27 C
Phnom Penh

រដ្ឋាភិបាល​ចេញផ្សាយ​របាយការ​ណ៍​សវនកម្ម​យឺ​ត​យ៉ាវ​ប្រាំ​ឆ្នាំ​និង​មាន​គុណ​វិបត្តិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជាង​ប្រាំឆ្នាំ​បន្ទាប់ពី​ការ​បិទ​​ឆ្នាំ​សារពើ​ពន្ធ​២០០៨ កាលពី​ម្សិលមិញ​អាជ្ញាធរ​​​សវនកម្ម​ជាតិ​បាន​ចេញ​ផ្សាយ​របាយ​ការ​ណ៍​សវនកម្ម​របស់ខ្លួន​អំពីការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុរបស់រដ្ឋាភិបាល​កាល​ពី​​ឆ្នាំ​២០០៨។

របាយការណ៍ដែលមាន​៣៨ទំព័រ​នេះ​​គឺ​ជា​របាយ​ការណ៍​សវនកម្ម​លើក​ទី​៣​​​​ដែលបាន​ធ្វើ​ចាប់តាំង​ពី​នាយក​ដ្ឋាន​នេះ​បាន​បើក​កាល​​កាល​ពីឆ្នាំ​២០០០ និង​​​បាន​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​ក្នុង​ឆ្នាំ​២០០២។

លោកស្រី សោម គឹមសួគ៌ អគ្គនាយិកា​អាជ្ញាធរ​សវនកម្ម​ជាតិបាន​មាន​ប្រសា​សន៍​​នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​​របាយការ​ណ៍នេះ​​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណាថា “គោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ​នេះ​គឺ​ដើម្បី​ជូន​ដំណឹង​ដល់​សាធារ​ណជន​ និង​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​លើក​កម្ពស់​ហិរញ្ញវត្ថុសាធារណៈ និង​កិច្ច​សហ​ប្រតិបត្តិការ​ដោយ​លើក​ឡើង​ពី​ចំណុច​​​​​ខ្វះខាត​នៅក្នុង​ការ​អនុវត្ត​​​ថវិកាមុនៗ”។

ក្នុង​ចំណោម​ចំណុច​ខ្វះខាត​ដែលបាន​បង្ហាញនៅក្នុង​របាយការណ៍នោះ​គឺ​ការ​ត្រួត​​ពិនិត្យ​តម្លៃពន្ធ​មិន​គ្រប់គ្រាន់ ការ​ប្រកាស​ពន្ធ​មិន​ពេញលេញ​ពី​សំណាក់​ក្រុម​ហ៊ុន​​ជាច្រើន កង្វះជំរឿន​​អាជីវកម្ម​ និង​​ដំណើរ​ការ​លទ្ធកម្ម​មិន​ត្រឹមត្រូវ​របស់​ទីភ្នាក់​ងារ​រដ្ឋា​ភិបាល​​។

លោកស្រី គឹមសួគ៌ បានមាន​ប្រសា​សន៍​ថា របាយការណ៍នេះ​ត្រូវ​បាន​បញ្ជូនទៅ​រដ្ឋ​សភា និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​កំណែទម្រង់​តាម​​​ការ​លើក​ឡើង​។

អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយទេ ប៉ុន្តែ​​លោក ប៊ូ ប៊ុណ្ណារ៉ា ប្រធានផ្នែក​​ទំនាក់​​​ទំនង​សាធារណៈ​នៅ​អគ្គ នា​យកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​​បាន​លើក​​​ឡើង​ថា ​អនុសា​សន៍​មួយ​ចំនួន​សម្រាប់​អគ្គ​នាយដ្ឋាន​​របស់​​លោកគឺ​ហួស​សម័យ​ទៅ​ហើយ​​។​​ លោក​ថ្លែង​​​ថា “យើង​បាន​កែ​តម្រូវ និង​ធ្វើ​​​​កំណែទម្រង់​យ៉ាង​ច្រើន​ [ចាប់​តាំង​ពី​ឆ្នាំ​២០០៨​​​​មក​] ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​”។

ទន្ទឹមនឹង​នេះ បញ្ហា​សំខាន់​ៗ​ដែល​​មិន​មាន​​​​​​​នៅ​ក្នុង​​របាយការណ៍​សវនកម្ម​របស់​អាជ្ញាធ​រ​សវន​កម្មជាតិ​ រួមមាន​របាយការណ៍​​​​ដោះ​ដូរ​អចលន​ទ្រព្យ​របស់រដ្ឋ​ និង​ការ​ិយា​ល័យ​រដ្ឋា​ភិបាល​ ព្រម​ទាំង​​មន្ត្រី​ដែល​បាន​ទិញ​សម្ភារ​ការិយាល័យ​ ប៉ុន្តែ​មិន​មាន​វិក្កយបត្រ​។

​នៅ​ពេល​សួរ​ពីមូលហេតុនៃការ​​​មិន​សើុប​អង្កេត​លើ​ការ​ដោះ​ដូរ​ដី​​​​នោះ លោក​ស្រី គឹមសួគ៌ មាន​ប្រសាសន៍​ថា អាជ្ញា​ធរ​សវន​​​កម្ម​ជាតិ​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​​ទេ…​ព្រោះ​វា​គ្រាន់​តែជា​បញ្ហា​សេះ​ដាច់​យក​សេះ​​​​​តាម​ប៉ុណ្ណោះ។ យើង​គ្រាន់​​តែ​រង់​ចាំ​មើល និង​​​​​​​​​​តាម​ដាន​បន្ថែម​ទៀត​​ប៉ុណ្ណោះ​”។

លោក សន ជ័យ មន្ត្រី​នៅ​បណ្ដាញ​ទំនាក់​ទំនង​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​តំបន់​អាស៊ីបូពា៌ និង​ប៉ាស៊ីហ្វិក ជា​ស្ថាប័ន​ប្រចាំ​តំបន់​ដែល​ជំរុញ​ឲ្យ​​រដ្ឋាភិបាលមាន​​តម្លាភា​ព​​​​ជាង​មុន​នោះ​មាន​ប្រសាសន៍​ថា របាយការណ៍​​សវន​ក​ម្ម​នេះ​អាច​ចាត់ទុក​ថា មាន​គុណវិបត្តិ​ច្រើន​។

លោក​មាន​ប្រសាសន៍​ថា “ខ្ញុំគិត​ថា គម្លាត​​រវាង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤​គឺខុស​គ្នា​ឆ្ងាយ​​​​​ណាស់​ វា​ជា​របាយការណ៍​​ហួស​សម័យ​។ ពួក​គេ​បាន​រ​កឃើញ​បញ្ហា​ជា​ច្រើន​​ចាប់ពី​ឆ្នាំ​២០០៨​​មក​ ដូច្នេះ​អ្នក​ដែល​ជាប់ពាក់​ព័ន្ធ​អាច​ធ្វើការ​​កែតម្រូវ​បញ្ហា​ទាំង​នេះ [ពីព្រោះ​] មាន​ន័យ​ថា របាយការណ៍​នេះ​គ្មាន​ប្រយោជន៍​”។

លោក សន ជ័យ មាន​ប្រសាសន៍​ថា លោក​​​​​​​ព្រួយ​បារម្ភថា ​ការ​ពន្យារ​ពេល​យូរ​​​បែប​​​​​​​នេះ​បង្ហាញ​ថា អាជ្ញា​ធរ​សវនកម្មជាតិ​​រៀប​ចំ​មិន​បាន​ល្អ​​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​បែបនេះ។ លោក​​មាន​ប្រសាសន៍​ថា “យើង​បារម្ភ​ថា ពួកគេ​មិនមាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​រឿង​ហ្នឹង​ទេ។ របាយ​ការណ៍​របស់​​ពួកគេ​​មិន​ត្រឹម​ត្រូវ​ទេ​”។

លោកស្រី គឹមសួគ៌ បាន​មាន​ប្រសា​សន៍​ថា អាជ្ញាធរ​សវនកម្ម​ជាតិ​រំពឹង​ថា នឹង​ចេញ​ផ្សាយ​របាយការណ៍​សវនកម្ម​ឆ្នាំ​២០១០​ និង​២០១១​របស់ខ្លួន​​​ក្នុង​ឆ្នាំ​នេះ ៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស