28 C
Phnom Penh

សវនាការ​ជំនុំជម្រះទោស​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការធ្វើ​កូដកម្ម​​របស់​កម្ម​ករ​រោងចក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការ​ជំនុំ​ជម្រះទោស​កម្មករ​រោង​ចក្រ​កាត់ដេរ​ មន្ត្រី​​សហជីព​និង​បុរស​មួយ​ចំនួន​ទៀត​សរុប​ចំនួន​២៥​នាក់​ដែ​ល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ការ​តវ៉ា​ក្នុ​ងពេល​កន្លង​មក​នោះ​ បាន​​ចាប់​ផ្តើម​នៅសាលា​ដំបូង​រាជធានីភ្នំពេញ​កាល​ពីថ្ងៃ​សុក្រ​​​​ខណៈ​ក្រុម​អ្នក​គាំទ្រ​ប៉ះ​ទង្គិច​ជាមួយ​នគរ​បាល​លើ​ផ្លូវដែល​មាន​ការ​យាម​កាម​យ៉ាង​តឹងរឹុង​នៅខាង​ក្រៅ​។

លោក​ វន់ ពៅ (រូប​កណ្តាល) ប្រធាន​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្រែក​ទៅកាន់​អ្នក​កាសែត​ ខណៈពេល​លោក​ និង​ចុង​ចោទ​ផ្សេង​ៗទៀត​ត្រូវ​រថយន្ត​ដឹក​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញកាល​ពីថ្ងៃសុក្រ។ សីុវ  ចាន់​ណា​
លោក​ វន់ ពៅ (រូប​កណ្តាល) ប្រធាន​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្រែក​ទៅកាន់​អ្នក​កាសែត​ ខណៈពេល​លោក​ និង​ចុង​ចោទ​ផ្សេង​ៗទៀត​ត្រូវ​រថយន្ត​ដឹក​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញកាល​ពីថ្ងៃសុក្រ។ សីុវ  ចាន់​ណា​

សវនាការ​ដែល​ធ្វើ​ឡើង​ក្នុង​សាល​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​បី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោយ​រយៈ​ពេល​បួន​ខែ​នៃកា​រ​ឃុំខ្លួន​បុរស​២១​នាក់​ក្នុង​ចំណោម​បុរស​ទាំង​២៥​នាក់​នេះ​​រួម​ជាមួយ​នឹង​បុរស​ពីរ​នាក់ផ្សេ​ងទៀត​​​​ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ក្រោមការ​ចោទ​ប្រកាន់​ពីបទ​បង្ក​អំពើ​ហិង្សា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អំឡុងការ​ធ្វើ​កូដកម្ម​​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុ​ងខណ្ឌ​សម្បូរ​រោង​ចក្រ​ចំនួន​ពីរ​កាល​ពីថ្ងៃ​ទី​២ និង​ទី​៣​ ខែ​មករា​។ មនុស្ស​យ៉ាង​តិច​ប្រាំនាក់​ត្រូវ​បាន​បាញ់ស្លាប់ ខណៈ​​​មួយ​ចំនួន​ទៀត​បាន​រង​របួស​ក្រោម​ស្នាដៃ​អាជ្ញាធរ​អំឡុង​ការ​តវ៉ា​ទាំង​នោះ​។

យុវជន​ពីរ​នាក់​ក៏​ត្រូ​វបាន​ជំនុំ​ជម្រះ​ទោស​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​​​​អំពើ​ហិង្សា​ដោយ​ចេតនា​ជុំ​វិញ​ការ​ពាក់​ព័ន្ធ​របស់​ខ្លួន​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពីថ្ងៃទី​១២ ខែ​វិច្ឆិកា​ក្បែរ​ស្ពាន​ស្ទឹង​មានជ័យ​រវាង​នគរ​បាល​ និង​កម្មករ​រោង​ចក្រ​កាត់ដេរ​ អេស​ អិល​ (SL Garment Factory) ពេល​អាជ្ញាធរ​បាញ់​អ្នក​ឈរ​មើល​ម្នាក់ស្លាប់​ផងដែរ​។​ ក្នុង​សាល​សវនាការ​លេខ​១​ ចុង​ចោទ​​ចំនួន​មនុស្ស​បាន​អះអាង​ថា ពួកគេ​គ្រាន់​តែ​ជា​អ្នក​ដែល​ត្រូវ​គេទម្លាក់​កំហុស​ដាក់​​ប៉ុណ្ណោះ​។

