28.4 C
Phnom Penh

ការ​ធ្វើ​កូដកម្ម​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​នៅ​ខេត្ត​ស្វាយ​រៀង​មាន​ការ​ថយ​ចុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ កូដ​កម្មការ​ងារ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ បាន​ថយ​​​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​ម្សិល​មិញ​ ដោយ​សហ​ជីព​មួយ​ចំនួន​ បាន​រាយ​ការណ៍​ថា ចំនួន​កម្មករ​ដែល​ធ្វើ​កូដ​កម្ម​បាន​ថយ​ចុះ​ជាង​៥០​ភាគរយ​ ប៉ុន្តែ​សមាជិក​សហ​ជីព​ជាង​៤.០០០​នាក់​ នៅ​តែ​បន្ត​ការ​តវ៉ា​។

យោង​តាម​មេ​ដឹក​នាំ​សហជីព​បាន​ឲ្យ​ដឹង​ថា កូ​ដកម្ម​មួយ​ចំនួន​បាន​បន្ត​ធ្វើ​ឡើង​ចាប់​តាំង​ពី​ កម្មករ​បាន​ត្រឡប់​ពី​ការ​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​មក​វិញ​ កាល​ពី​​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍​។ កម្មករ​ប្រមាណ​១០​.០០០​នាក់​ បាន​បដិសេធ​មិន​ទៅ​ធ្វើ​ការ​ ទេកាល​ពី​ថ្ងៃ​អង្គារ​។

លោក​​ ហាក់​ ប៊ុនធី​ ប្រធាន​មន្ទីរ​ការ​ងារ​​ខេត្ត​​ស្វាយ​រៀង​ បាន​លើក​ឡើង​ថា ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​បាន​រារាំង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រវាង​និយោជក និង​កម្មករ​​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយ​រៀង​។

លោក ប៊ុន​ធី​ បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​​នេះ​ មន្ត្រី​របស់​យើង​កំពុង​ចរចា​រវាង​រោង​ចក្រ​និង​តំណាង​កម្មករ​”។

លោក​ ប៊ុនធី បាន​និយាយដោយ​សំដៅ​លើ​​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនាកម្មករ​ (CUMW) ​ថា “ប្រសិន​បើ​សហ​ជីព​គោរព​ច្បាប់​នោះ​ វា​ប្រហែល​ជា​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​ដោះ​​​ស្រាយ​បញ្ហា  ប៉ុន្តែ​ក្រុម​របស់​លោក​​ បា៉វ​ ស៊ីណា​ មិន​គោរព​ច្បាប់​ឡើយ​ ពួ​ក​គេ​តែ​ង​តែ​មាក់​ងាយ​អាជ្ញាធរ​និង​នគរ​បាល​​” ។

លោក​ ស៊ីណា​ បាន​អះ​អាង​ កាល​ពី​ម្សិល​មិញ​ថា សមាជិក​សហជីព​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ បាន​ទទួល​រង​ការគំរាម​កំហែង​ពី​សំ​ណាក់​នគរបាល​ចាប់​តាំង​ពីពេល​កូដកម្ម​បាន​ចាប់​ផ្តើម​​ម្លេ៉ះ​។ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ដ៏​​មាន​ឥទ្ធិ​ពល​បាន​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ដើម្បី​ប្រឆាំង​នឹង​សហ​ជីព​ដែល​ធ្វើ​កូដកម្ម​ដោយ​មិន​គោរព​តាម​ច្បាប់​ការ​ងារ​​។

លោក​ ខាត់​ ឡូត​ អនុ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​​ចលនា​កម្មករ​ បាន​លើក​ឡើង​ថា សហជីព​របស់​លោក​ នឹង​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​ រហូត​ទាល់​តែ​កម្មករ​ចំនួន​៤១​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រោង​ចក្រ​ចំនួន​ពីរ​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ជា​ធម្មតាឡើង​វិញ​​។

កម្មករ​ទាំង​៤១​នាក់​នេះ​ត្រូវ​បាន​បណ្តេញចេញ​ពី​រោង​ចក្រ​ ស្មាត​ ធិច (Smart Tech)  និង​រោង​ចក្រ អេ​អិន​ជេ (ANJ) បន្ទាប់​ពី​បាន​ចែក​ចាយ​ខិត្ត​ប័ណ្ណ  ដើម្បី​ផ្សព​្វផ្សាយ​ឲ្យ​កម្មករ​រោង​ចក្រ​ចូល​រួម​នៅ​ក្នុង​កូដកម្ម​ទូ​ទាំ​ង​ប្រទេស​ ដែល​គេ​គ្រោង​​​ធ្វើ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​។

លោក​ ខាត់​ ឡូត​ បាន​មាន​ប្រសាសន៍​ដោយ​​ចោទ​ប្រកាន់​ថា​ ថៅ​កែ​រោង​ចក្រ​ និង​អាជ្ញា​ធរ​​មូលដ្ឋាន​ កំពុង​រួម​ដៃ​គ្នា​ ដើម្បី​គាប​សង្កត់​សហជីព​ថា​ “អាជ្ញាធរ​ខេត្ត​គួរ​តែ​ជួ​យ​ពួក​គេ​ឲ្យ​បាន​ចូល​ធ្វើ​​ការ​​ឡើង​វិញ​” ។

កម្មករដែលធ្វើការ​នៅ​​រោង​ចក្រ​កាត់​ដេរ​ ហ្គីង កូ (Ging Ko) ​គ្រប់​គ្រង​ដោយ​ជន​ជាតិ​កូរ៉េ​​​ និង​ដែល​បាន​ចូល​រួម​ក្នុង​កូដកម្ម​កាល​ពី​ថ្ងៃ​អង្គារ​​ កំពុង​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​អ្នក​គ្រប់​គ្រង​ថ្មី​ដែលគេជឿជាក់ថា​បានលុប​បំបាត់​ចោល​​​ប្រាក់​ឧបត្ថម្ភផ្សេងៗ ចំនួន​៥ភាគរយ​​ដែល​ត្រូវ​ផ្តល់ទៅ​ឲ្យ​កម្មករ​តាម​កិច្ច​សន្យា​ថ្មី​។​

កម្មករ​នៅ​រោង​ចក្រ​ You Li International  រោង​ចក្រ​ Angkor Pring និង​នៅ​រោង​ចក្រ​ Best Way ក៏​បាន​បន្ត​ធ្វើ​កូដកម្ម​​ផង​ដែរ​ ដោយ​សារ​ម្ចាស់​រោង​ចក្រ​មិន​គោរព​តាម​ការ​សន្យា​ដែល​ថា​ នឹង​ផ្តល់​ផល​ប្រយោជន៍​នានា​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៕ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស