27.5 C
Phnom Penh

សមាជិក​ក្រុម​ហ៊ែក​ឃើ​អនាមិក​ពិភព​លោក​គំរាម​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល​បន្ថែម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សមាជិក​នៃ​ក្រុម​ហ៊ែក​ឃើ​​អនាមិក​​ពិភព​លោក​ បាន​គំរាម​វាយ​ប្រហារ​​​គេហទំព័រ​របស់​នគរ​បាល​ជាតិ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាប់​ខ្លួន​សមាជិក​ក្រុម​ហ៊ែក​ឃើ​​អនាមិក​កម្ពុជា​ចំនួន​ពីរ​នាក់ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​ចូល​គេហ​ទំព័រ​របស់​​រដ្ឋាភិបាល​ចំនួន​៣០​​​ កាល​ពី​ដើម​ខែ​នេះ​។

ក្រុម​​ហ៊ែកឃើ​អនាមិក​ពិភព​លោក​បាន​សរ​សេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា   ​ “ គោល​ដៅ​វាយ​ប្រហារ​គឺ​ www.​police.​gov.​kh​។​ យើង​នឹង​ចាប់​ផ្តើម​ នៅ​ពេល​យើង​ទទួល​បាន​​អ្នក​គាំ​ទ្រ​កាន់​តែ​ច្រើន​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​សមាជិក​ពីរ​នាក់​របស់​យើង​។ សូម​​រួម​​ដៃ​ទាំង​អស់​គ្នា​ជួយ​ចែក​រំលែក​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹងពួក​យើង​។ [សមាជិក​] អនា​មិក​ទាំ​ង​អស់​នៅ​ទូ​ទាំង​ពិភពលោក​ នឹង​ចូល​រួម​ជា​មួយ​​ពួក​យើង​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​”។

ក្រុម​នេះបាន​​សរសេរ​បន្ត​ថា “នរណា​ចាប​់​ខ្លួន​សមាជិក​របស់​យើង​ យើង​នឹង​មិន​អត់​ឱន​ឲ្យ​ទេ​ ហើយ​យើង​មិន​អាច​បំភ្លេច​បានឡើយ​​​។ យើងនឹង​បន្ត​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​។ អ្នក​ឯង​​ចាប់​ខ្លួន​សមាជិក​របស់​យើង​បាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​នៅ​តែ​អាច​បន្ត​ការ​ងារ​របស់​យើង​ ហើយ​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន​ ពោល​គឺ​ ច្រើន​ជាង​មុន​ពី​១០​ដង​ទៅ​១.០០០​ដង​ និង​១០.០០០​ដង​ ។ វា​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ​”។

យោង​តាម​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ប៊ុន​ ឃីង​មង្គល​បញ្ញា​ អាយុ​២១​ឆ្នាំ​ ដែល​នៅ​តាម​អុីនធើណិត​ប្រើ​ឈ្មោះថា Sex Machine និង​ Black Cyber និង​ ជូ សុង​ហេង​ អាយុ​២១​ឆ្នាំ​ ដែល​នៅ​តាម​អុីន​ធើ​ណិត​ប្រើ​ឈ្មោះ​ថា​ Zoro ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​​ថ្ងៃ​ទី​៧​ ខែ​មេ​សា​ នៅ​ក្នុង​ប្រតិបត្តិ​ការ​​រួម​គ្នា​មួយ​រវាង​អាជ្ញា​ធរ​កម្ពុជា​ និងការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​ FBI របស់​សហ​រដ្ឋ​​អាមេរិក​ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​មិន​ត្រូវ​បាន​ប្រកាស​ឡើយ ពោល​​​គឺ​រហូត​ដល់​ដើម​សប្តាហ៍​នេះ​ ដោយ​សារ​តែ​ការ​ពន្យា​រ​ពេល​សម្រាប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​។

ឧត្ត​សេនីយ៍​ឯក​​ ឆាយ​ ស៊ី​ណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង​​នៃ​ក្រសួង​មហា​ផ្ទៃ​ ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​ជ្រែក​ចូល​គេហទំព័រ​របស់​រដ្ឋាភិបាល​និង​លួច​ទិន្នន័យ​សម្ងាត់​។

អ្នកស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៅ​មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានចោទ​ជា​សំណួរ​​ថា តើ​រដ្ឋាភិបាល​នឹង​​ប្រើប្រាស់​​ការ​ចាប់​ខ្លួន​លោក បញ្ញា​ និង​លោក​​ សុង​ហេង​ ជា​មធ្យោបាយ​ដើម្បី​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីន​ធើ​ណិត​ដែល​កំពុងតែ​មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​ជាសេចក្តី​ព្រាង​មួយ​ដែល​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​អុីន​ធើ​ណិត​​​កាល​ពី​បី​សប្តាហ​៍​មុន​ ​ឬ​យ៉ាង​ណា​​ ។

អ្នកស្រី សុភាព​ ​មាន​ប្រសាសន៍​ថា “ ការ​​​​​​ចាប់​ខ្លួន​នេះ​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​បង្កើត​​​ករណី​មួយ​សម្រាប់​ឲ្យ​​សាធារណ​ជន​គាំ​ទ្រ​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីនធើ​ណិតដ៏​តឹង​រុឹង​​ រួម​ទាំ​ង​ការ​ដាក់​ពិន័យ​ដ៏​ធ្ងន់​ធ្ងរ​ផង​ដែរ​”។ នៅ​លើ​គេហ​ទំព័រ​ធ្វីតទ័រ​ (Twitter) សមា​ជិក​​នៃ​ក្រុម​ហ៊ែក​ឃើ​ពិភពលោក​ បាន​ព្រ​មាន​ថា នឹង​មាន​ផែន​ការ​សង​សឹក​៕ ស៊ុយ​ឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស