ដោយច្រានចោលសំណើពីរដ្ឋាភិបាលរុស្ស៊ី តុលាការកំពូលបានសម្រេច កាលពីថ្ងៃសុក្រថា ខ្លួននឹងមិនធ្វើបត្យាប័នលោក សេរហ្គេ ប៉ូឡុនស្គី អតីតមហាសេដ្ឋីរុស្ស៊ី ឲ្យទៅប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងប្រទេសរបស់លោកឡើយ ដោយលើកឡើងថា ខ្វះសន្ធិសញ្ញារវាងប្រទេសទាំងពីរ។ សាលដីកានេះបង្ហាញឲ្យឃើញថា តុលាការកម្ពុជាបានច្រានចោលសំណើរបស់រដ្ឋាភិបាលរុស្ស៊ីជាលើកទី២។

ចៅក្រម គឹម សត្ថាវី ដែលបានអានសាលដីកានៅក្នុងតុលាការកាលពីម្សិលមិញបានមានប្រសាសន៍ថា “[តុលាការកំពូល] ទទួល ស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសរុស្ស៊ី មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាធ្វើបត្យាប័នឡើយ ហេតុដូច្នេះប្រទេសទាំងពីរគ្មានកាតព្វកិច្ចនៅក្នុងសំណុំរឿងទាំងនេះនោះទេ។ ទាំងប្រទេសកម្ពុជា និងប្រទេសរុស្សុី មានសិទ្ធិសម្រេចថា តើត្រូវធ្វើបត្យាប័នឬក៏អត់”។
កាលពីខែមករា សាលាឧទ្ធរណ៍បានបញ្ឈប់ការធ្វើបត្យាប័នរបស់លោក ប៉ូឡុនស្គី ដោយលើកឡើងថា មហាសេដ្ឋីរូបនេះត្រូវតែនៅទីនេះប្រឈមនឹងបទចោទប្រកាន់ ដែលបានចោទថា លោកមានជាប់ទាក់ទិននៅក្នុងការវាយដំកម្មករដើរទូកកម្ពុជាចំនួនប្រាំមួយនាក់នៅសមុទ្រក្នុងក្រុងព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០១២។
ចាប់តាំងពីពេលនោះមក ការចោទប្រកាន់លើអតីតមហាសេដ្ឋីដែលសម្បូរបញ្ហារូបនេះមានការកើនឡើងនៅក្នុងប្រទេសរុស្ស៊ី ជាទីដែលលោកត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់រាប់លានដុល្លារ។ កាលពីខែមីនា លោកត្រូវបានចោទប្រកាន់កំបាំងមុខពីបទឆបោកប្រាក់ចំនួន៤,១លានដុល្លារ ពីវិនិយោគិននៅក្នុងគម្រោងអចលនទ្រព្យមួយ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់មួយចំនួនកាលពីឆ្នាំមុន ដែលលោក ប៉ូឡុនស្គី ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ប្រហែល១៧៦លានដុល្លារ ពីវិនិយោគិននៅក្នុងគម្រោងអភិវឌ្ឍន៍។
ដោយសារតែលោក ប៉ូឡុនស្គី មានជាប់ទាក់ទិននៅក្នុងការឆបោកប្រាក់កាន់តែច្រើនឡើងៗ កាលពីដើមខែមេសា រដ្ឋាភិបាលរុស្ស៊ីបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញលើការសម្រេចបញ្ឈប់ការធ្វើបត្យាប័ន។
កាលពីម្សិលមិញ ចៅក្រមបានច្រានចោលសំណើដោយគ្មានការពន្យល់អ្វីច្រើននោះឡើយ។ ចៅក្រម សត្ថាវី បានមានប្រសាសន៍ថា “តុលាការកំពូលមិនព្រមធ្វើបត្យាប័នលោក សេរហ្គេ ប៉ូឡុនស្គី ទេ”។ នៅពេលថ្លែងបន្ទាប់ពីការប្រកាសសាលដីកា លោក បែនសុន សម័យ មេធាវីរបស់លោក ប៉ូឡុនស្គី បានចាត់ទុកការសម្រេចនេះថា “ត្រឹមត្រូវ” ។ លោកមានប្រសាសន៍ថា “កូនក្ដីរបស់ខ្ញុំមានសិទ្ធិស្នាក់នៅកម្ពុជា ព្រោះគាត់គ្មានទោសពៃរ៍ឡើយ។ យើងអាចទទួលយកបានចំពោះការសម្រេចរបស់តុលាការកំពូល ព្រោះតុលាការពិតជាផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់ខ្ញុំ”។
មន្ត្រីសាលាដំបូងខេត្តព្រះសីហនុមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយ ប៉ុន្តែកាលពីដើមខែនេះចៅក្រម ស្វាយ តុញ បានថ្លែងថា សំណុំរឿងវាយដំរបស់លោក ប៉ូឡុនស្គី ត្រូវបានពន្យារពេលដោយគ្មានការកំណត់ពេលសម្រាប់ការបើកសវនាការ៕ ស៊ុយឈាង