ការតែងតាំងនាយឧត្តមសេនីយ៍ សុខ ផល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានមួយទើបបង្កើតឡើងថ្មីរបស់ក្រសួងមហាផ្ទៃដើម្បីឃ្លាំមើលពលករចំណាកស្រុក បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដោយសារទំនាក់ទំនងគ្រួសារជិតស្និទ្ធរបស់លោកទៅនឹងអាជីវកម្មជ្រើសរើសពលករ ដែលសម្បូរដោយការបំពានសិទ្ធិមនុស្ស។
លោកស្រី អឹុង ស៊ាងរិទ្ធី ដែលជាបងប្អូនបង្កើតរបស់នាយឧត្តមសេនីយ៍ សុខ ផល គឺជាម្ចាស់ទីភ្នាក់ងារមួយក្នុងចំណោមទីភ្នាក់ងារជ្រើសរើសពលករធំៗបំផុត ដែលបញ្ជូនពលករកម្ពុជាទៅបរទេស។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីថ្ងៃអង្គារថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានភារកិច្ចដោះស្រាយបញ្ហាជនចំណាកស្រុកចូល និងចេញពីប្រទេសនេះ។
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ សុខ ផល គឺជាបងប្អូនបង្កើតរបស់លោកស្រី ស៊ាងរិទ្ធី ម្ចាស់ក្រុមហ៊ុនអឹុង រិទ្ធី គ្រុប ដែលអង្គការសិទ្ធិមនុស្សនានាចាត់ទុកថា ជាក្រុមហ៊ុនរំលោភបំពានជាបន្តបន្ទាប់លើពលករចំណាកស្រុកកម្ពុជា។ លោកស្រី ស៊ាងរិទ្ធី ក៏ជាប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករផងដែរ។
នាយឧត្តមសេនីយ៍ សុខ ផល ត្រូវទទួលយកការទទួលខុសត្រូវរបស់ខ្លួនក្នុងឋានៈជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងពិធីមួយនៅថ្ងៃនេះនៅក្រសួងមហាផ្ទៃ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងថា “នៅពេលខ្ញុំឮដំណឹងនេះ ខ្ញុំមានការព្រួយបារម្ភចំពោះទំនាក់ទំនងជិតស្និទ្ធរវាងអ្នកធំនៅក្នុងជួររដ្ឋាភិបាល និងនៅតាមបណ្ដាទីភ្នាក់ងារជ្រើសរើសពលករ”។
លោកបានមានប្រសាសន៍ទៀតថា “ដោយសារតែក្រសួងការងារមិនអាចគ្រប់គ្រងនិងឃ្លាំមើល [ពលករចំណាកស្រុក] ឲ្យបានត្រឹមត្រូវ ការជ្រើសរើសពលករបានក្លាយជាការជួញដូរមនុស្ស”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពេលនេះក្រសួងមហាផ្ទៃនឹងមានការងារកាន់តែច្រើន ធ្វើឲ្យលោក សុខ ផល កាន់តែមានឥទ្ធិពលខ្លាំងជាងមុន”។
ក្រុមហ៊ុន អឹុង រិទ្ធី គ្រុប បានរងការរិះគន់យ៉ាងខ្លាំងចំពោះការអនុវត្តជ្រើសរើសពលករនិងការបណ្ដុះបណ្ដាលរបស់ខ្លួន។ ស្ត្រីជំនួយការមេផ្ទះរាប់សិបនាក់ដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ បានដាក់ពាក្យបណ្ដឹងទៅអង្គការសិទ្ធិមនុស្សរឿងរំលោភបំពានធ្ងន់ធ្ងរ រួមមានការជាប់ជាទាសករបំណុល ការចាប់បង្ខាំង និងការជ្រើសរើសអនីតិជនឲ្យចូលធ្វើការផងដែរ។ ទោះបីជាមានពាក្យបណ្ដឹងជាច្រើនបែបនេះក្ដី ក៏គ្មាននរណាម្នាក់ត្រូវបានផ្ដន្ទាទោសដោយសាររឿងនេះទេ។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមានប្រសាសន៍កាលពីម្សិលមិញថា កង្វះភាពយុត្តិធម៌សម្រាប់ស្ត្រីជំនួយការមេផ្ទះដែលរងការបំពានដោយសារតែទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសពលករ និងមន្ត្រីមានអំណាច ហើយថា តំណែងថ្មីរបស់លោក សុខ ផល និងធ្វើឲ្យទំនាក់ទំនងនោះកាន់តែរឹងមាំថែមទៀត។
លោកមានប្រសាសន៍ទៀតថា “នេះគឺជាការតែងតាំងមួយដ៏គួរឲ្យអាម៉ាស់ ដែលលះបង់សុខុមាលភាពរបស់ពលករចំណាកស្រុក ដោយសារតែវាទំនងជាមិនអាចកែប្រែនិទណ្ឌភាពរបស់ទីភ្នាក់ងារជ្រើសរើសពលករក្នុងការរំលោភបំពានពលករចំណាកស្រុក ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន”។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកស្រី ស៊ាងរិទ្ធី “នៅតែជាក្រុមហ៊ុនដែលជាប់ឈ្មោះបោកប្រាស់និងរំលោភបំពានស្ដ្រីនិងក្មេងស្រីៗអំឡុងពេលជ្រើសរើសឲ្យទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី”។
លោកបានមានប្រសាសន៍ថា “ទីភ្នាក់ងារជ្រើសរើសពលកររបស់លោកស្រី អឹុង ស៊ាងរិទ្ធី គឺតែងតែស្ថិតក្នុងចំណោមទីភ្នាក់ងារជ្រើសរើសពលករដែលអាក្រក់បំផុត ដែលជ្រើសរើសកុមារឲ្យធ្វើការជាជំនួយការមេផ្ទះ ព្យាយាមដណ្ដើមស្ត្រីនៅអាកាសយានដ្ឋានពីការការពាររបស់អង្គការក្រៅរដ្ឋាភិបាលមួយ និងបំភិតបំភ័យស្ត្រីដែលរងការរំលោភបំពាននៅក្នុងប្រទេសម៉ាឡេស៊ី”។
កាលពីខែតុលា ឆ្នាំ២០១១ នៅពេលចាប់ផ្ដើមលេចចេញពាក្យបណ្ដឹងរបស់ស្ត្រីជំនួយការមេផ្ទះដែលរងការរំលោភបំពាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ឈប់ការបញ្ជូនពលករបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ី។
ក្នុងឆ្នាំដដែលនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍មួយកម្រាស់១០៤ទំព័រឈ្មោះ “ពួកគេបានបោកប្រាស់យើងគ្រប់ជំហាន” ដែលបានកត់ត្រាបណ្ដាទីភ្នាក់ងារជ្រើសរើសពលករ ដែលរំលោភបំពានស្ត្រីជំនួយការមេផ្ទះ ព្រមទាំងការបំពានលើរាងកាយ និងផ្លូវភេទ ពីសំណាក់ថៅកែផងដែរ។
របាយការណ៍នេះចោទប្រកាន់ថា ការរំលោភបំពានចេះតែកើតមានគ្មានអ្នកត្រួតពិនិត្យដោយសារតែទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសពលករ និងមន្ត្រីជាន់ខ្ពស់។
របាយការណ៍នេះបន្តទៀតថា “ទីភ្នាក់ងារមួយចំនួនចូលចិត្តគាំទ្រមន្ត្រីរដ្ឋាភិបាលមានអំណាច។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានសម្ដែងការព្រួយបារម្ភថា នគរបាលគ្មានឆន្ទៈធ្វើការស៊ើបអង្កេតលើទីភ្នាក់ងារជ្រើសរើសពលករ ដែលជារបស់មន្ត្រីជាន់ខ្ពស់ឬដែលមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ឡើយ”។
បច្ចុប្បន្ន ក្រសួងការងារកំពុងបញ្ចប់សេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នាដែលនឹងអនុញ្ញាតឲ្យស្ត្រីជំនួយការមេផ្ទះ អាចមានឱកាសទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីម្តងទៀត។
លោក រ៉ូបឺតសុន បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា គឺជាជំហានមួយដ៏មានសារៈសំខាន់ វានឹងមានប្រយោជន៍តិចតួចប្រសិនបើមិនត្រូវអនុវត្តឲ្យបានត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា “ការតែងតាំងលោក សុខ ផល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញឲ្យឃើញថា កម្ពុជាមានឆន្ទៈតិចតួចក្នុងការធ្វើកំណែទម្រង់គោរពសិទ្ធិមនុស្សដែលអាចផ្ដល់ផលប្រយោជន៍ដល់ពលករចំណាកស្រុក។
ពេលទាក់ទង កាលពីថ្ងៃអង្គារ នាយឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា លោកនៅមិនទាន់ដឹងអំពីអាណត្តិជាផ្លូវការរបស់លោកនៅក្នុងនាយកដ្ឋានថ្មីនៅឡើយទេ ហើយបានបដិសេធមិនឆ្លើយសំណួរទាក់ទិននឹងជម្លោះផលប្រយោជន៍ដែលអាចកើតមានណាមួយ ដោយសារការរកស៊ីរបស់បងប្អូនបង្កើតរបស់លោក នៅក្នុងអាជីវកម្មជ្រើសរើសពលករ។ លោកបានមានប្រសាសន៍ថា “ កុំសួរខ្ញុំអំពីបញ្ហានេះ។ វាជារឿងឯកជន។ ខ្ញុំធ្វើការឲ្យរដ្ឋ”៕ សុខុម
(រាយការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ)