អាជ្ញាធរទប់ស្កាត់ក្រុមអ្នកយកព័ត៌មាននិងបុគ្គលិកសិទ្ធិមនុស្សមិនឲ្យចូលទៅពិនិត្យមើលទីកន្លែងកាប់ឈើដែលគេចោទថាខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃសៅរ៍ ដោយមន្ត្រីឃុំម្នាក់និយាយថា ក្រុមនេះមិនបានស្វែងរកការអនុញ្ញាតមុននឹងចូលតំបន់នេះ។
នគរបាលប៉ុស្តិ៍ប្រដាប់ដោយអាវុធចំនួនប្រាំមួយនាក់ និងមេឃុំបានរារាំងបុគ្គលិកសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានមួយក្រុមមានគ្នា១៦នាក់មិនឲ្យធ្វើដំណើរតាមផ្លូវសាធារណៈទៅកាន់ទីកន្លែងដីមានជម្លោះមួយនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា នេះបើយោងតាមលោក វង់ កុសល មន្ត្រីផ្នែកច្បាប់របស់ NGO Forum on Cambodia ដែលរៀបចំការធ្វើដំណើរនេះ។
លោក កុសល បានឲ្យដឹងថា “គោលបំណងរបស់យើង គឺពិនិត្យមើលព្រៃឈើនៅក្នុងតំបន់នេះ ធ្វើការផ្សព្វផ្សាយដំណឹងកាន់តែកើនឡើងអំពីការកាប់ឈើខុសច្បាប់ និងផលិតផលឈើរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ”។ លោកបន្តថា ក្រុមនេះមិនបានព្យាយាមប្រឆាំងនឹងបទបញ្ជារបស់នគរបាលប្រដាប់អាវុធនោះទេ។
លោកបានមានប្រសាសន៍ថា “មេឃុំរួមជាមួយនគរបាលរបស់លោកចំនួន៦នាក់ដែលកាន់កាំភ្លើងវែង និងកាំភ្លើងខ្លី ឈរនៅកណ្តាលថ្នល់ ហើយរារាំងពួកយើងមិនឲ្យចូលក្នុងតំបន់នោះឡើយ”។
ដំណើរនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ព័ត៌មានអំពីជម្លោះដីធ្លីមួយរវាងអ្នកភូមិនិងក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន សុវណ្ណរាជសី និងក្រុមហ៊ុន Bin Fuerk I នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះបើយោងតាមការប្រកាសព័ត៌មានរបស់ NGO Forum ។ អ្នកភូមិចោទក្រុមហ៊ុននេះថាបានកាប់ឈើខុសច្បាប់ នៅលើដីសម្បទានសេដ្ឋកិច្ចមានជម្លោះ។
លោក ពើប ប៉េ មេឃុំស្រែព្រះ បានបញ្ជាក់កាលពីម្សិលមិញថា លោកបានដាក់ពង្រាយនគរបាលប្រដាប់អាវុធប្រាំនាក់ដើម្បីទប់ស្កាត់ក្រុមនេះមិនឲ្យចូលក្នុងតំបន់ព្រៃឈើឡើយ។
លោកបានឲ្យដឹងថា “យើងមិនបានឃើញអ្វីមួយពីរដ្ឋបាលខណ្ឌព្រៃឈើខេត្តទាក់ទងនឹងបេសកកម្មរបស់ពួកគេឡើយ។ ប្រសិនពួកគេមានការអនុញ្ញាត យើងនឹងអនុញ្ញាតឲ្យពួកគេចូលក្នុងតំបន់នោះ”។
លោក ពើប ប៉េ បានបន្ថែមថា មានហេតុផលពីរផ្សេងទៀត ដែលលោកដាក់ពង្រាយនគរបាលរបស់គាត់។ លោកបានពន្យល់ថា “ដំបូងនៅពេលដែលពួកគេមកដល់ យើងខ្លាចក្រែងថា ពួកគេនឹងឃើញព្រៃល្អ ហើយហៅក្រុមហ៊ុនមួយទៀតមកកាប់ព្រៃឈើសហគមន៍របស់យើង។ ទីពីរ យើងខ្លាចក្រែងអ្នកយកព័ត៌មានទាំងនោះនឹងថតរូប ហើយលក់រូបថតទៅឲ្យជនបរទេស”។
លោកស្រី អុីសា រ៉ូហានី អ្នកយកព័ត៌មានសម្រាប់គេហទំព័រព័ត៌មានថ្មីៗ បានចាត់ទុកព្រឹត្តិការណ៍ កាលពីថ្ងៃសៅរ៍ ជាឧទាហរណ៍មួយនៃការរំលោភសេរីភាពអ្នកយកព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានឲ្យដឹងថា “អាជ្ញាធរបានរារាំងយើងដោយនិយាយថា យើងកំពុងធ្វើសកម្មភាពខុសច្បាប់ ក៏ប៉ុន្តែយើងព្យាយាមពន្យល់លោក ពើប ប៉េ អំពីរដ្ឋធម្មនុញ្ញ។ យើងជាអ្នកយកព័ត៌មាន យើងមិនត្រូវការការអនុញ្ញាតមកមើលព្រៃឈើឡើយ”៕ ប៊ុននី