30 C
Phnom Penh

អាជ្ញាធរ​រារាំង​អ្នក​​យកព័ត៌មាន​មិនឲ្យ​ចូល​ទៅ​កន្លែង​កាប់ឈើ នៅខេត្ត​មណ្ឌល​គិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ទប់​ស្កាត់​ក្រុម​អ្នក​យក​ព័ត៌មាន​និង​បុគ្គលិក​សិទ្ធិមនុស្សមិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​មើល​ទី​កន្លែង​កាប់​ឈើ​ដែល​គេ​ចោទ​ថា​ខុស​ច្បាប់​ក្នុង​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ដោយមន្ត្រី​​ឃុំ​ម្នាក់​និយាយ​ថា ក្រុម​នេះ​មិន​បាន​ស្វែង​រក​ការ​អនុញ្ញាត​មុន​នឹង​ចូល​តំបន់​នេះ​។

នគរបាល​ប៉ុស្តិ៍​ប្រដាប់​ដោយ​អាវុធ​ចំនួន​ប្រាំ​មួយ​នាក់​ និង​មេ​​ឃុំ​បាន​រារាំង​បុគ្គលិក​សិទ្ធិ​មនុស្ស​ និង​អ្នក​យក​ព័ត៌មាន​មួយ​ក្រុម​មាន​គ្នា​១៦​នាក់​មិន​ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​​ទៅ​កាន់​ទី​កន្លែង​ដី​មាន​ជម្លោះ​មួយ​នៅ​ក្នុង​ឃុំ​ស្រែ​ព្រះ​ ស្រុក​កែវ​សីមា នេះ​បើ​យោង​តាម​លោក​ ​វង់​ កុសល​ មន្ត្រី​ផ្នែក​ច្បាប់​របស់​ NGO Forum on Cambodia ដែល​រៀប​ចំ​ការ​ធ្វើ​ដំណើរ​នេះ​។

លោក​ កុសល​ បានឲ្យ​ដឹង​ថា “គោល​​​បំណង​របស់​យើង​ គឺ​​ពិនិត្យ​មើល​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នេះ​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​កាន់តែកើនឡើង​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ផលិត​ផល​ឈើ​របស់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​”។ លោក​បន្ត​ថា ក្រុម​នេះ​មិន​បាន​ព្យាយាម​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​នគរបាល​ប្រដាប់​អាវុធ​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “មេឃុំ​រួម​ជា​មួយ​នគរបាល​របស់​លោក​ចំនួន​៦​នាក់​ដែល​កាន់​កាំភ្លើង​វែង​ និង​កាំ​ភ្លើង​ខ្លី ឈរ​នៅ​កណ្តាល​ថ្នល់​ ហើយ​រា​រាំង​ពួក​យើង​មិន​ឲ្យ​ចូលក្នុង​​តំបន់​នោះ​ឡើយ​”។

ដំណើរ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ជម្លោះ​ដី​ធ្លី​មួយ​រវាង​អ្នក​ភូមិ​និង​ក្រុម​ហ៊ុ​ន​ចំនួន​ពីរ​ គ​ឺ​ក្រុម​ហ៊ុន សុវណ្ណរាជ​សី​ និង​ក្រុមហ៊ុន​ Bin Fuerk I នៅ​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី​ នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ NGO Forum ។ អ្នក​ភូមិ​ចោទ​ក្រុមហ៊ុន​នេះ​ថាបាន​កាប់​ឈើ​ខុស​ច្បាប់​ ​នៅ​លើ​ដី​សម្បទាន​សេដ្ឋ​កិច្ច​​មាន​ជម្លោះ​។

លោក​ ពើប ប៉េ មេ​ឃុំ​ស្រែ​ព្រះ​ បាន​បញ្ជាក​​់​​​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ដាក់​ពង្រាយ​នគរបាល​ប្រដាប់​អាវុធ​ប្រាំ​នាក់​ដើម្បី​ទប់​ស្កាត់​ក្រុម​នេះ​មិន​ឲ្យ​ចូល​ក្នុង​តំបន់​ព្រៃ​ឈើ​ឡើយ​។

លោក​បាន​ឲ្យ​ដឹង​ថា “​យើង​មិន​បាន​ឃើញ​​អ្វី​មួយ​ពី​រដ្ឋបាល​ខណ្ឌ​ព្រៃ​ឈើ​ខេត្ត​ទាក់​ទង​នឹង​បេសកកម្ម​របស់​ពួក​គេ​ឡើយ​។ ប្រសិន​ពួក​គេ​មាន​ការ​អនុញ្ញាត​ យើងនឹង​អនុញ្ញាត​​ឲ្យ​ពួក​គេ​ចូល​ក្នុង​តំបន់​នោះ​”។

លោក ពើប​ ប៉េ បាន​បន្ថែម​ថា មាន​ហេតុ​ផល​ពីរ​ផ្សេង​ទៀត​ ដែល​លោក​ដាក់​ពង្រាយ​នគរបាល​របស់​គាត់​។ លោក​បាន​ពន្យល់​ថា “ដំបូង​នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ យើង​ខ្លាច​ក្រែង​ថា​ ពួក​គេ​នឹង​ឃើញ​ព្រៃ​ល្អ​ ហើយ​​ហៅ​ក្រុមហ៊ុន​មួយ​ទៀត​មក​កាប់​ព្រៃ​ឈើ​សហគមន៍​របស់​យើង​។ ទី​ពីរ​ យើងខ្លាច​ក្រែង​អ្នក​យក​ព័ត៌មាន​​ទាំង​នោះ​នឹង​ថត​រូប​ ហើយ​លក់​រូប​ថត​ទៅ​ឲ្យ​ជន​បរទេស”។

លោកស្រី អុីសា រ៉ូហានី​ អ្នក​យក​ព័ត៌មាន​សម្រាប់​គេហទំព័រ​ព័ត៌មាន​ថ្មីៗ​ បាន​ចាត់​ទុក​ព្រឹត្តិការណ៍​ កាល​ពី​ថ្ងៃ​សៅរ៍ ជា​ឧទាហរណ៍​មួយ​នៃ​ការ​រំលោភ​សេរី​ភាព​អ្នក​យក​ព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា “អាជ្ញាធរ​បាន​រា​រាំង​យើង​ដោយ​និយាយ​ថា យើង​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ ក៏​ប៉ុន្តែ​យើង​ព្យាយាម​ពន្យល់​លោក​ ពើប​ ប៉េ​ អំពី​រដ្ឋធម្មនុញ្ញ។ យើង​​ជា​អ្នក​យក​ព័ត៌មាន​ យើង​មិន​ត្រូ​វការ​ការ​អនុញ្ញាត​​​មក​មើល​ព្រៃ​ឈើ​ឡើយ”៕ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស