31 C
Phnom Penh

ធនាគារ​​​ពិភព​​​លោក​​​ចង់​​​ឲ្យ​​​​​​សាលា​​​រាជធានី​​​ដោះស្រាយ​​​​​​ជម្លោះ​​​នៅ​​​សហគមន៍​​​បឹង​​​កក់​​​ឲ្យ​​​បានឆាប់​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​​​មក​​​ពីសហគមន៍​​​បឹង​​​កក់​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​និយាយ​​​ថា នាយក​​​​​​ធនាគារ​​​ពិភព​​​លោក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​ប្រាប់​​​​​​ខ្លួន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គាត់​​​សង្ឃឹម​​​ថា ជម្លោះ​​​​​​របស់​​​គ្រួសារ​​​ទាំង​​​នេះ​​​នឹង​​​​​​ត្រូវ​​​ដោះស្រាយ​​​​​​​​​នៅ​​​​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​ ហើយ​​​ថា ធនាគារ​​​នេះ​​​​​​​​​អាច​​​នឹង​​​ចាប់​​​ផ្ដើម​​​​​​ផ្ដល់​​​ឥណទាន​​​ដល់​​​កម្ពុជា​​​ឡើង​​​វិញ​​​នៅ​​​ឆ្នាំ​​​២០១៥ ជា​​​ការ​​​អះអាង​​​មួយ​​​ដែល​​​​​​ធនាគារ​​​នេះ​​​​​​បដិសេធ​​​។

ធនាគារ​​​ពិភពលោក​​​បាន​​​​​​លាត​​​ត្រដាង​​​កាល​​​ពី​​​ពាក់​​​កណ្ដាល​​​​​​ឆ្នាំ​​​២០១១​​​ថា ខ្លួន​​​បាន​​​​​​ផ្អឹប​​​​​​ទុក​​​​​​ឥណទាន​​​​​​ថ្មីៗ​​​ទាំង​​​អស់​​​ដែល​​​ត្រូវ​​​​​​ផ្ដល់​​​ឲ្យ​​​កម្ពុជា​​​ ដើម្បី​​​តវ៉ា​​​​​​ចំពោះសកម្មភាព​​​របស់​​​សាលា​​​រាជធានីភ្នំពេញ​​​​​​​​​ដែល​​​បណ្ដេញ​​​​​​ប្រជា​​​ពលរដ្ឋ​​​​​​រាប់​​​ពាន់គ្រួសារ​​​ចេញ​​​ពី​​​សហ​​​គមន៍​​​បឹងកក់ ដោយ​​​បង្ខិតបង្ខំ​​​​​​ ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​​​​អចលនទ្រព្យ​​​របស់​​​​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មួយ​​​រូប។

ប្រជាពល​​​រដ្ឋ​​​នៅ​​​សហគមន៍​​​បឹង​​​កក់​​​​​​ជាង​​​៦០០​​​គ្រួសារ​​​ ដែល​​​​​​អាជ្ញាធរ​​​មិន​​​ទាន់​​​បណ្ដេញ​​​​​​ចេញ​​​នៅ​​​ឡើយ​​​ បាន​​​ទទួល​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​ដីធ្លី​​​ ដែល​​​​​​ពួក​​​គាត់​​​​​​ទន្ទឹង​​​រង់​​​ចាំ​​​ជាយូរ​​​មក​​​ហើយ​​​ ប៉ុន្តែ​​​ប្រជាពល​​​រដ្ឋ​​​​​​ប្រហែល​​​៥០​​​នាក់​​​ ដែល​​​កំពុង​​​ស្ថិត​​​ក្នុង​​​​​​ដំណាក់​​​កាល​​​ចរចា​​​​​​​​​ជាមួយ​​​សា​​​លារាជធានី​​​​​​ ដើម្បី​​​សុំ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​ដីធ្លី​​​ផ្ទាល់​​​ខ្លួន​​​ បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​នៅ​​​ខាង​​​មុខ​​​​​​ការិយាល័យ​​​ធនាគារ​​​ពិភពលោក​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​។​​​

ពួក​​​គាត់​​​និយាយ​​​ថា ដី​​​​​​ដែល​​​​​​សាលា​​​រាជធានី​​​ផ្ដល់​​​ឲ្យ​​​ពួក​​​គាត់​​​​​​ គឺ​​​តិច​​​ជាង​​​អ្វី​​​ដែល​​​​​​ពួក​​​គាត់​​​​​​សម​​​​​​នឹង​​​ទទួល​​​បាន​​​​​​ ហើយ​​​ចង់​​​ឲ្យ​​​មន្ត្រី​​​ធនាគារ​​​មាន​​​វត្តមាន​​​​​​​​​នៅ​​​ពេល​​​ចរចា​​​​​​លើក​​​​​​ក្រោយ​​​ៗ​​​ រវាង​​​ពួក​​​គាត់​​​ជាមួយ​​​សាលា​​​​​​រាជធានី​​​។

