35 C
Phnom Penh

តែង​តាំងអភិបាល​ក្រុង​បាវិត​ថ្មី ខណៈ​ពេល​​​ដែល​​​លោក ឈូក បណ្ឌិត​ កំពុង​រត់​គេ​ចខ្លួន​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិ​បាល​ក្រុង​បាវិត​ថ្មី​ត្រូវបាន​​តែង​តាំង​កាលពី​ម្សិលមិញដើម្បី​បំពេញ​តួនាទី​ដែល​ធ្លាប់​កាន់កាប់​ដោយ​លោក ឈូក បណ្ឌិត ដែលកំពុង​រត់​គេ​ចខ្លួន​នៅឡើយ​បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​បាញ់​​ទៅ​លើ​​​​កម្ម​ករ​រោង​ចក្រកាត់ដេរ​ដែល​ធ្វើការ​តវ៉ា​កាលពី​ឆ្នាំ​២០១២។

លោក បណ្ឌិត ដែល​មិនដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ​ត្រូវ​បាន​ផ្ត​ន្ទាទោស​កំបាំ​ង​មុខ​ចំពោះបទ​ឧក្រិដ្ឋ​នេះ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៣។នៅពេល​នោះ តួនាទី​នេះ​ត្រូវ​​បាន​កាប់​កាប់​បណ្តោះ​អាសន្ន​ដោយ​លោក ណិប សារុន ដែល​ឥឡូវ​​នេះ​បាន​លាលែងពី​ត​ួនាទី​នេះហើយ​។

លោក រស់​ ផារិទ្ធ ប្រធាន​រដ្ឋ​បាល​ខេត្ត​បាន​​​​មាន​ប្រសាសន៍ថា “នៅព្រឹក​នេះ លោក សេង សិលា​ អនុប្រធាន​នាយក​ដ្ឋាន​រដ្ឋបាល​ខេត្តត្រូវ​បាន​តែ​ង​តាំង​ជា​អភិ​បាល​ក្រុង​បាវិត​​​ជំនួស​លោក ណិប សារុន ដែល​បាន​ចូលនិវត​្ត”។លោក ផារិទ្ធ​ ​មាន​ប្រសាសន៍​បន្ថែម​ថា “ខ្ញុំមិនដឹង​ថា​​​​ ពេល​នេះ​លោក ឈូក​ បណ្ឌិត នៅឯណានោះទេ”។

កាលពី​ខែ​វិច្ឆិកា សាលា​ឧទ្ធរណ៍​​បាន​តម្កល់​សាល​ក្រម​ដែលបាន​ស​ម្រេច​កាលពី​ខែ​មិថុនាឆ្នាំ​មុន​ដោយ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ដែល​ក្នុង​នោះ​លោក​ ឈូក បណ្ឌិត ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព ហើយ​ត្រូវ​បាន​​​ផ្តន្ទា​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ ពេល​១៨ខែ​ និង​បង្គាប់ឲ្យ​បង់​ប្រាក់​ចំនួន​៩,៥០០​​​ដុល្លារ​ដល់​កម្មការិ​នី​បីនាក់​ដែល​   គា​ត់​បាន​បាញ់ឲ្យ​​រង​របួស។

នៅពេល​ត្រូវ​បាន​ទាក់​ទង​​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ​​​ លោក ស៊ុន ប៊ុណ្ណា​រិទ្ធ​ មេធាវី​របស់​លោក បណ្ឌិត​ បាន​​​ថ្លែង​​​ថា លោក “ ជាប់រវល់​​ក្នុង​ពិធី​មួយ​” មុន​ពេល​ដាក់​ទូរស័ព្ទ​ អ្នក​យក​ព័ត​៌មាន​ចុះ។លោក ជិន លីដា មេធាវី​ មកពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​​​តំណាង ​កម្ម​ករ​រង​របួស​ទាំង​បីនាក់​បានថ្លែង​​​ថា លោក​​ចង់​ឲ្យ​តុលាការ​កំពូល​យក​អតីត​អភិ​បាល​ក្រុង​​​​រូបនេះ​មក​ផ្ត​ន្ទា​​​ទោស។

លោក លីដា បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​នៅ​​តែ​ស្នើឲ្យ​តុលាការ​កំពូល​រក​យុត្តិ​ធម៌ជូន​កូនក្តី​របស់​ខ្ញុំ​ដដែល ហើយ​ខ្ញុំ​ស្នើ​ឲ្យ​នគរ​បាល​ស្វែង​​រក​ចាប់ខ្លួន​លោក ឈូក បណ្ឌិត​ ឲ្យ​បាន​ឆាប់​”។

លោក ឈាង វណ្ណថា ក្រឡាបញ្ជី​ត​ុលា​ការ​​កំពូល​បាន​មាន​ប្រសាសន៍ថា រឿង​ក្តី​នេះ​មិន​​បាន​គ្រោង​បើក​សវនា​ការ​ជំនុំ​​​ជម្រះ​ទេ។

អង្គការ​សិទ្ធិមនុស្សមួយ​ចំនួន​​​បាន​ថ្កោល​ទោស​អាជ្ញាធរ​ចំពោះ​ការ​មិន​បាន​ចាប់​ខ្លួន​លោក បណ្ឌិត។ ប៉ុន្តែ​ឧត្តម​សេនីយ៍ឯក ម៉ក់ ជីត​ូ ប្រធាន​នាយក​ដ្ឋាន​កណ្តាល​យុត​្តិធម៌​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍ថា ការ​ស្វែង​រក​កំពុង​បន្ត​ដដែល។

លោក​បាន​មាន​ប្រសា​សន៍ថា “កម្លាំង​នគរបាល​របស់​យើង​កំពុង​​ស្វែងរក​ចាប់​ខ្លួន​គាត​់​។ គាត់​មិន​អាច​គេច​ខ្លួន​រួចឡើយ​ មិនយូរ​មិន​ឆាប់​យើង​នឹង​ចាប់ខ្លួន​គាត់​បាន​មិន​ខាន”។

លោក​បាន​បន្ថែម​ថា “ប៉ុន្តែ​យើង​មិន​អាច​ប្រាប់​អ្នក​យក​ព័ត៌មានពីកន្លែង​របស់​លោក ឈូក បណ្ឌិត​​​​​​​ បាន​ទេ ពីព្រោះ​ពួក​គេ​នឹង​សរសេរ​អំពី​រឿង​នេះ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស