ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងក្នុងពិធីសម្ពោធរបាយការណ៍ថ្មីរបស់ខ្លួនកាលពីម្សិលមិញថា ប្រទេសកម្ពុជាត្រូវពន្លឿនកម្មវិធីកែទម្រង់គយ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបានផលប្រយោជន៍ពេញលេញពីរំហូរពាណិជ្ជកម្ម និងវិនិយោគដ៏ច្រើន បន្ទាប់ពីសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥។
របាយការណ៍សហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងដំណើរការបានបង្ហាញថា ដើម្បីទទួលបានផលប្រយោជន៍ពីរំហូរកាន់តែសេរីនៃទំនិញ ពលកម្ម និងមូលធន ប្រទេសកម្ពុជាត្រូវកាត់បន្ថយនីតិវិធីដែលមានច្រើនជ្រុល និងលុបបំបាត់ឧបស័គ្គចំពោះពាណិជ្ជកម្ម។
របាយការណ៍នេះមានខ្លឹមសារថា “ប្រទេសឥណ្ឌាបំពេញការងារមិនបានល្អផ្នែកគយដូចជាបញ្ហាថ្លៃចំណាយលើកុងតឺន័រនាំចូលនិងនាំចេញ និងពេលវេលា ព្រមទាំងឯកសារចាំបាច់សម្រាប់សម្រេចដំណើរការពាណិជ្ជកម្ម… ក៏ប៉ុន្តែ ប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវមានស្ថានភាពកាន់តែអាក្រក់ជាងប្រទេសឥណ្ឌាទៅទៀត”។
ប្រទេសកម្ពុជាមានភាពរីកចម្រើនផ្នែកភ័ស្តុភារ ក៏ប៉ុន្តែ នៅតែស្ថិតនៅចំណាត់ថ្នាក់ទាបផ្នែកប្រសិទ្ធភាពសាកលលោក។ នៅក្នុងរបាយការណ៍សន្ទស្សន៍ប្រសិទ្ធភាពភ័ស្តុភាររបស់ធនាគារពិភពលោក (World Bank) ដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៨៣ ក្នុងចំណោម១៦០ប្រទេស ដែលនេះជាភាពរីកចម្រើនមួយសម្រាប់ឆ្នាំ២០១២ ដែលកម្ពុជាឈរនៅចំណាត់ទី១០១។
របាយការណ៍សន្ទស្សន៍នេះមានខ្លឹមសារថា “វឌ្ឍនភាពរបស់ប្រទេសកម្ពុជាសម្រេចបានតាមរយៈការកែទម្រង់ និងការធ្វើទំនើបកម្មលើប្រតិបត្តិការនាំចូល នាំចេញ និងដឹកជញ្ជូនរបស់ខ្លួន ដូចជា ការកែលម្អ និងការធ្វើសុខដុមនីយកម្មលើនីតិវិធីគយ ឈានទៅរកស្តង់ដារអន្តរជាតិ”។
ទោះបីជាយ៉ាងណា លោក ជេយ៉េន ម៉េណុន (Jayant Menon) ប្រធានសេដ្ឋវិទូនៅការិយាល័យសមាហរណកម្មសេដ្ឋកិច្ចតំបន់នៃធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ទោះបីជាមានចំណុចរីកចម្រើនក៏ដោយ ក៏ប្រទេសកម្ពុជាត្រូវតាមឲ្យទាន់ប្រទេសជិតខាងរបស់ខ្លួន ក្នុងការអនុវត្តគោលការណ៍ច្រកចេញចូលតែមួយទូទាំងប្រទេសសម្រាប់ នីតិវិធីគយ។
សេវាកម្មច្រកចេញចូលតែមួយ នឹងជួយប្រមូលផ្តុំនាយកដ្ឋានរដ្ឋាភិបាល និងទិន្នន័យសម្រាប់សម្របសម្រួលដំណើរការដាក់ពាក្យធ្វើពាណិជ្ជកម្មកាន់តែលឿន។
លោក ម៉េណុនបានមានប្រសាសន៍នៅក្នុងពិធីនោះថា “ប្រទេសកម្ពុជាត្រូវខិតខំធ្វើការនៅផ្នែកគយ ដើម្បីពង្រឹងសមត្ថភាព។ យើងត្រូវធ្វើការប្រកបដោយភាពស៊ី សង្វាក់គ្នានៅផ្នែកច្រកចេញចូលតែមួយនៅទូទាំងប្រទេស ដើម្បីឲ្យស្របតាមនីតិវិធីច្រកចេញចូលតែមួយអាស៊ាន។ នេះគឺជាបញ្ហាប្រឈម ដ៏ធំមួយ”។
លោក ប៉ាន់ សរ៉ាសក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទោះជា នីតិវិធីស្វ័យប្រវត្តិនៅកំពង់ផែ និងនៅតាមព្រំដែន បានជួយដល់ដំណើរការធ្វើពាណិជ្ជកម្មក៏ដោយ ក៏ប៉ុស្តិ៍ត្រួតពិនិត្យគយត្រូវការបចេ្ចកវិទ្យាទំនើបជាងមុន។ លោកបានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមពីចំណុចសូន្យ។ យើងត្រូវបង្កើនល្បឿនតាមពិភពលោក ហើយយើងត្រូវអភិវឌ្ឍបច្ចេកវិទ្យា”។
លោក ស្រី ចាន់ធី សេដ្ឋវិទូឯករាជ្យ បានសរសើរកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់រដ្ឋាភិបាល ក្នុងការប្រមូលពន្ធនៅផ្នែកគយលើទំនិញនាំចូល ក៏ប៉ុន្តែ លោក បានលើក ឡើងថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
លោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាត្រូវការប្រព័ន្ធគយដែលមានភាព ស្មុគស្មាញជាងមុន ដើម្បីឲ្យអ្នកធ្វើពាណិជ្ជកម្មអាចតាមដានរំហូរទំនិញ និងសកម្មភាពនាំចេញនាំចូលឲ្យមានល្បឿនលឿនជាងមុន។ នៅពេលសម្រេចបានរឿងនេះ អ្វីគ្រប់យ៉ាង នឹងស្របតាមស្តង់ដារ និងមានភាពងាយស្រួល ហើយសមាជិកអាស៊ានអាចប្រើប្រាស់ប្រព័ន្ធ តែមួយបាន”៕ សុធា