សិទ្ធិ​ជ្រក​កោន​មួយ​ចំនួន​ ​ដែលព្យាយាម​មក​រស់នៅ​​លើទឹកដី​កម្ពុជា ដោយ​​លើកឡើងថា ​កិច្ច​ព្រម​​ព្រៀង មិនទាន់ សម្រេច​ ​មិន​មែនជា “​ដំណោះ​ស្រាយ​ពិតប្រាកដទេ”។

មន្ត្រី​កម្ពុជា ​ដំបូង​បាន​ចេញព័ត៌មាន​បន្ទាន់​អំពី​ផែនការ​​​នេះកាល​ពីក្នុងខែ​កុម្ភៈ​ ​អំឡុង​ការ​បំពេញទស្សនកិច្ចមួយ​មកកាន់រាជធានី​ភ្នំពេញ​​របស់​លោកស្រី ជូលី ប៊ីសប (Julie Bishop) រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អូស្ត្រាលី​​​ដែល​​​បានបញ្ចេញ​មតិ​នៅក្នុង​​ជំនួប​ឯក​​ជន​មួយ​​​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ពេលនោះ ​កម្ពុជា​​បាន​លើកឡើងថា ខ្លួន​នឹង​ “ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន” អំពី​សំណើ​នេះ ប៉ុន្តែ​​​បាន​លើកឡើងថា ​​មាន​​លទ្ធផល​តិចតួច​នៅឡើយតាំង​​ពីពេល​​នោះមក​។

នៅពេល​មាន​ការ​ជំទាស់​ដាច់​ខាត​ចំពោះ​ផែនការ​​​នេះ​ពីអង្គការ​សិទ្ធិ​មនុស្ស​​​និង​សមា​ជិក​​គណបក្សប្រឆាំង​​​ទាំង​នៅក្នុងប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី​ ​ឧត្តម​ស្នងការ​​សហប្រជាជាតិ​​ទទួុល​បន្ទុក​​ជនភៀស​​ខ្លួន​ ខណៈ​​ដែល​​រិះ​គន់​ការឃុំខ្លួន​​​អ្នក​ស្វែង​រក​សិទ្ធិជ្រកកោន​​​របស់ប្រទេស​​អូស្ត្រាលី​​​នៅ​​មន្ទីរ​ឃុំឃាំងក្នុងសមុទ្រ​ ​មាន​ការ​ស្ងាត់​ស្ងៀម​​​អំពី​​​តួនាទី​​ដែលបានស្នើឡើង​​របស់​កម្ពុជា។

ទោះជាយ៉ាងណា យោងតាម​បណ្តាញ​ព័ត៌មាន​​​អូស្ត្រាលី​ ​​ឧត្តម​ស្នងការ​​សហ​ប្រជា​ជាតិ​​ទទួុល​បន្ទុក​​ជនភៀស​​ខ្លួន​ បានលើក​ឡើង​កាលពីថ្ងៃអង្គារនៅឯ​វេទិកាតំ បន់មួយ​ស្តីពីជន​ភៀសខ្លួន​​នៅក្នុងទីក្រុង​ហ្សាកាតា​ ថា​ ប្រទេស​កម្ពុជា​​​មិនមែនជា​គោល​ដៅ​សម​រម្យមួយ​​សម្រាប់ការ​តាំងលំនៅ​​​សម្រាប់​ជន​ភៀសខ្លួន​ដែល​​អស់​សង្ឃឹម​នោះទេ។

លោក តុម វ៉ាហ្គាស (Tom Vargas) ទី​ប្រឹក្សា​ជាន់​ខ្ពស់​ទទួល​​បន្ទុកការពារ​ជនភៀស​ខ្លួនក្នុងតំបន់​​របស់​​ឧត្តមស្នងការ​សហ​ប្រជា​ជាតិ​​​ទទួល​​បន្ទុក​​​ជនភៀសខ្លួន​​បាន​ប្រាប់​ក្រុម​អ្នក​​យកព័ត៌មាន​​អំពី​កម្ពុជាថា “តាម​​ទស្សន​របស់​យើង​ ការតាំង​លំនៅ​ថ្មី​​​កំពុង​​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ឋិតថេរ​​សម្រាប់​ជន​ភៀស​​ខ្លួន…ដែល​​​បានភៀស​ចេញ​​​ពីស្រុក​កំ​ណើត​​របស់​​ខ្លួន​”។

លោកបានមាន​ប្រសាសន៍ថា “ដំណោះ​ស្រាយ​ពិតប្រាកដមួយ គឺ​មិនមែន​បញ្ជូន​​​ពួក​គេ​​ទៅ​ប្រទេស​មួយ​ ដែល​​កំពុងតែងើបពី​សង្គ្រាម​ស៊ីវិល​​​ដែល​គួរឲ្យ​ខ្លាច​ ដែល​បាន​ធ្វើឲ្យ​មនុស្ស​រាប់លាននាក់​ស្លាប់​​នោះ​ទេ។ វាមិនមែន​​ស្ថិត​ក្នុង​ស្មារតី​នៃការ​​​ដោះ​​ស្រាយ​​ការ​តាំ​ង​លំនៅ​ តាម​​ដែល​​ខ្ញុំ​​​​​អាច​និយាយ​ប្រាប់​​​នោះទេ​”។

ការ​ព្រួយ​​បារម្ភ​​​របស់លោក​បាន​បន្ទរតាម​អង្គការ​សិទ្ធិមនុស្ស​ទាំង​នោះ​ចំណោម​អង្គ​ការ​សិទ្ធិ​មនុស្ស​ខ្លះ ​ដែល​​បានរិះគន់​ប្រទេស​​​អូស្ត្រាលី​ថា​បានព្យាយាម​ប្រគល់ការ​​ទទួល​ខុសត្រូវ​​​របស់​​ខ្លួន​ចំពោះ​អ្នក​ស្វែង​រកសិទ្ធិ​ជ្រក​​កោន​​​ទៅឲ្យ​ប្រទេស​មួយ​ចំណោម​​ប្រទេស​ក្រីក្រ​បំផុត​​​នៅក្នុងតំបន់។

ពួកគេ​ក៏​បាន​ចោទប្រកាន់​ប្រទេស​អូស្ត្រាលី​ផងដែរ​ថា​​មិន​​​អើ​​ពើ​នឹងកំ​ណត់ត្រា​សិទ្ធិ​មនុស្សដែល​ប្រឡាក់​ប្រឡូស​​​​របស់​លោក​ ហ៊ុន សែន ក្នុង​ការ​ព្យាយាម​និង​​​ធ្វើឲ្យ​កិច្ចព្រម​ព្រៀង​​ស្តី​​ពី​សិទ្ធិ​ជ្រកកោន​​កើតឡើង​។

លោក វ៉ាហ្គាស ត្រូវ​បា​ន​ដកស្រង់សម្តី​ដោយ​ទីភ្នាក់ងារ អាប៉េអូស្ត្រាលី​នៅក្នុង​ទី​ក្រុង​ហ្សាកាតាថា “ដំណោះស្រាយ​ពហុ​ភាគី ​និង​ដំណោះស្រាយ​ទ្វេភាគី នឹង​មិនដោះស្រាយ​​​​​បញ្ហាបានទេ​។ពួកគេអាច​ដោះ​ស្រាយ​​​បញ្ហា​​​ទាំងនោះ​​ក្នុងពេល​ដ៏ខ្លី សម្រាប់​ប្រទេស​ខ្លះ​ប៉ុន្តែ​នឹង​មិន​អាច​ដោះស្រាយ​​​ពេញលេញ​​បាន​​ទេ​”។

យោងតាម​របាយការណ៍​​របស់​​បណ្តាញ​ព័ត៌មាននេះ​​បាន​ឲ្យដឹងថា ​ប្រទេស​អូស្ត្រាលី​​​ក៏មិនទាន់​បាន​ឆ្លើយតប​នឹង​​សំណើ​របស់​​ឧត្តម​ស្នងការ​សហប្រជាជាតិ​​​ទទួល​​បន្ទុក​​​ជន​ភៀស​ខ្លួន​សម្រាប់​​ព័ត៌មាន​​​អំពី​ផែនការ​​របស់​​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជាដែរ។

លោក ស្កុត ម៉ូរីសុន (Scott Morrison) អ្នក​នាំពាក្យ​​​​របស់​រដ្ឋមន្ត្រី​​​អន្តោប្រវេសន៍​អូស្ត្រា​លី ដែល​​បាន​​បំពេញ​ទស្សនកិច្ច​​​ដ៏ប្រញាប់​​នៅក្នុងប្រទេស​កម្ពុជា​កាលពីដើម​ខែ​​នេះ​​​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប៊ីសប មិនបាន​ឆ្លើយតបនឹង​សំណើ​សុំ​ការ​អត្ថា​​ធិប្បាយទេ។

​នៅក្នុងប្រទេស​ កម្ពុជា ​លោក ឡុង វីសា​លោ ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​ ​ដែល​ដឹកនាំ​គណៈ​កម្មាធិការ​ពិសេស​របស់​រដ្ឋាភិបាល​​ដើម្បីវាយ​តម្លៃ​​សំណើ​​​របស់​ប្រទេស​​អូស្ត្រាលី​ស្តី​​ពី​អ្នក​ស្វែង​​រក​សិទ្ធិ​ជ្រក​កោន​ បាន​បដិសេធ​មិន​និយាយ​ជាមួយ​​​អ្នក​យកព័ត៌មាន​​​ឡើយ​។ ក្រុមមន្ត្រី​​​នៅក្រសួង​មហា​ផ្ទៃ​​មិនអាច​​ទាក់​​ទងបាន​​ទេ​៕ ប៊ុននី 

(រាយ​ការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស