32 C
Phnom Penh

​អាជ្ញាធរ​​នាំ​​ខ្លួន​អ្នក​តវ៉ា​ឡើង​តុលាការ​ ប៉ុន្តែ​មិន​មាន​ការ​រក​យុត្តិធម៌​សម្រាប់​អ្នក​ស្លាប់ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភូមិ​សម្បូរ​មាស, ខេត្ត​កំពង់ស្ពឺ​-​ នៅពេល​ដែល​កង​រាជអាវុធ​ហត្ថ​ប្រដាប់ដោយ​កាំ​ភ្លើង​ អាកា-៤៧​បាន​​បង្ក្រាប​កម្មករ​រោង​ចក្រ​កាត់​ដេរ​​ដែល​​​ធ្វើ​កូដ​កម្ម​ទូទាំង​ប្រទេស​កាល​ពីថ្ងៃទី​៣​ ខែ​មករា​នោះ សម រ៉ាវី អ្នក​គ្រប់​គ្រង​​ម្នាក់​នៅ​រោង​ចក្រ​មួយ​នៅ​តាម​ផ្លូវ​វេង​ស្រេង​​កំពុង​និយាយ​តាម​ទូរ​ស័ព្ទ​ជាមួយម្តាយ​ក្មេក​របស់​គាត់​។

អ្នក​​​គាំ​​​ទ្រ​​​ និង​​​សាច់ញាត​​​ិ​​​របស់​​​អ្នក​​​ជាប់ឃុំ​​​ទាំង​​​២១​​​នាក់​​​កំពុង​​​អុច​​​ធូប​​​នៅ​​​មុខ​​​ពន្ធ​​​នា​​​គារ​​​ព្រៃស​​​​​​​​​ កាល​​​ពីម្សិលមិញ​​​។សីុវ  ចាន់​ណា
អ្នក​​​គាំ​​​ទ្រ​​​ និង​​​សាច់ញាតិរបស់​​​អ្នក​​​ជាប់ឃុំ​​​ទាំង​​​២១​​​នាក់​​​កំពុង​​​អុច​​​ធូប​​​នៅ​​​មុខ​​​ពន្ធ​​​នា​​​គារ​​​ព្រៃស​​​​​​​​​ កាល​​​ពីម្សិលមិញ​​​។ សីុវ  ចាន់​ណា

សម រ៉ាវី ដែល​ចេះ​និយាយ​ភាសា​ចិន​ និង​ភាសា​អង់គ្លេស ​ព្រម​ទាំង​ភាសា​ខ្មែរនោះ​មាន​ប្រាក់ខែ​ស្មើ​នឹង​ពីរ​ដង​នៃ​ប្រាក់​ខែ​គោល​​១៦០​ដុល្លារ​ដែល​​កម្ម​ករ​​កំពុង​ទាម​ទារ​ ប៉ុន្តែ​គាត់​បានចូល​រួម​ការ​តវ៉ា​នេះ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​បង្ហាញ​ពី​​​សាមគ្គី​ភាព​ជាមួយ​កម្មករ​របស់​គាត់​។

ម្តាយ​ក្មេក​របស់​គាត់​ឈ្មោះ ឡុង សារ៉ន បាន​រៀបរាប់កាល​ពីម្សិល​មិញថា “គាត់​បាន​ទូរស័ព្ទ​មក​និង​និយាយ​ថា អាឡូម៉ែ តើ​ប្រពន្ធ​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ជាមួយ​កូន​ខ្ញុំ​ឬ?​ ខ្ញុំ​បាន​ឮស្នូ​រកាំភ្លើង​ ហើយ​ខ្ញុំ​បាន​សួរ​​គាត់​ថាតើ​​​កូន​នៅ​ឯណា​”។​ អ្នកស្រី​បាន​និយាយ​ថា សម រ៉ាវី បាន​​ប្រាប់​គាត់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក នោះថា កុំ​ឲ្យ​ខ្វល់​។

អ្នកស្រី​បានមាន​ប្រសាសន៍​ថា “គាត់​បាន​ប្រាប់​​ខ្ញុំ​ថា គាត់​នៅ​ជាមួយ​អ្នក​តវ៉ា​ផ្សេ​ង​ទៀត​។ បន្ទាប់មក​ទូរស័ព្ទ​របស់​គាត់​ស្ងាត់​ឈឹង​ ហើយ​នៅម៉ោង​២​រសៀល​មាន​គេ​ទូរស័ព្ទ​ប្រាប់យើង​ឲ្យ​ទៅ​យក​សាកសព​គាត់​”។

សម រ៉ាវី គឺជា​អ្នកតវ៉ា​ម្នាក់ក្នុង​ចំណោម​អ្នក​តវ៉ា​យ៉ាង​ហោច​ណាស់​ប្រាំនាក់​ដែល​កង​រាជ​អាវុធ​ហត្ថ​​បាន​បាញ់សម្លាប់​នឹង​កាំភ្លើង​ អាកា-៤៧​អំឡុង​ពេល​បង្ក្រាប​បាន​​ជោគ​ជ័យ​លើ​ការធ្វើកូដកម្ម​ទូទាំង​ប្រទេស​នេះ​ដែល​បាន​កើត​ឡើង​ស្រប​ពេល​ជាមួយ​នឹង​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​។

​នៅ​ថ្ងៃសុក្រ កូដករ​១៣​នាក់​ដែល​ត្រូវ​បាន​វាយ​ដំ និង​ចាប់ខ្លួន​​អំឡុង​ពេល​តវ៉ា​នៅ​តាម​ផ្លូវ​វេង​ស្រេង​ នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ជាមួយ​មនុស្ស​១២​នាក់​ទៀត​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​។

​ការ​បើក​សវនាការ​ជំនុំជម្រះ​ពួកគេ​​ពី​បទ​បំផ្លិច​បំផ្លាញទ្រព្យ​សម្បត្តិ​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ជាប់​​ឃុំ​​អស់​រយៈ​ពេល​​ជិត​បួន​ខែ​នៅ​ក្នុង​ពន្ធនាគារ​ដែលមាន​សន្តិ​សុខ​តឹងរឹុង​នៅជិត​ព្រំដែន​វៀត​ណាម​ក្នុង​ខេត្តកំពង់​ចាម​នេះ​ គឺជាការ​ប្រឹង​ប្រែង​លើក​ដំបូង​របស់​រដ្ឋាភិបាល​ដើម្បី​ចាត់​វិធានការ​លើការ​តវ៉ា​កាល​ពីថ្ងៃទី​៣ ខែ​មករា​។

ឈីវ ផានិត ជា​ភរិយាមេម៉ាយ​របស់​ សម រ៉ាវី បាននិយាយ​នៅ​ឯ​ផ្ទះម្តាយ​គាត់​កាល​ពី​ម្សិលមិញ​ថា “យើង​កំពុង​រង់ចាំក្រសួង​មហា​ផ្ទៃ​ទាក់​ទង​មក​យើង​ដើម្បី​ផ្តល់​ចម្លើយ​អំពី​ការ​សម្លាប់​នេះ​”។

ផានិត​ បាន​ជួប​ សម រ៉ាវី ពេល​ធ្វើការ​​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់​កាល​ពីឆ្នាំ​២០០៨​ ហើយ​បាន​រៀបការ​ជាមួយគាត់​រយៈ​ពេល​ពីរ​ឆ្នាំក្រោយ​មក​។ បន្ទាប់​ពីគាត់​ស្លាប់ទៅ​ ផានិត បានត្រឡប់​មក​ផ្ទះ​នៅកំពង់​ស្ពឺ​វិញ ដើម្បី​ឲ្យម្តាយ​គាត់​​ជួយ​ចិញ្ចឹម​កូន​ប្រុស​អាយុ​៣​ឆ្នាំ និង​កូនស្រី​ដែលមាន​អាយុជិត​​១ឆ្នាំ​របស់​គាត់​។

ផានិត​ បាន​និយាយ​ថា ការ​ស្ទាក់​ស្ទើ​រ​របស់ ​​​អាជ្ញាធរ​ក្នុងការ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះការ​បាញ់សម្លាប់​ សម រ៉ាវី បាន​បង្ហាញ​ឲ្យឃើញ​យ៉ាង​ច្បាស់​ចាប់​តាំងពី​ថ្ងៃ​ដែល​គាត់​ត្រូវ​បាន​បាញ់សម្លាប់មក​​​ម៉្លេះ​។ ផានិត​ បាន​និយាយ​ថា “ពួកគេ​បាន​ទុក​សាកសព​ប្តី​ខ្ញុំ​ចោល​ និង​ចោទ​ថា គេ​បាញ់​សម្លាប់​គាត់​ ដោយ​សារគាត់​លួច​ម៉ូតូ​​គេ​”។

នៅល្ងាច​ថ្ងៃទី​៣ ខែ​មករា​ ផានិត បាន  ​​ទៅ​ដល់​វត្ត​មួយ​​ ហើយ​ត្រូវ​បាន​គេ​បង្ហាញ​សាក​សព​ប្តីរបស់គាត់​ដែល​នៅពាក់​បូក្បាល​​សរសេរពាក្យ​​​​ទាម​ទារ​​ប្រាក់ខែ​១៦០​ដុល្លារ​ដដែល​។​ផានិត​បាន​និយាយ​ថា “ពួកគេ​និយាយ​ថា វា​ជា​ខ្មោច​ឆ្កែ ហើយ​ខ្ញុំ​មានការ​រន្ធត់​ណាស់​”។ គាត់​បាន​និយាយ​ថា  ​ក្រោយ​មក​​អាជ្ញាធរ​​មូល​ដ្ឋាន​មិន​ព្រម​ចេញ​លិខិត​បញ្ជាក់​ពីការ​ស្លាប់​ប្តី​គាត់​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​ចោទ​គាត់​ជាចំហ​ថា ជាអ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​។

ការ​ស្នើ​សុំ​ជាច្រើន​លើក​ឲ្យមានការ​សើុប​អង្កេត​លើ​ការ​ស្លាប់​ប្តី​គាត់​មិន​បានទទួល​អ្វី​ក្រៅ​ពី​ទឹក​ប្រាក់ចំនួន​២.៥០០​ដុល្លារ​ពី​អាជ្ញា​ធរ​ខណ្ឌ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ឡើយ​។ ផានិត​ បាន​និយាយ​ថា “យើង​មិន​ជឿ​ថា អាជ្ញាធរ​ ឬ​តុលាការ​កម្ពុជា​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នកស្លាប់ អ្នក​រង​របួស ឬអ្នក​ជាប់​ពន្ធនាគារ​ឡើយ​​ និង​បាន​ច្រាន​ចោល​ស្ថាប័ន​របស់​រដ្ឋា​ភិបាល​ដែលត្រូវ​បាន​បង្កើត​ឡើង​​ឲ្យ​​សើុប​អង្កេត​អ្វីដែល​បាន​កើត​ឡើង​នៅ​តាម​ផ្លូវ​វេងស្រេង​កាល​ពីថ្ងៃទី​៣ ​ខែមករា​។ គាត់​បាន​​​និយាយថា ​“ប៉ុន្តែ ពួកគេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​ចំពោះ​រឿង​នេះ​”។

នៅឯសួន​ឧស្សាហ​កម្ម​វឌ្ឍនៈ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ ឈីវ សារុន អាយុ​២៥​ឆ្នាំ​ជាភរិយា​មេម៉ាយ​របស់​ យាន​ រិទ្ធី អាយុ​២៥​ឆ្នាំ​ដែល​បាន​ស្លាប់​ពេល​វះកាត់​យក​គ្រាប់កាំភ្លើង​ដែល​ត្រូវ​ចំពោះនោះ​បាន​និយាយ​ថា ការ​ព្យាយាម​របស់​គាត់​ដើម្បីចង់​បាន​ចម្លើយ​ពី​រដ្ឋាភិបាល​អំពីការ​ស្លាប់​ប្តីគាត់​ក៏​មិន​ទទួល​បាន​លទ្ធផល​ដែរ​។

អ្នកស្រី​ សារុន បាន​និយាយ​ថា អាជ្ញាធរ​មិន​ខ្វល់​អំពីការ​ស្លាប់​ប្តី​គាត់​ទេ​ ហើយ​បាន​​បញ្ជាក់​ប្រាប់ថា អ្នកស្រី​ត្រូវ​បាន​រារាំង​មិន​​ឲ្យ​ទៅ​មើល​ប្តីគាត់​ដែល​កំពុង​ជិត​ស្លាប់​នៅក្នុង​មន្ទីរ​ពេទ្យ​​នោះទេ​ ហើយរដ្ឋា​ភិ​បាលបាន​​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា កង​រាជ​អាវុធ​ហត្ថ​មិន​បានសម្លាប់​នរណា​ម្នាក់​ឡើយ​។

អ្នកស្រី សារុន បាន​និយាយ​រៀប​រាប់​ពី​ការ​ព្យាយាម​មិន​បាន​សម្រេច​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​​ឲ្យមានការ​សើុប​អង្កេត​ថា “យើង​មិន​បាន​ទទួល​ព័ត៌មាន​អ្វីមួយ​ពី​អាជ្ញា​ធរ​​ឡើយ ​ចាប់​តាំង​ពីការស្លាប់​នេះមក​។

អ្នកស្រី សារុន បាន​ប្រៀបធៀប​សមត្ថ​​ភាព​​​របស់​រដ្ឋាភិបាល​នៅក្នុងការ​ចាប់ខ្លួន​ ការ​ដាក់​ពន្ធនាគារ​ និងការកាត់​ទោស​អ្នក​តវ៉ា​ទាំង​១៣​នាក់​ដែលត្រូវ​បានចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ទៅនឹង​ការ​សើុប​អង្កេត​មិន​ជោគ​ជ័យ​របស់​រដ្ឋាភិបាល​លើ​ការ​បាញ់​សម្លាប់មនុស្ស​ទាំង​នេះ​​។អ្នកស្រី សារុន​ បាន​និយាយ​ពីកង​រាជ​អាវុធ​ហត្ថ​ដែល​បាន​បាញ់សម្លាប់ប្តីគាត់​ថា “គេ​មិនសង្ឃឹមថា​មានការ​ផ្តន្ទាទោសជន​ល្មើស​នោះឡើយ”​។

នៅក្នុងខេត្តកំពង់​ស្ពឺ​ ផានិត បាន​សួរ​អំពី​អាទិភាព​របស់​រដ្ឋាភិបាល។ គាត់​បាននិយាយ​ថា “រដ្ឋាភិបាល​ត្រូវ​​សើុប​អង្កេត​លើ​ការ​​​បាញ់សម្លាប់មនុស្ស​ផង​​ មិន​មែន​​​សើុប​អង្កេត​​តែ​​លើ​ការ​បំផ្លាញ​​ទ្រព្យសម្បត្តិ​នោះទេ​។អ្នកស្លាប់ទាំង​នោះ​មាន​ប្រពន្ធ​ និង​កូន​ដែល​កំពុង​រង់ចាំពួកគេ​។ ​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អាច​ជួស​ជុល​បាន​ ប៉ុន្តែ​ មនុស្ស​ទាំង​នោះ​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ​”៕​​គឹម​ហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស