33.3 C
Phnom Penh

សមាគម​​​ GMAC ធ្វើ​​​ពហិការ​​​សិក្ខា​​​សាលា​​​ត្រីភាគី​​​ស្តី​​​ពី​​​ប្រាក់ខែ​​​គោល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិក្ខា​​​សាលា​​​ត្រី​​​ភាគី​​​មួយ​​​ដែល​​​រៀប​​​ចំ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ធ្វើ​​​ឲ្យ​​​ប្រសើរ​​​ឡើង​​​នូវ​​​ដំណើរ​​​ការ​​​ដោះស្រាយ​​​ប្រាក់​​​ខែ​​​គោល​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ បាន​​​បិទ​​​កាលពី​​​ថ្ងៃសុក្រ ដោយ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា GMAC ដែល​​​ជា​​​អ្នក​​​ដើរ​​​តួ​​​ដ៏​​​មាន​​​ឥទ្ធិ​​​ពល​​​បំផុត​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូលរួម​​​​​​កិច្ច​​​ពិភាក្សា​​​រៀបចំ​​​​​​ឡើង​​​នៅ​​​សណ្ឋាគារ​​​ភ្នំពេញ​​​។

សិក្ខា​​​សាលា​​​រយៈពេល​​​ពីរ​​​ថ្ងៃ​​​នេះ គឺ​​​ជា​​​ជំនួប​​​លើក​​​ដំបូង​​​រវាង​​​ភាគី​​​ទាំងបី​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​ គឺ​​​ សហជីព​​​ និយោជក ​​​និង​​​រដ្ឋាភិ​បាល​​​ចាប់​​​តាំង​​​ពី​​​កូដកម្ម​​​កាលពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា​​​ បាន​​​បញ្ចប់​​​ដោយ​​​អំពើ​​​ហិង្សា​​​ បន្ទាប់​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ស្លាប់​​​បាតុករ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់​​​។

សហជីព​​​និង​​​ក្រសួង​​​ការ​​​ងារ​​​មាន​​​អ្នក​​​តំណាង​​​ចូលរួម​​​ច្រើន​​​នៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ប៉ុន្តែ GMAC បាន​​​សម្រេច​​​មិន​​​ចូលរួម​​​ ពោល​​​គឺ​​​ផ្ទុយ​​​ពី​​​របាយ​​​ការណ៍​​​របស់​​​រដ្ឋាភិបាល​​​ដែលបាន​​​​​​លើក​​​ឡើង​​​ថា តំណាង​​​ម្នាក់​​​របស់​​​ GMAC មាន​​​វត្ត​​​មាន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​​​​។

លោក​​​ កែន​​​ លូ អគ្គ​​​លេខា​​​ធិការ​​​របស់​​​ GMAC ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​ប្រហែល​​​៥០០​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​​​​ផលិត​​​​​​សម្លៀក​​​បំពាក់​​​​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​របស់​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​ចង់​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា GMAC មិន​​​បាន​​​ចូលរួម​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ទាំង​​​នេះ​​​ទេ​​​”​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា លោក​​​និង​​​បុគ្គ​​​​​​លិក​​​សំខាន់​​​ៗ​​​ផ្សេង​​​ទៀត​​​របស់ GMAC បាន​​​ចេញ​​​ទៅ​​​តាម​​​ខេត្ត​​​នៅសប្តាហ៍​​​នេះ​​​ ហើយ​​​ថា លោក​មិន​ចង់​បញ្ជូន​បុគ្គលិក​​​ជាន់​​​ទាប​​​ទៅ​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​ដែល​​​លោក​​​អះអាង​​​ថា គ្មាន​​​របៀប​​​វារៈ​​​ច្បាស់​​​លាស់​​​នោះទេ​​​។ លោក​ថ្លែង​ថា “​យើង​​​​ទើប​​​​​តែ​​​ទទួល​​​បាន​​​ការ​​​អញ្ជើញ​​​កាលពី​​​ថ្ងៃព្រហស្បតិ៍​​​ប៉ុណ្ណោះ ហើយ​​​គោល​​​បំណង​​​នៃ​​​កិច្ច​​​ប្រជុំ​​​នេះ​​​មិន​​​ច្បាស់​​​លាស់​​​ទេ​​​។ យើង​​​មិន​​​ចង់​​​ឲ្យ​​​គេ​​​បង្ខំ​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​ដោយ​​​គ្មាន​វត្តមាន​បុគ្គលិក​​​សំខាន់​​​របស់​​​យើង​​​ឡើយ​​​។

លោក​​​ ហេង​​​ សួ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​ងារ​​​ ដែល​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​​​​ព្រហស្បតិ៍​​​ថា តំណាង​​​ម្នាក់​​​របស់​​​ GMAC មាន​​​វត្តមាន​​​នៅ​​​ក្នុង​​​ថ្ងៃ​​​បើក​​​សិក្ខាសាលា​​​នោះ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​។

នៅ​​​ពេល​​​បិទ​​​កិច្ចពិភាក្សា​​​នេះ​​​ ក្រសួង​ការ​ងារ​បាន​ចេញ​ផ្សាយ​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​​​លើក​​​ឡើង​​​ថា ភាគី​​​ទាំង​​​ពីរ​​​ដែល​​​មាន​​​វត្ត​​​មាន​​​បាន​​​យល់​​​ស្រប​​​ថា ការ​​​គ្មាន​​​យន្ត​​​ការ​​​ដើម្បី​​​ដោះស្រាយ​​​វិវាទ​​​ការ​​​ងារ​​​ គឺ​​​ជា​​​មូល​​​ហេតុ​​​ចម្បង​​​ ដែល​​​ធ្វើ​​​ឲ្យ​​​វិវាទ​​​ការ​​​ងារ​​​កើត​​​ឡើង​​​។

សេចក្តី​​​ថ្លែងការណ៍​​​ដដែល​​​ក៏បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ភាគីទាំងពីរ “​​​បាន​​​យល់​​​ស្រប​​​​​​ជា​​​គោល​​​ការណ៍​​​” ថា រាល់​​​ការ​​​ចរចា​​​អំពី​​​ប្រាក់​​​ខែ​​​សុទ្ធ​​​តែ​​​មាន​​​ “​​​លទ្ធផល​​​ឈ្នះៗ” ហើយ​​​ថា ​​​ទិន្ន​​​ន័យ​​​បាន​​​ពី​​​វិទ្យាស្ថាន​​​ជាតិ​​​ស្ថិតិ​​​ គួរ​​​តែ​​​យក​​​ទៅ​​​ប្រើ​​​ប្រាស់​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​ការ​​​កែតម្រូវ​​​ណាមួយ​​​ចំពោះ​​​ប្រាក់​​​ខែ​​​គោល​​​។

អ្នក​​​ជំនាញ​​​​​​ខាង​​​ប្រាក់​​​ខែ​​​ជាន់​​​ខ្ពស់​​​ប្រចាំ​​​តំបន់​​​របស់​​​អង្គការ​​​ ILO ឈ្មោះ ម៉ាល លូប​​​ឃើ (Malte Luebker) បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ពិភាក្សា​​​រយៈពេល​​​ពីរ​​​ថ្ងៃ​​​នេះ​​​រៀប​​ចំ​​​ឡើង​​​ដើម្បី​​​ជាការ​​​ស្ថាបនា​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទៀត​​​ទេ​​​ ដោយ​​​សារ​​​ខ្លាច​​​ធ្វើ​​​ឲ្យ​​​​​​ GMAC ខឹង​​​។

លោក អាត់ ធន់​​​ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​​​​ប្រជាធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​​​​កម្ពុជា ហៅ​​​កាត់​​​ ស៊ីខៅ​​​ឌូ បាន​​​មាន​​​ប្រសាសន៍​​​ថា អវត្ត​​​មាន​​​របស់​​​និយោជក​​​បង្ហាញ​ថា វា​​​មាន​​​បញ្ហា​​​​​​។ លោក​​​ថ្លែង​​​ថា “​​​ត្រង់​​​ថា GMAC ចូលរួម​​​ ឬ​​​មិន​​​ចូលរួម​​​ មិនសំខាន់​​​ទេ ពីព្រោះ​​​អ្នក​ដែល​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​គឺ​​​រដ្ឋាភិបាល​​​”​​​៕ សុខុម

(រាយការណ៍បន្ថែម​​​ដោយ​​​ សេក ឧត្តម​​​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស