28.4 C
Phnom Penh

ម្ចាស់​រោងចក្រ​មិន​ចូល​រួម​កិច្ច​ពិភាក្សា​អំពី​ការ​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាល​ និង​តំណាង​សហជីព​បាន​ជួប​គ្នា​សម្ងាត់​កាលពី​ម្សិលមិញ​ ដើម្បី​ចាប់​ផ្ដើម​ពិភាក្សា​រក​វិធី​កំណត់​ប្រាក់ខែ​គោល​សម្រាប់​វិស័យ​កាត់​ដេរ​ដ៏សំខាន់​ ប៉ុន្តែ​មាន​បញ្ហា​ច្រើន​របស់​កម្ពុជា​ នៅ​ឯសិក្ខាសាលា​មួយ​ដែល​មានការ​សម្រប​សម្រួល​ពី​អង្គការ​ពល​កម្ម​អន្តរជាតិ​។

ប៉ុន្តែ​ការ​ចាប់​ផ្ដើម​​កិច្ច​ពិភាក្សា​​​ត្រីភាគី​រវាង​រដ្ឋាភិបាល សហ​ជីព​ និង​ម្ចាស់​រោងចក្រ​​នេះ​​​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ការ​​ពិភាក្សា​ទ្វេ​ភាគី​ច្រើន​ជាង ដោយ​សារ​​​មិន​មាន​ការ​ចូលរួម​ពេញ​លេញ​ពីម្ចាស់​រោងចក្រ​ឡើយ​។

ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ និង​តំណាង​សហជីព​ជាច្រើន​នៅ​ក្នុង​បន្ទប់​នោះ​ គឺ​មាន​តែ​តំណាង​ម្នាក់​គត់​មក​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ដែល​តំណាង​ឲ្យ​រោង​ចក្រ​​នាំសម្លៀក​បំពាក់​ចេញ​​ជាង​​៥០០​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ទីប្រឹក្សា​ម្នាក់​នៅ​​ក្រសួង​ការ​ងារ​បាន​ឲ្យ​ដឹង​ថា វត្តមាន​តិច​តួច​របស់​ម្ចាស់​រោងចក្រ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កែទម្រង់​។

លោក ជួន មុំថុល អនុ​ប្រធាន​គណៈកម្ម​ការ​ប្រឹក្សា​ការ​ងារ​ ជា​ស្ថាប័ន​ត្រីភាគី​ដែល​មាន​ភារកិច្ច​កំណត់​ប្រាក់​ខែ​គោលបានមាន​ប្រសាសន៍​ថា “ ម្ចាស់​រោងចក្រ​មិនមក​ចូល​រួម​សិក្ខា​សាលា​នេះទេ ពីព្រោះពួកគេ​ធុញ​ទ្រាន់​នឹង​ការ​តវ៉ា​របស់​សហជីព​ ប៉ុន្តែ​ពួកគេ​បាន​ដំឡើង​ប្រាក់ខែ​គោល​”។

លោក ជួន មុំថុល ដែល​ជា​ទីប្រឹក្សា​ក្រសួង​​​ការ​ងារ​ និង​ជា​ប្រធាន​សហជីព​មួយ​​ដែល​គាំទ្រ​រដ្ឋាភិបាល​ ​មាន​ប្រសាសន៍​ថា “យើង​​​មាន​ការ​ខក​ចិត្ត​ចំពោះ​អវត្តមាន​របស់​និយោ​ជក ហើយ​ខ្ញុំគិត​ថា ការ​ពិភាក្សា​នៅ​ថ្ងៃ​នេះ​មិន​​អាច​យក​ជា​ការ​ទេ ពីព្រោះនេះ​គឺ​ជា​កិច្ច​ពិគ្រោះយោបល់​ត្រីភាគី”។ លោក​បាន​មាន​ប្រសាសន៍​ថា “បាត់​ភាគី​មួយ ​ដូច្នេះ​កិច្ច​ពិភាក្សា​នេះមិនអាច​ប្រើ​​ប្រាស់​ដើម្បី​នាំ​ឲ្យ​មាន​​លទ្ធផល​​ផ្លូវ​ការ​បាន​​ទេ​”។

លោក អាត់ ធន់ ប្រធាន​សហភាព​ការ​ងារ​​​កម្ពុជា​ បានមាន​ប្រសាសន៍​ថា លោក​រីក​រាយ​ចំពោះ​ការ​ចូលរួម​របស់​តំណាង​សហជីព​នៅ​សិក្ខា​សាលា​នេះ ប៉ុន្តែ​លោក​ជឿ​ថា ការ​ខ្វះ​តំណាង​រោងចក្រ​​បង្ហាញ​ថា ពួកគេ​មិន​ចាប់​អារម្មណ៍​​ចំពោះ​ការ​កែទម្រង់​ប្រព័ន្ធ​កំណត់​ប្រាក់​ខែ​​ទេ​។

លោក​ អាត់ ធន់ ដែល​មានការ​ព្រួយ​បារម្ភ​ថា កង្វះការ​ចាប់​អារម្មណ៍ពីសមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ដំណើរ​ការ​នេះ​​​​បានមាន​ប្រសាសន៍​ថា “ការ​ចូល​រួម​នេះល្អ​ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា និយោជក​​មិន​មក​ចូល​រួម​”។

ការ​សិក្សាមួយ​ដែល​គាំទ្រ​ដោយ​រដ្ឋា​ភិបាលកាលពីឆ្នាំមុនបាន​រក​ឃើញ​ថា ​កម្មករ​រោងចក្រកាត់ដេរ​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​តិច​១៥៥​ដុល្លារ​ក្នុង​មួយ​ខែ​ទើប​អាច​រស់​បាន​សម​រម្យ។ ប៉ុន្តែ​គណៈកម្មការ​ប្រឹក្សា​ការ​ងារ​បាន​កំណត់​តែ​៩៥​ដុល្លារ​ ហើយ​ក្រសួង​ការ​ងារ​បាន​បង្កើ​ន​​​ដល់​១០០​ដុល្លារ​ពីរ​បីថ្ងៃ​ក្រោយ​មក​ ចំ​ពេល​មាន​ការ​ធ្វើ​កូដ​កម្ម​ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ និង​សហជីព​ផ្សេ​ង​ទៀត​ដើម្បីទាម​ទារ​​ប្រាក់​ខែគោល​១៦០​ដុល្លារ​។

សហជីព​ដែល​ធ្វើ​កូដ​កម្ម​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ប្រាក់​ខែ​ថ្មីនេះ​ គឺ​ជា​ភ័ស្តុ​តាង​បង្ហាញ​ថា គណៈកម្មការ​ប្រឹក្សា​ការ​ងារ​ត្រូវ​ការ​កែទម្រង់​ ពី​ព្រោះគណៈកម្មការ​នេះ​​ដាក់​​សំឡេង​គាំទ្រ​រដ្ឋាភិបាល​ច្រើន​ពេក​។ ប៉ុន្តែ​ការ​ធ្វើ​កូដ​កម្ម​របស់​ពួកគេ​បាន​បញ្ចប់​ភ្លាម​ៗ​កាលពីថ្ងៃទី​៣ ខែមករា បន្ទាប់ពី​កង​រាជ​អាវុធ​ហត្ថ​​បាន​បាញ់​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទី​​ក្រុង​ភ្នំពេញ​​ធ្វើ​ឲ្យ​កម្មករ​ប្រាំ​នាក់​ស្លាប់ និង​រង​របួស​​​​ជាង​៤០​នាក់​ទៀត​។

ដោយ​សង្ឃឹម​ថា អាច​ទប់​​ស្កាត់​មិន​ឲ្យ​មាន​​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ដែល​បណ្ដាល​ឲ្យ​មាន​​មនុស្ស​ស្លាប់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ អង្គ​ការ​​ពល​កម្ម​អន្តរជាតិ បាន​​ផ្តល់​​ជំនួយ​​ដល់​ក្រសួង​ការ​ងារ​កាលពីខែ​មករា ដោយ​មាន​វិធី​សាស្ត្រ​​កាន់​តែ​រឹង​មាំជាង​មុន​សម្រាប់​កំណត់​​ប្រាក់​ខែ​គោល​ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​ហ្មត់​ចត់​ ដែល​​រដ្ឋាភិបាល​ រោងចក្រ​ និង​សហជីព​មាន​ការ​ពេញ​ចិត្ត​ទាំង​អស់​គ្នា​។

សិក្ខា​សាលា​ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ​ គឺ​ជា​ឱកាស​លើក​ដំបូង​សម្រាប់ភាគី​ទាំង​បី​ពិភាក្សា​គ្នា​រក​វិធី​ដោះស្រាយ​​បញ្ហា​នេះ​។នេះក៏​ជា​កិច្ច​ប្រជុំ​ត្រីភាគី​លើក​ដំបូង​ដែរ​ចាប់​តាំង​ពី​ការ​បង្ក្រាប​ដោយហិង្សា​កាលពីខែមករាមក​។

លោក ទុន សុភ័ណ អ្នកសម្រប​សម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការ​ពល​កម្មអន្តរជាតិ​ បាន​មាន​​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មាន​ការ​ចូល​រួម​​​ច្រើនពីម្ចាស់​រោងចក្រ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​​ថា ការ​អញ្ជើញ​ម្ចាស់​រោងចក្រ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ការងារ​​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​ពិត​ជា​ចង់​ឃើញ​ឆន្ទៈ​ល្អ និង​ការ​ចូល​រួម​​ក្នុង​កិច្ច​​ពិភាក្សា​ត្រីភាគី​ ហើយ​ប្រសិន​បើ​និយោ​ជក​មិន​​​មក​ចូល​រួមទេ តើ​យើង​អាច​ធ្វើ​អ្វីកើត​?” ។

ប៉ុន្តែ​លោក សុភ័ណ បាន​មាន​ប្រសាសន៍​ថា វត្តមាន​តិច​តួច​របស់​ម្ចាស់​រោងចក្រ​នៅ​ក្នុង​សិក្ខា​សាលា​នេះ​នឹង​ត្រូវ​សម្រួល​ដោយ​តំណាង​របស់ពួកគេ​នៅ​គណៈកម្មការ​ប្រឹក្សា​ការ​ងារ​នេះ​ ដែល​នឹង​រាយការណ៍​ពេញ​លេញ​​​​អំពី​សិក្ខា​សាលា​នេះ​ និង​សម្រេច​អំពី​អ្វីដែល​ត្រូវ​ធ្វើ​លើក​ក្រោយ​។

ដូ​ចលោក ជួន មុំថុល ដែរ​ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការ​ងារបានមាន​ប្រសា​សន៍៍​​ថា និយោជក​នៅ​តែ​មិន​មាន​ជំនឿ​លើ​ឆន្ទៈ​ល្អ​របស់​សហជីព​។

លោក​បានមាន​ប្រសាសន៍​ថា “នៅ​ក្នុង​ចិត្ត​របស់​និយោជក​នៅ​តែ​មិនមាន​បរិយា​កាស​​​ល្អ​​មក​អង្គុយ​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពី​រ​ ពីព្រោះសហជីព​នៅតែ​គំរាមធ្វើការ​តវ៉ា​”។ លោក​បាន​ជំរុញ​ឲ្យ​សហជីព​ និង​និយោ​ជក​ព្យាយាម​យល់​ចិត្ត​គ្នា​បន្ថែមទៀត​។

សហជីព​មួយ​ក្រុម​ក្នុង​ចំណោម​សហជីព​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​ប្រាំបី​កំពុង​រៀប​ចំផែន​ការ​ជួប​ជុំគ្នា​នៅ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃទី​១ ខែ​ឧសភា ដើម្បី​បន្ត​ការ​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ ថ្វីបើ​សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​កាលពីរសៀល​ម្សិល​​​មិញ​មិនអនុញ្ញាត​ឲ្យ​ពួកគេ​ក៏ដោយ​។

ប៉ុន្តែ​លោក ហេង សួរ មិន​ជឿ​ថា វត្តមាន​តិច​តួច​របស់​និយោជក​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​កែ​ទម្រង់​​របស់​រដ្ឋា​ភិបាល​ទេ ពីព្រោះ​តំណាង​​សមាគម​រោង​ចក្រ​​កាត់ដេរ​ ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ចូល​រួម​សិក្សា​សា​លានេ​ះ​នឹង​រាយការណ៍​ប្រាប់​និយោ​​ជក​​​ឲ្យ​ដឹង​ពីអ្វីដែល​បាន​កើត​ឡើង​។

លោក​ ហេង សួរ បាន​បន្ថែម​ថា “ខ្ញុំ​សូម​បញ្ជាក់​ថា សិក្ខា​សាលា​នេះ​មិនមែន​សម្រាប់​ធ្វើ​សេចក្ដី​សម្រេច​ណាមួយ​ទេ។ យើង​គ្រាន់​តែ​ប្រមូល​យោបល់ និង​ទស្សន​របស់​អ្នក​ចូល​រួម​ដើម្បី​ដាក់ឲ្យ​គណៈកម្មការ​ប្រឹក្សា​ការ​ងារ​សម្រេច​តែប៉ុណ្ណោះ​”។

នៅ​ក្នុង​សុន្ទរកថា​​បើក​សិក្ខា​សាលា​នេះ​ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ ដែល​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សារ​ការ​ងារ​នេះ​ដែរ​បាន​និយាយ​អំពីប្រព័ន្ធ​កំណត់​ប្រាក់​ខែ​ ដែល​ត្រូវ​ពិចារណា​លើ​កត្តា​ជាច្រើន​ចាប់​ពី​តម្លៃ​​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀក​បំពាក់​​ ប្រាក​់​ខែ​នៅ​ក្នុង​ប្រទេស​ប្រកួត​ប្រជែង​ និង​​ប្រាក់​ចំណេញ​​​របស់​និយោជក​​ ព្រម​ទាំង​ប្រាក់​ខែ​សម​រម្យ​របស់​​កម្មករ​​។

សហជីព​នៅ​ពីក្រោយការ​ធ្វើ​កូដកម្ម​នេះ​ចង់​កែទម្រង់​គណៈកម្មការ​ប្រឹក្សា​ការ​ងារ​​ដោយ​​​ផ្ដល​់គណៈកម្មការ​នេះ​​ នូវ​​លេខាធិការ​ដ្ឋាន​អចិន្ត្រៃ​យ៍​មួយ​​ដើម្បី​ដោះ​ស្រាយ​បន្ទុក​ការ​ងារ​របស់​គណៈកម្មការ​នេះ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ អង្គ​ភាព​ស្រាវ​ជ្រាវ​ដែល​មាន​ការ​លះបង់ និង​មាន​តុល្យភាព​មួយ​​ អាសនៈ​ស្មើ​ៗ​​គ្នា​សម្រាប់​ភាគីទាំង​បី​ និង​ការ​អនុ​ញ្ញាត​​ឲ្យ​សមាជិក​រក្សា​​​ការ​សម្ងាត់​​ស​ំឡេង​ឆ្នោត​របស់​ខ្លួន​ដើម្បី​ចៀស​វាង​ការ​ដាក់សម្ពាធ​មិន​ត្រឹម​ត្រូវ​ណាមួយ​។ មន្ត្រី​នៅ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​មិន​បាន​ទទួល​ការ​ហៅទូរស័ព្ទ​ទេ៕ គឹមហឿន 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស