លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីបេឡារុសរបស់លោកគឺលោក មុីកហាល់ មី យ៉ាស់នីកូវីច (Kikhail Myasnikovich) បានឯកភាពគ្នាជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រវាងប្រទេសទាំងពីរ អំឡុងជំនួបមួយរវាងគណៈប្រតិភូជាន់ខ្ពស់នៅប្រទេសទាំងពីរកាលពីម្សិលមិញ នៅទីក្រុងមីន។
គណៈប្រតិភូនៃប្រទេសទាំងពីរបានជួបប្រជុំគ្នា មួយថ្ងៃបន្ទាប់ពីក្រុមប្រតិភូរបស់លោក ហ៊ុន សែន ដែលរួមមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក៏ដូចជា លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើផែនការពាណិជ្ជកម្មសំខាន់ៗជាច្រើន អំឡុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)។
លោក មីយ៉ាស់នីកូវីច បានលើកឡើងថា កិច្ចព្រមព្រៀងទាំង១០ដែលភាគីបេឡារុស និងកម្ពុជាបានចុះហត្ថលេខាជាមួយគ្នានឹងនាំ ឲ្យមានសកម្មភាពវិនិយោគ និងការបង្កើតថ្មីមានកាន់តែច្រើនរវាងប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើយើងព្រមព្រៀងគ្នាលើការអនុវត្តគម្រោងយុទ្ធសាស្រ្តទ្រង់ទ្រាយធំ យើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ពិចារណាអំពីការផ្ទេរបច្ចេកវិទ្យាមកប្រទេសរបស់អ្នក” នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស។ លោកបានលើកឡើងថា កិច្ចព្រមព្រៀងទាំងនេះនឹង “ជួយពង្រឹងមូលដ្ឋានច្បាប់ និងកិច្ចសន្យានៃកិច្ចសហប្រតិបត្តិការទ្វេភាគីគួរឲ្យកត់សម្គាល់”។
យោងតាមតួលេខរដ្ឋាភិបាលបេឡារុសបានឲ្យដឹងថា តម្លៃពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាមានសរុបចំនួន៦,៣លានដុល្លារ ក្នុងឆ្នាំ២០១៣ ពោលគឺកើនឡើង២០០ភាគរយបើធៀបនឹងឆ្នាំ២០១២។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់១,៤លានដុល្លារ ពោលគឺកើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញនាំចេញពីប្រទេសបេឡារុសមកប្រទេសកម្ពុជាមានដូចជា ជីរទឹកក្បុង និងត្រាក់ទ័រ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡាុរុស ដែលបានរាយការណ៍បន្ថែមទៀតថា ត្រាក់ទ័រផលិតនៅប្រទេសបេឡារុសបានចូលរួមចំណែកជាងពាក់កណ្តាលនៃចំនួនត្រាក់ទ័រសរុបដែលត្រូវបានប្រើប្រាស់នៅប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍រួមមួយចុះហត្ថលេខាដោយលោក ហ៊ុន សែន និងលោក មីយ៉ាស់នីកូវីច បានឲ្យដឹងថា វិស័យពាណិជ្ជកម្មទ្វេភាគីនឹងត្រូវបានជំរុញនៅក្នុងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារថា “ភាគីកម្ពុជានឹងផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ផ្សព្វផ្សាយគ្រឿងចក្រសម្រាប់វិស័យកសិកម្ម រថយន្តដឹកសំរាម រថយន្តដឹកទំនិញ សំបកកង់ ជីរ ឱសថ ឧបភោគបរិភោគ និងទំនិញផ្សេងៗទៀត”។
សេចក្តីថ្លែងដដែលមានខ្លឹមសារបន្តទៀតថា “ភាគីបេឡារុសនឹងជួយប្រទេសកម្ពុជាក្នុងការបង្កើនទំនិញនាំចេញទៅប្រទេសបេឡារុស ដូចជា អង្ករ គ្រឿងសមុទ្រ កៅស៊ូ និងទំនិញប្រពៃណីខ្មែរផ្សេងៗទៀត”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឯកភាពចំពោះផែនការបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលបេឡារុស-កម្ពុជា ទទួលបន្ទុកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រី បេឡារុស បានអបអរសាទរគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា ប្រកបដោយភាពចម្រូងចម្រាស។ ប៉ុន្តែ លោក មីយ៉ាស់នីកូវីច បានលើកឡើងថា ការបោះឆ្នោតនោះត្រូវបានរៀបចំប្រកបដោយបរិយាកាសសេរី យុត្តិធម៌ និងសន្តិភាព៕សុធា