បន្ទាប់ពី​​​ជួប​​​ជាមួយ​​​លោក​​​ អាឡាសាន សូវ (Alassane Sow) នាយក​​​ធនាគារ​​​ពិភព​​​លោក​​​ប្រចាំប្រទេស​​​​​​កម្ពុជា​​​ ពួក​​​គាត់​​​និយាយ​​​ថា លោក​​​ អាឡាសាន សូវ​​​ មិន​​​បាន​​​ឆ្លើយ​​​តប​​​តាម​​​សំណើ​​​របស់​​​​​​ពួក​​​គាត់​​​ទេ​​​ ប៉ុន្តែ​​​ “គាត់​​​និយាយ​​​ថា គាត់​​​សង្ឃឹម​​​ថា ស្ថានភាព​​​​​​នឹង​​​​​​វិល​​​ទៅ​​​​​​រក​​​សភាព​​​ដើម​​​ដូច​​​កាល​​​ពី​​​ឆ្នាំ​​​២០១០។ គាត់​​​សង្ឃឹម​​​ថា បញ្ហា​​​បឹង​​​កក់​​​​​​នឹង​​​បញ្ចប់​​​នៅ​​​ឆ្នាំ​​​២០១៤” នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​​​​អ្នក​​​ស្រី​​​ បូវ​​​ សុភា ជា​​​អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ដែល​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ អាឡាសាន​​​ សូវ។

អ្នក​​​ស្រី​​​និយាយ​​​ទៀត​​​ថា “គាត់​​​ក៏​​​មាន​​​ប្រសា​​​សន៍​​​ដែរ​​​ថា នៅ​​​ពេល​​​បញ្ហា​​​បឹង​​​កក់​​​ដោះ​​​​​​ស្រាយ​​​រួច​​​​​​ គាត់​​​នឹង​​​ផ្ដល់​​​ឥណទាន​​​​​​ដល់​​​​​​​​​រដ្ឋា​​​ភិ​​​បាល​​​​​​សម្រាប់​​​ជួយ​​​ដល់​​​វិស័យ​​​សុខាភិ​​​បាល​​​ និង​​​​​​ជួយ​​​ដល់​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​ក្រីក្រ​​​”។

ពេល​​​ទាក់ទង​​​​​​ទៅ​​​​​​លោក​​​ អាឡាសាន សូវ​​​ តាម​​​ក្រោយ​​​ លោក​​​បាន​​​បដិសេធ​​​​​​យ៉ាង​​​ដាច់​​​អហង្ការ​​​ថា មិន​​​បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បែប​​​នេះ​​​ទេ​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​មិន​​​បាន​​​និយាយ​​​បែប​​​នោះ​​​ទេ​​​”។

លោក​​​ អាឡាសាន សូវ​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា លោក​​​បាន​​​ស្ដាប់​​​ក្ដី​​​បារម្ភ​​​របស់​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​ ហើយ​​​ប្រាប់​​​ពួក​​​គាត់​​​ថា លោក​​​ចាប់​​​អារម្មណ៍​​​ចង់​​​ស្ដាប់​​​​​​​​​គ្រួសារ​​​ទាំង​​​នេះ​​​​​​​​​និយាយ​​​ ហើយ​​​ក៏​​​ចង់​​​ស្ដាប់​​​​​​សាលា​​​រាជធានី​​​ដែរ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើអត្ថាធិប្បាយ​​​អំពី​​​វិធី​​​ដែល​​​រដ្ឋាភិបាល​​​​​​ដោះស្រាយ​​​ក្ដី​​​បារម្ភ​​​របស់​​​គ្រួសារ​​​ទាំង​​​នេះ​​​ឬ​​​​​​ពិភាក្សា​​​អំពី​​​ជម្លោះ​​​នេះ​​​បន្ថែម​​​ទៀត​​​ឡើយ​​​។

ពេល​​​​​​ទាក់ទង​​​ទៅ​​​​​​ម្ដង​​​ទៀត​​​​​​​​​ អ្នក​​​ស្រី​​​ បូវ សុភា បាន​​​​​​គាំទ្រ​​​​​​ការ​​​លើក​​​ឡើង​​​របស់​​​ខ្លួន​​​​​​អំពី​​​ជំនួប​​​នេះ​​​ ហើយ​​​បាន​​​និយាយ​​​ទៀត​​​ថា លោ​​​ក​​​ អាឡាសាន​​​ សូវ បាន​​​ប្រាប់​​​ពួក​​​គាត់​​​​​​កុំ​​​ឲ្យ​​​​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​អំពី​​​​​​អ្វី​​​ដែល​​​​​​​​​ពួក​​​គាត់​​​បាន​​​និយាយ​​​គ្នា​​​។

អ្នក​​​ស្រី​​​និយាយ​​​ថា “គាត់​​​បាន​​​ប្រាប់​​​ពួក​​​យើង​​​​​​កុំ​​​ឲ្យ​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​អំពី​​​ជំនួប​​​នេះ​​​ ពីព្រោះ​​​​​​គាត់​​​​​​កំពុង​​​សហការ​​​យ៉ាង​​​ជិត​​​ស្និទ្ធជាមួយ​​​អភិបាល​​​ [រាជធានី]”។

​​​ទាំង​​​លោក​​​ ប៉ា សុជាតិវង្ស អភិបាល​​​​​​រាជ​​​ធានីភ្នំពេញ​​​ ទាំង​​​លោក​​​ ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលារាជធានី​​​​​​មិន​​​អាច​​​ទាក់ទង​​​​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​៕ សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ​​​​​​ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស