អ្នកភូមិម្នាក់ក្នុងខេត្តកំពង់ឆ្នាំងនិយាយថា នគរបាលបានសាកសួរគាត់កាលពីម្សិលមិញជុំវិញការចោទប្រកាន់ថា គាត់បាន “ញុះញង់” អ្នកជិតខាងរបស់ខ្លួនឲ្យតវ៉ានឹងការប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដោះស្រាយវិវាទដីធ្លីដែលកើតមានជាយូរមកហើយជាមួយភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
លោក រាជ សីមា ដែលជាតំណាងអ្នកភូមិ១៧គ្រួសារក្នុងស្រុកកំពង់ត្រឡាច ដែលមិនទាន់បានយល់ព្រមទទួលយកការផ្តល់សំណងពីអ្នកស្រី ជា ខេង ជាពាណិជ្ជករនៅឡើយនោះនិយាយថា នគរបាលបានចោទលោកថា បានញុះញង់ឲ្យមានការរៀបចំកិច្ចប្រជុំមួយនៅផ្ទះរបស់លោកកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីវិវាទនេះ។
លោក សីមា បាននិយាយថា លោកត្រូវបានសាកសួរផ្លូវការនៅស្នងការដ្ឋាននគរបាលខេត្តកាលពីម្សិលមិញ ដោយលោក រី វីរៈ ស្នងការរងនគរបាលខេត្ត។ លោក សីមា បាននិយាយថា “គាត់បានសួរខ្ញុំថា តើហេតុអ្វីបានជាខ្ញុំញុះញង់ក្រុមអ្នកភូមិ ហើយខ្ញុំបានឆ្លើយថា ‘ខ្ញុំមិនបានញុះញង់ក្រុមអ្នកភូមិទេ។ ខ្ញុំគ្រាន់តែរៀបចំកិច្ចប្រជុំជាមួយអ្នកភូមិដើម្បីពិភាក្សារកដំណោះស្រាយអំពីវិវាទដីធ្លីនេះថា តើយើងត្រូវរកវិធីណា”។
លោកបានបន្ថែមថា “វាមិនត្រឹមត្រូវទេក្នុងការចោទរូបខ្ញុំថា បានញុះញង់នោះ ព្រោះខ្ញុំមិនបានញុះញង់ក្រុមអ្នកភូមិឲ្យប្រឆាំងនឹងក្រុមមន្ត្រីសាធារណៈ ឬបង្កើតក្រុមអបគមន៍ទេ យើងគ្រាន់តែរៀបចំកិច្ចប្រជុំដើម្បីរកដំណោះស្រាយចំពោះវិវាទដីធ្លីជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ”។ លោក រី វីរៈ បដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកលោក អាត់ ខែម ស្នងការនគរបាលខេត្តមិនអាចទាក់ទងបានទេ។
លោក សំ ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះមានប្រសាសន៍ថា លោកនិងអ្នកភូមិប្រហែល៦០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្នងការនគរបាលដើម្បីបង្ហាញការគាំទ្រដល់លោកសីមា អំឡុងការសាកសួរដែលនៅក្នុងនោះលោកបាននិយាយថាគឺជាការប៉ុនប៉ងរបស់នគរបាលដើម្បីបំភិតបំភ័យក្រុមអ្នកភូមិ។
ប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេសមានវិវាទដីធ្លីចាប់តាំងពីឆ្នាំ២០០៧មកជាមួយក្រុមហ៊ុន KDC International ជាក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ដែលពួកគាត់បានចោទប្រកាន់ថា បានចាប់យកដីរបស់ពួកគាត់ទំហំ១៤៥ហិកតា។ ទីបំផុតអ្នកភូមិ៣៥គ្រួសារបានទទួលយកការផ្តល់សំណងរបស់អ្នកស្រី ជា ខេង នៅឆ្នាំនេះ ចំណែកឯអ្នកភូមិ១៧គ្រួសារទៀតបានទាមទារសំណងច្រើនជាងនេះ៕ សារុន