កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលជប៉ុនបានផ្តល់មូលនិធិចំនួនជាងពីរលានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់សាងសង់មជ្ឈមណ្ឌលអចិន្ត្រៃយ៍សម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ក្នុងគោលបំណងរក្សាទុកបណ្ណាសាររបស់តុលាការនេះ និងជួយសិស្សនិសិត្ស និងអ្នកសិក្សាស្រាវជ្រាវមកពីទូទាំងពិភពលោក ក្នុងការសិក្សាស្វែងយល់ពីដំណើរការកាត់ក្តីនៅទីនេះ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម។

សេចក្តីប្រកាសមួយដែលបង្ហាញពីមូលនិធិជំនួយ បានបង្ហាញថា មជ្ឈមណ្ឌលនេះនឹង “ រក្សាលទ្ធផលរបស់សាលាក្តីសម្រាប់សង្គមខ្មែរ ដែលជាមរតករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយនឹងបំពេញមុខងារជាភស្តុតាងសម្រាប់ការរំឭក និងការទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមកើតឡើងវិញ”។
ជាងបួនឆ្នាំក្រោយមក មជ្ឈមណ្ឌលនេះត្រូវបានសាងសង់ដោយប្រើមូលនិធិរបស់ជប៉ុន ក៏ប៉ុន្តែអគារមជ្ឈមណ្ឌលដែលមានទីតាំងស្ថិតនៅលើដីមួយកន្លែងក្នុងខណ្ឌសែនសុខនេះមិនមានអ្វីនៅខាងក្នុងទេ។ ចំណុចនេះឆ្លុះបញ្ជាំងឲ្យឃើញពីបញ្ហាមូលនិធិដែលតែងតែកើតឡើងរៀងរាល់ឆ្នាំ និងភាពគ្មានសមត្ថភាពរបស់សាលាក្តីខ្មែរក្រហមក្នុងការជំរុញគម្រោងមរតកដែលត្រូវបានរក្សា និងមានជាហូរហែរៀងមក។
រដ្ឋាភិបាលនៃប្រទេសកម្ពុជាទទួលខុសត្រូវផ្នែកបច្ចេកទេសចំពោះការផ្តល់មូលនិធិដល់សកម្មភាពប្រតិបត្តិការរបស់គម្រោងនេះ ក៏ប៉ុន្តែមិនទាន់បានចាត់ចែងឲ្យមានមូលនិធិនេះនៅឡើយទេ។ ពាក់កណ្តាលនៃអគារដែលមានបួនជាន់នេះត្រូវបានប្រើប្រាស់ជាទីស្នាក់ការរបស់គណៈមេធាវីកម្ពុជា ហើយពាក់កណ្តាលទៀតមានគ្រឿងសង្ហារិម ក៏ប៉ុន្តែមិនមានសកម្មភាពទាល់តែសោះ។
លោក ទិត ចេងឡន អនុសេនីយ៍ទោដែលត្រូវបានជួលឲ្យយាមការពារទីតាំងដ៏ស្ងាត់ជ្រងំតាំងពីខែវិច្ឆិកាឆ្នាំ២០១២មកនេះបាននិយាយថា “ មិនមានសកម្មភាពសោះឡើយ។ គ្រាន់តែមានតុកៅអីខ្លះ និងតុប្រជុំនៅខាងក្នុងប៉ុណ្ណោះ។ មិនមានមនុស្សទេ”។ លោក ហ្វូមីអូ ហ្គូតូ (Fumio Goto) លេខាទី១នៅស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងមិនផ្តល់មូលនិធិដល់ផ្នែកប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះទេ ហើយនៅតែកំពុងរង់ចាំឲ្យរដ្ឋាភិបាលកម្ពុជា ជាអ្នកផ្តល់មូលនិធិដល់ផ្នែកនេះ។
លោក ហ្គូតូ បានមានប្រសាសន៍ថា “វាគឺជាចំណែករបស់កម្ពុជានាពេលឥឡូវនេះ។ រហូតមកទល់ពេលនេះ ខាងកម្ពុជាមានការលំបាកផ្នែកថវិកា។ យើងសង្ឃឹមថា ពួកគេបានរៀបចំគ្រឿងបំពាក់ដែលនៅសល់ គ្រឿងបំពាក់ដែលចាំបាច់…។ កាន់តែឆាប់កាន់តែល្អ”។
លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកមិនបានដឹងពីរឿងអគារនេះទេ ហើយបានបង្វែរសំណួរទាំងអស់ទៅសាលាក្តីខ្មែរក្រហម។
លោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងថា មិនមានមូលនិធិសម្រាប់ចាប់ផ្តើមអនុវត្តគម្រោងមរតកយូរអង្វែងនេះទេក្នុងពេលនេះ។ លោកគូសបញ្ជាក់ឲ្យដឹងថា តុលាការនេះ បានស្វែងរកមូលនិធិពីម្ចាស់ជំនួយអន្តរជាតិ សម្រាប់គម្រោងមរតកផ្សេងៗ កាលពីឆ្នាំ២០១២ ក៏ប៉ុន្តែមិនទទួលជោគជ័យទេ។
លោកបានសរសេរអុីម៉េលថា “សាលាក្តីខ្មែរក្រហមបានស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីម្ចាស់ជំនួយ សម្រាប់ធ្វើការងារក្នុងគម្រោងមរតករបស់សាលាក្តីខ្មែរក្រហម ក្នុងផែនការថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០១២-២០១៣ ក៏ប៉ុន្តែប្រទេសជាម្ចាស់ជំនួយទាំងនោះបានស្នើឲ្យពន្យារពេលគម្រោងមរតកនេះ ពីព្រោះអាទិភាពផ្តោតទៅលើការធ្វើឲ្យប្រាកដថា មានថវិកាសម្រាប់បំពេញមុខងាររបស់សាលាក្តីខ្មែរក្រហម”។
លោក ភក្ត្រា បានមានប្រសាសន៍បន្ថែមទៀតថា “ទាក់ទងទៅនឹងការផ្ទេរឯកសារច្បាប់ និងបណ្តាសារ គណៈគ្រប់គ្រងនៅសាលាក្តីខ្មែរក្រហមកំពុងពិភាក្សាអំពីរបៀបចាត់ចែង និងប្រើប្រាស់អគារនេះសម្រាប់ជាប្រយោជន៍សាធារណៈ”។
មជ្ឈមណ្ឌលឯកសារច្បាប់មិនមែនជាគម្រោងតែមួយក្នុងចំណោមគម្រោងមរតករបស់សាលាក្តីខ្មែរក្រហមដែលទំនងជាមិនជឿនលឿនទៅមុខទេ។ កាលពីដើមឆ្នាំ២០១០សាលាក្តីខ្មែរក្រហមបានប្រកាសគម្រោងដ៏ធំមួយ ដើម្បីសហការជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវឧក្រិដ្ឋកម្មសង្គ្រាមនៃសាកលវិទ្យាកាលីហ្វ័រញ៉ា ទីក្រុង បឺខេឡី (University of California, Berkeley) និងវិទ្យាស្ថាន ហ៊ូវើ(Hoover Institution) នៅសាកលវិទ្យាល័យស្តេនហ្វត (Stanford University) ក្នុងការអភិវឌ្ឍគម្រោងបណ្ណាល័យ និងបណ្តាសារអេឡិចត្រូនិក (Virtual Tribunal) ដែលនឹងរក្សាសំណុំរឿងបណ្តឹងក្នុងប្រព័ន្ធអុីនធើណិត។
គម្រោងនេះត្រូវបានចាត់ទុកជាវិធីដ៏មានប្រសិទ្ធភាពក្នុងការធានាមរតករបស់សាលាក្តីខ្មែរក្រហម សូម្បីតែក្រោយពេលតុលាការនេះបញ្ចប់ដំណើរការកាត់ក្តីរបស់ខ្លួនក៏ដោយហើយអាចត្រូវបានប្រើប្រាស់សម្រាប់បញ្ចូលក្នុងគ្រឿងអេឡិចត្រូនិកនូវឯកសារបណ្តាសារ បទសម្ភាសរវាងបុគ្គលិកតុលាការជាមួយសាក្សី ជីវិតផ្ទាល់ខ្លួនក្រោមរបបខ្មែរក្រហម ឯកសារសិក្សាតាមប្រព័ន្ធអីុនធើណិត កម្មវិធីបង្ហាត់បង្ហាញពីចម្ងាយសម្រាប់អ្នកភូមិខ្មែរ។
ក្រៅពីមុខងាររក្សាទុកបណ្តាសាររូបវន្ត អគារនៅខណ្ឌសែនសុខនេះក៏ត្រូវបានរំពឹងថា នឹងបំពេញមុខងារជាទីស្នាក់ការសម្រាប់គម្រោងបណ្ណាល័យ និងបណ្តាសារអេឡិចត្រូនិកផងដែរ។ ប៉ុន្តែគម្រោងដែលត្រូវបានដាក់ចេញកាលពីឆ្នាំ២០១១នេះ បច្ចុប្បន្ន ត្រូវបានលុបចោលទាំងស្រុង ពោលគឺមិនបន្តទៅមុខទេ ដោយសារតែបញ្ហាខ្វះមូលនិធិ នេះបើយោងតាមការឲ្យដឹងពីលោក ឡាស អូលសេន(Lars Olsen) អ្នកនាំពាក្យអន្តរជាតិនៅសាលាក្តីខ្មែរក្រហម។
លោកស្រី ហីុធើ រីយ៉ាន (Heather Ryan) អ្នកត្រួតពិនិត្យសាលាក្តីខ្មែរក្រហម មកពីអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមបើកទូលាយបានលើកឡើងថា វាគឺជាភាពអាម៉ាស់មួយដែលឃើញមជ្ឈមណ្ឌលឯកសារច្បាប់មិនមានអ្វីសោះ។ វាគួរតែពេញដោយអ្នកស្រាវជ្រាវ។
លោកស្រី រីយ៉ាន បានមានប្រសាសន៍ថា “គម្រោងនានា ដូចជាគម្រោងបណ្ណាល័យ និងបណ្តាសារអេឡិចត្រូនិក ដែលដើមឡើយត្រូវបានរៀបចំក្នុងគម្រោងទុកនៅក្នុងលំហអាកាស ជាដើម មានសារៈសំខាន់សម្រាប់លើកកម្ពស់មរតកវិជ្ជមានរបស់សាលាក្តីខ្មែរក្រហមសម្រាប់ប្រព័ន្ធច្បាប់ជាតិ”។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “បរាជ័យក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងបែបនេះ គឺជាសញ្ញាបង្ហាញពីបញ្ហាខ្វះស្មារតីប្តេជ្ញារបស់រដ្ឋាភិបាលចំពោះការកែទម្រង់នីតិរដ្ឋ និងចំពោះការលើកកម្ពស់មរតកវិជ្ជមានទទួលបានពីតុលាការនេះ សូម្បីតែក្រោយពេលមានការឧបត្ថម្ភសប្បុរសសម្រាប់ចាប់ផ្តើមគម្រោងទាំងនេះក៏ដោយ”៕ សុធា
(រាយការណ៍បន្ថែមដោយ ផាន់ អាណា)