ឈ្មោះ វណ្ណនី  វ៉ាណាន់​ អាយុ​១៧​ឆ្នាំ​បាន​អង្វរ​ចៅក្រម​ឲ្យដោះលែង​ខ្លួ​ន​ពី​ពន្ធនាគារ​ព្រៃស​​ដែល​ជា​កន្លែង​ឃុំ​ខ្លួន​រូប​គេ​ចាប់​តាំង​ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីឆ្នាំ​មុន​មក​​។​ វ៉ាណាន់ បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​​ពាក់​ព័ន្ធ​ក្នុងហេតុការណ៍​នោះទេ​។ ខ្ញុំ​មិន​បាន​ចូល​រួម​គប់ដំុថ្ម​ដាក់​នគរបាល​ទេ​ ហើយក៏​មិន​បាន​ដុត​ឡាន​នគរបាល​ដែរ​។ ខ្ញុំ​គ្រាន់​តែ​ឈរ​មើល​ហេតុការណ៍​នោះ​ជាមួយ​មនុស្ស​ដទៃ​ទៀត​ប៉ុណ្ណោះ​” ដោយ​បាន​​​បន្ថែមថា ខ្លួន​មិន​ដែល​ត្រូវ​បាន​គេ​ប្រាប់​អំពីមូល​ហេតុ​នៃការ​ចាប់ខ្លួន​ពី​ដំបូងឡើយ​។​ វ៉ាណាន់ បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ទទួល​ចម្លើយ​​សារភាព​របស់​ខ្ញុំ​នៅ​កន្លែង​នគរ​បាល​ទេ​ ព្រោះ​នគរ​បាល​បាន​បង្ខំ​ខ្ញុំ និង​គំរាម​ខ្ញុំ​ឲ្យសារភាព”។

ឈ្មោះ មាស ណុន អាយុ​១៤​​​​ឆ្នាំ​​​ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះ​បាន​ប្រាប់​តុលាការ​ថា ខ្លួន​បាន​គប់​  ដុំ​ថ្មពីរបីដុំ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​​ដែល​គេ​ឃើញ​នគរបាល​​បាញ់​មិន​រើស​មុខ​​សំដៅ​​​​​ក្រុម​បាតុករ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​របួស​ធ្ងន់​មួយ​ចំនួន​ទៀត​។

ប៉ុន្តែ ដើម​ចោទ​ម្នាក់​ក្នុង​ចំណោម​ដើម​ចោទ​ទាំង​៣០​នាក់​ គឺ​មន្ត្រី​នគរបាល​ខណ្ឌ​មាន​ជ័យ​ឈ្មោះ នឹប វិបូ អាយុ​៤៧​ឆ្នាំ​ដែល​គេ​បាញ់​ត្រូវ​មួយ​ចំពាម​កៅស៊ូ​ អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ​ បាន​អះអាង​ថា ខ្លួន​​​​​​បាន​ឃើញ​ឈ្មោះ វណ្ណនី វ៉ាណាន់ គប់​ដុំថ្ម​មែន​។ លោក​បាន​និយាយ​មុន​​​​តុលាការ​​​​ផ្អាក​សវនាការ​រហូត​ដល់​ថ្ងៃទី​៦​ ខែឧសភា​ថា “ខ្ញុំ​ទាម​ទារ​ជំងឺ​ចិត្ត​ចំនួន​​៥មឺុន​ដុល្លារ ព្រោះ  ជីវិត​ខ្ញុំមាន​តម្លៃ​​ណាស់​”។

នៅក្រៅសាលាដំបូង​គេឃើញ​មាន​ការ​ផ្ទុះ​ភាព​តាន​តឹង​ម្តង​ម្កាល​រវាង​ក្រុម​អ្នក​គាំទ្រ​ចុង​ចោទ​ នគរបាល​បង្ក្រាប​កុបកម្ម​ និង​សន្តិ​សុខ​ខណ្ឌ​។ មហាវិថី​ មុនីរ៉េត ត្រូវបាន​បិទ​ទាំង​សង​ខាង​ ដោយ​លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​ អះអាង​ថា ជាការ​បិទ​តាម​​   “សេចក្តី​បង្គាប់​របស់​​តុលាការ”។

លោក ណៃ វណ្ណដា អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​លើក​ឡើង​ថា សវ​នាការ​គួរតែ​មាន​ភាព​ហ្មត់​ចត់​ជាង​នេះ​។ លោក​បានមាន​ប្រសាសន៍ថា​​​ “ពួកគេ​គួរ​តែ​មាន​អេក្រង់​អិល​សីុឌី សម្រាប់​បង្ហាញ​ពី​ដំណើរការ​កាត់​ក្តី​ ព្រោះនេះគឺ​​ជា​សវនាការ​​សាធារណៈ​ ដូច្នេះ​យើង​គួរ​តែ​អាច​បាន​មើល​​​សវ​នាការ​នេះ​​”។

នៅ​កន្លែង​បិទ​ផ្លូវ​មួយ​គេឃើញ​មាន​ការ​សែន​ក្បាល​ជ្រូក​ និងអុជធូប​ ខណៈក្រុម​អ្នក​គាំទ្រ និង​ក្រុម​អ្នក​តវ៉ា​មក​ពី​សហ​គមន៍​បឹង​កក់​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​ចុង​ចោទ​ទាំង​​​​នេះ​។ លោក​ គង់ ចាន់ថា  ​អ្នកស្រី​ យ៉ោម បុប្ផា និង​ លោក ង៉ែត ឃុន​ ដែល​ជា​សមា​ជិក​សហគមន៍​នេះ​ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ទម្លាយ​របាំង​នគរបាល​រួច​ ប៉ុន្តែ​​​បាន​ត្រឹម​ត្រូវ​សមត្ថកិច្ច​រុញ​ច្រាន​ ឬ​នាំទៅ​កន្លែង​ដើម​វិញ​ប៉ុណ្ណោះ​​​។

នៅក្រោម​ម្លប់​ក្បែរ​នោះ​ អ៊ុក ស្រី​សួន អាយុ​​​​​២៣​ឆ្នាំ​ដែល​មាន​កូន​ប្រុសជា​​ទារក​​​តូច​មួយ​​​ដេក​លើ​ភ្លៅ​ផង​នោះ​ ​​​អង្គុយ​​​​ឲ្យ​​​គេ​​​បក់​​​​​ឲ្យ​បាត់​ក្តៅ​​ដោយ​ប្រើ​​សៀវ​ភៅ​គ្រួសារ​។ ប្តី​​របស់​នាង​ឈ្មោះ រស់ សុភ័ណ្ឌ ត្រូវ​បាន​ឃុំខ្លួន​ជុំ​វិញ​​ការ​ពាក់​ព័ន្ធ​ក្នុងការ​តវ៉ា​នៅ​ផ្លូវ​វេង​ស្រេង​មុន​ពេល​នាង​សម្រាល​កូន​។​​​ នាង​បាន​និយាយមុន​ពេល​បុគ្គលិក​អង្គការ​ សិទ្ធិ​មនុស្ស​នាំ​ចូល​​តុលាការ​​ថា គាត់​ត្រូវ​បាន​ចាប់​ខ្លួន​​នៅថ្ងៃទី​៣ ខែ​មករា​ ហើយ​ខ្ញុំ បាន​សម្រាល​កូន​នៅថ្ងៃទី​៥ ខែ​មករា​។ កូន​របស់​ខ្ញុំ​មិន​ដែល​ឃើ​ញ​មុខប៉ារបស់​វាទេ​៕​សេរីវុធ​​​

(រាយការណ៍ដោយ​ អ៊ា ង ម៉េងឡេង ឃួន ​ណារីម ឃី សុវុឌ្ឍី ម៉ិច ដារ៉ា និង​ Lauren Crothers)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស