សហព្រះរាជអាជ្ញាអន្តរជាតិ នៅសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ បានស្នើសហ ចៅក្រមសាកសួររបស់តុលាការនេះពិចា រណា ការចោទប្រកាន់ពីបទរំលោភ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការរួមភេទ និងអំពើហិង្សាផ្អែកលើជេនឌ័រ ក្នុងការស៊ើបអង្កេតរបស់ពួកគេទៅក្នុងសំណុំរឿង០០៤ដែលជំទាស់ដោយរដ្ឋាភិបាល។
សំណុំរឿងនេះត្រូវបានលើកយកមកពិចារណាដោយព្រះរាជអាជ្ញាក្នុងខែកញ្ញាឆ្នាំ២០០៩ ដែលចោទថា មន្ត្រីថ្នាក់កណ្តាលរបស់ខ្មែរក្រហម គឺ តា ទិត្យ តាអាន និង អុឹម ជាម បានគ្រប់គ្រង ឬដឹកនាំការកម្ទេចនៅភាគកណ្តាលនិងភាគពាយព្យ ព្រមទាំងការប្រហារជីវិតបងប្អូនខ្មែរក្រោម និងចាមមូស្លីម នៅក្នុងខេត្តទាំងអស់ប្រាំមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក នីកូឡាស់គុំជាន (Nicholas Koumjian) បានលើកឡើងថា លោកចង់ឲ្យមានការស៊ើបអង្កេតដើម្បីរាប់បញ្ចូល “ អំពើហិង្សាផ្លូវភេទ ឬផ្អែកលើជេនឌ័រ ព្រមទាំងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងស្រុកសំខាន់ៗ ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ជាផ្នែកនៃសំណុំរឿងនេះ។
លោកបានមានប្រសាសន៍ថា “ការចោទប្រកាន់នេះរាប់ទាំងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ រួមទាំងការកើតមានដែលពេលនោះគូស្វាមីភរិយាដល់ទៅ៨០គូ ត្រូវបានឲ្យរៀបអាពាហ៍ពិពាហ៍នៅក្នុងពិធីតែមួយ”។
លោកបានបន្ថែមថា “ ការចោទប្រកាន់នេះក៏រាប់បញ្ចូលការចាប់រំលោភ និងអំពើហិង្សាផ្លូវភេទនៅក្រៅបរិបទនៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ រាប់ទាំងការកើតមានជាទីដែលស្ត្រីត្រូវបានចាប់រំលោភ មុនពេលសម្លាប់ និងការកើតមាន ដែលស្ត្រីដែលរាយការណ៍អំពីការចាប់រំលោភ អំឡុងរបបខ្មែរក្រហមត្រូវបានប្រហារជីវិតជាបន្តបន្ទាប់”។
លោកបានលើកឡើងថា ភ័ស្តុតាងនេះស្របនឹងនិយមន័យស្តីពីឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិហើយថា សំណើមួយសុំកាត់បន្ថយចំនួនទីកន្លែងឧក្រិដ្ឋកម្ម ដែលត្រូវបានគេពិចារណានោះ នឹងបង្កើនការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤។
សំណុំរឿងទាំងពីរនេះ ត្រូវបានជំទាស់ដាច់ខាតដោយរដ្ឋាភិបាល ហើយការស៊ើបអង្កេត បច្ចុប្បន្នកំពុងត្រូវធ្វើឡើងដោយភាគីអន្តរជាតិ នៃការិយាល័យចៅក្រមសាកសួរ។
លោក ឡុង បញ្ញាវុធ មន្ត្រីទទួលបន្ទុកកម្មវិធីនៅអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌អន្តរជាតិបានលើកសរសើរអំពីសំណើបន្ថែមរបស់ព្រះរាជអាជ្ញា។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាជាការល្អ ដែលជាការល្អផងដែរសម្រាប់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ”។
ជនរងគ្រោះខ្លះក្នុងចំណោមជនរងគ្រោះទាំងនោះ បានប្រាប់អំពីការឈឺចាប់របស់ខ្លួននៅឯសវនាការរបស់ស្ត្រីក្រៅប្រព័ន្ធតុលាការ ដែលត្រូវបានបង្កើតឡើងកន្លងមក ជាវិធីមួយដើម្បីដាក់សម្ពាធតុលាការក្នុងការទទួលស្គាល់ឧក្រិដ្ឋកម្មបែបនេះ។
លោក ឌួង សាវ៉ន ដែលដំណើរការកម្មវិធីអំពើហិង្សាផ្អែកលើជេនឌ័រនៅឯក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថា លោកបានអំពាវនាវដោយផ្ទាល់ដល់លោក គុំជាន ដែលបានជំនួសអតីតព្រះរាជអាជ្ញា អាន់ឌ្រូ កាឡី (Andrew Cayley ) កាលពីឆ្នាំទៅដើម្បីលើកឡើងពីបញ្ហានេះ។
លោក សាវ៉ន បានលើកឡើងថា “ យើងគ្មានសង្ឃឹមច្រើននៅក្នុងតុលាការទេ នោះជាមូលហេតុដែលយើងបើកចំហឲ្យស្ត្រីជជែក”។ លោកបានបន្តថា “វាជាការតស៊ូមតិមួយបែបទៅនឹងតុលាការ ដែលយើងអាចនិយាយបានថា ‘ មើលស្ត្រីទាំងនេះនិយាយ ពួកគាត់ត្រូវការការទទួលយកបាន’ ”៕ ប៊ុននី