26 C
Phnom Penh

​អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងអគ្គនាយកដ្ឋានអត្ត​សញ្ញាណកម្ម​​​ស្បថចូ​ល​កាន់​តំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​តែង​តាំង​អគ្គ​នាយក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​អត្តសញ្ញាណ​ថ្មី​របស់​ក្រសួង​នេះ​។ គួរ​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​អគ្គនាយក​ដ្ឋាន​ទាំង​ពីរនាក់​បាន​​​ចាក​ចេញ​ពី​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ដើម្បី​ទទួល​បាន​តំណែង​នេះ។

​ក្នុង​ពិធី​នោះ​លោកឧត្តមសេនីយ៍៍​ ចាន់ អៀន អគ្គស្នង​ការ​រង​នគរបាល​ជាតិ​​បាន​អាន​រាជក្រឹត្យ​ចុះ​ថ្ងៃទី១២ខែមេសា ដែល​តែង​តាំង​​លោក សុខ ផល ជា​អគ្គនាយក​ថ្មី​នៃ​អគ្គ​នាយក​​​ដ្ឋាន​អន្តោ​ប្រវេសន៍​ និង​លោក ម៉ៅ ចាន់តា​រា ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ខែ​មេសា​​ចុះ​ហត្ថលេខា​ដោ​យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​លោកឧត្តមសេនីយ៍៍​ចាន់ អៀន អានផង​ដែរ បាន​ឲ្យ​ដឹង​ថា អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ថ្មី​នេះ​ នឹង​មាន​នាយក​ដ្ឋាន​ប្រាំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដែល​មាន​អំណាច​ផ្ទេរ​ពីរ​អគ្គស្នង​ការ​នគរបាល​ជាតិ​។ នឹង​មាន​នាយកដ្ឋាន​មួយ​សម្រាប់​ជន​អន្តោ​ប្រវេសន៍​ ជន​មិន​អន្តោប្រវេសន៍​បរ​ទេស ជន​អន្តោប្រវេស​ន៍​ផ្នែក​វិនិយោគ​ឯក​ជន​ ប៉ុស្តិ៍ ត្រួត​ពិនិត្យអន្តរជាតិ​​ និង​ស្ថិតិ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​ក៏​នឹង​មាន​នាយកដ្ឋាន​សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​​ លិខិត​ឆ្លង​ដែន​ សញ្ជាតិ និង​ស្ថិតិ នេះ​បើ​យោង​​តាម​អនុក្រឹត្យ​ដដែល។

លោកឧត្តមសេនីយ៍៍​ ចាន់តារា​ បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថារបស់​លោកថា លោក​ និង​ឧត្តមសេនីយ៍៍​ សុខផល នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ​ជាមួយ​នគរបាល​ជាតិ​ ទោះ​បី​ជា​លោក​ទាំង​ពីរ​ផ្លាស់​មក​ក្រសួង​មហាផ្ទៃ​ និង​លាលែង​ពី​តំណែង​ជា​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ក៏​ដោយ​។ លោកឧត្តមសេនីយ៍​ ចាន់តារា បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បន្ត​កិច្ច​សហការ​ជា​មួយ​​អគ្គស្នង​ការ​នគរបាល​ជាតិ និង​អគ្គ​នាយក​ដ្ឋាន​ផ្សេងៗទៀត​នៃ​ក្រសួង​មហាផ្ទៃ​ ព្រម​ទាំង​ស្ថាប័ន​ដទៃទៀត ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ ធានា​សុវត្ថិភាព​សង្គម​ ការពារ​សន្តិ​សុខ​សង្គម​ និង​ការពារ​ទឹក​ដី​ជាតិ​”។

នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នោះ​លោក​ឧត្តមសេនីយ៍​ ចាន់​​ អៀន ក៏​បាន​អាន​សេចក្តី​សម្រេច​ធ្វើ​ឡើង​ដោយ​លោក ស ខេង កាលពី​ថ្ងៃ​ពុធផង​ដែរ ដើម្បី​ចាត់​តាំង​រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ​ឲ្យ​ត្រួត​ពិនិត្យ​អគ្គនាយក​ដ្ឋាន​ថ្មី​ៗ​ទាំង​នេះ​ផង​ដែរ។ លោក​បាន​ឲ្យ​ដឹង​ថា លោក​ អុ៊ក គឹមលេក នឹង​ជួយ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ថ្មី​ ខណៈ​ដែល​លោក ព្រំ សុខា នឹង​ជួយនាយកដ្ឋាន​អត្ត​សញ្ញាណ។

លោក ស ខេង បាន​កត់​សម្គាល់​នៅ​ក្នុង​សុន្ទរកថា​របស់​លោកថា លោក​និងលោក នេត ​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឯក​ភាព​គ្នា​ដំឡើង​ឋានៈ​មន្ត្រី​បី​រូប​ឲ្យ​ក្លាយ​ជា​​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ ដោយ​ត្រៀម​អនុក្រឹត្យ​មិន​ទាន់​សម្រេច​មួយ​។

មន្ត្រី​បី​នាក់​នោះ​នឹងរួម​មាន​លោក គៀត ចាន់​ថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​ លោក ថោង លីម ប្រធាន​នាយករដ្ឋាន​កណ្តាល​សន្តិ​សុខ​ និងលោក ឆៃ ស៊ីណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ នេះ​បើយោង​តាមលោក ស ខេង​។

លោក សេង ផល្លី អតីត​សាកលវិទ្យាធិការ​ សាកល​វិទ្យាល័យ​​ធនធាន​មនុស្ស​ និង​ជាទី​ប្រឹក្សា​លោក ស ខេង ក៏​បាន​ស្បថ​ក្នុង​ពិធី​កាល​ពី​ម្សិលមិញ ដើម្បី​ចូល​កាន់​តំណែង​ជា​នាយក​ថ្មី​បណ្ឌិត​សភា​នគរបាល​កម្ពុជា​ ជំនួស​លោក ម៉ា ឈឿន ដែល​បាន​ចាក​ចេញ​ទៅ​។

លោកឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​តាម​ទូរ​ស័ព្ទ​ បន្ទាប់​ពី​ពិធី​ស្បថ​ចូល​កាន់​តំណែង​កាលពី​ម្សិលមិញ​ថា ការ​ផ្ទេរ​ភារកិច្ច​ពី​អគ្គស្នងការ​នគរ​បាល​ជាតិ​ទៅ​ស្ថាប័ន​កម្រិត​ស្នើ​គ្នា​ ​​ក្នុង​ក្រសួង​​មហាផ្ទៃ​មិន​កាត់​បន្ថយ​អំណាច​របស់​លោក​ឧត្តមសេនីយ៍​ នេត សាវឿន​ ទេ។

លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសា​សន៍​ថា “ឯកឧត្តម​ ស ខេង បាន​បញ្ជាក់​ថា … លោកបាន​ពិភាក្សា​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​រួច​ហើយ​ ហើយ​លោក​មិន​ដក​អំណាច​ពី​ឧត្តមសេនីយ៍​ នេត សាវឿន ទេ។ នឹងនៅ​តែ​​មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ​រវាង​​នគរ​បាលជាតិ​ និង​អគ្គនាយករដ្ឋាន​អន្តោប្រវេសន៍​ និង​អត្តសញ្ញាណ​”៕ សុធា

(រាយការណ៍​បន្ថែម​ដោយ Alex Willemyns)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស