26 C
Phnom Penh

កម្មករ​​កាន់តែ​ច្រើនធ្វើ​កូដកម្ម​នៅ​​ក្រុង​​ បាវិត​ ដើម្បីទាម​ទារ​​ប្រាក់​ឧបត្ថម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​ប្រហែល​ជា​បរាជ័យ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​ការ​ស្នាក់​នៅ​ផ្ទះ​ដើម្បីទាម ទារ​ដំឡើង​ប្រាក់​ខែ​នៅ​ក្រោយថ្ងៃ​ចូ​ល​ឆ្នាំ​ខ្មែរ​កាលពី​ដើម​ខែ​នេះ​។ ប៉ុន្តែ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​កំពុង​​មាន​សន្ទុះ​កើន​ឡើង​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ដែល​មាន​កម្មករ​រោង​​​ចក្រ​កាត់​ដេរ​ប្រហែល​២០​.០០០​នាក់​​បាន​​​តវ៉ា​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ពីរ​នៅ​ក្រុង​បាវិត​ កាលពីថ្ងៃ​សៅរ៍​។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ដែល​មិន​​សប្បាយចិត្ត​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពីថ្ងៃ​សុក្រ ស្ដីបន្ទោស​កម្មករ​ក៏ដូច​ជា​រដ្ឋាភិបាល​ និង​បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​ចាត់​វិធានការ​មុន​ពេល​ការ​តវ៉ា​នេះ​​​​​​គ្រប់​គ្រង​លែង​បាន​។

កូដ​កម្ម​នៅ​ក្រុង​បាវិត​បាន​ចាប់​ផ្ដើម​ធ្វើ​​នៅ​រោងចក្រ​ចំនួន​ពីរ​ក្រោយ​​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ នៅ​ពេល​ដែល​កម្មករ​មួយ​ចំនួន​មាន​កា​រ​ច្រណែន​​នឹង​កម្មករ​នៅ​រោងចក្រ​ផ្សេង​ទៀត​នៅ​តំបន់នោះ​ ដែល​បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥០​ដុល្លារ​ ចំពោះ​ការ​មិន​ចូល​រួម​ធ្វើ​កូដ​កម្ម​ក្នុង​រយៈ​ពេល​បីខែ​មក​នេះ​។

ទោះ​ជា​រោងចក្រ​ភាគ​ច្រើន​មិន​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភដូច​គ្នា​នេះ​ដល់​កម្មករ​ក៏ដោយ ក៏​កម្មករ​កាន់​តែ​ច្រើន​កំពុង​តវ៉ា​ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​នេះ​ដែរ​។

កម្មករ​ឈ្មោះ​ ឌី នៅ​រោងចក្រ​ BK ដែល​បាន​ចូល​រួម​ធ្វើ​កូដ​កម្ម​​កាលពីថ្ងៃ​សៅរ៍ និង​មិន​ហា៊ន​ប្រាប់​ឈ្មោះ​ពេញ​ ដោយ​សា​រ​ខ្លាច​មាន​ការ​​​​​​​​​​រក​រឿង​ពី​ថៅកែ​របស់​ខ្លួន​នោះ បាន​​​និយាយ​ថា “យើង​នឹង​តវ៉ា​រហូត​ដល់​រោងចក្រ​នេះ​បើ​ក​ប្រាក់​ឧបត្ថម្ភ​ឲ្យ​យើង​ចំនួន​៥០​ដុល្លារ​”។

គាត់​បាន​និយាយ​ថា “ហេតុអ្វី​បាន​ជា​រោង​​ចក្រ​ផ្សេង​ទៀត​បើក​ប្រាក់​ឧបត្ថម្ភ​​ឲ្យ​កម្មករ​​របស់​គេ​ចំនួន​៥០​ដុល្លារ​ចំពោះ​ការ​មិន​ចូល​រួម​ធ្វើ​​កូដ​កម្ម​ ឬបាតុកម្ម​? យើង​មិន​បាន​ចូល​រួមទេ ដូច្នេះ​​​រោងច​ក្រ​របស់​យើង​​ត្រូវ​​​ឲ្យ​លុយ​​​​​​​ដូច​រោងចក្រ​ផ្សេង​ទៀត​ដែរ​”។

​កូដ​ករ​​ម្នាក់ទៀត​ឈ្មោះ​ ចាន់ណា បាន​និយាយ​ថា រោងចក្រ​ស្មាត​តិច​ ដែល​គាត់ធ្វើ​ការ​នោះ​​មិន​បានជំទាស់​ទេ​កាលពីថ្ងៃសៅរ៍ ហើយ​បាន​យល់ព្រម​បើក​ប្រាក់​ឲ្យ​គាត់ និង​សហការី​របស់​គាត់​ម្នាក់​ៗ​​​៥០​ដុល្លារ​។

គាត់​បាន​និយាយ​ថា “រោងចក្រ​នេះ​ក៏​​បាន​​សន្យា​ប្រាប់​យើង​ដែរ​ថា ប្រសិន​បើ​យើង​​មិន​​​​​​​តវ៉ា​ក្នុង​រយៈ​ពេល​បីខែ​ទៀត​ យើង​នឹង​ទទួល​បាន​២៥​ដុល្លារ​។ ដូច្នេះ​ យើង​នឹង​មិន​​​​តវ៉ា​ ឬធ្វើ​កូដ​កម្ម​ទេ ប៉ុន្តែ​​ប្រសិន​បើ​កម្មករ​ផ្សេង​ទៀត​តវ៉ា​ ខ្ញុំ​នឹង​​ចូល​រួម​ជាមួយ​ពួក​គេ​”។

លោក ឆេង ឈាន អគ្គលេខាធិការ​​សម្ព័ន្ធ​​​​សហ​ជីព​​ចលនា​​​កម្ពុជា​​បាន​ប៉ាន់​ប្រមាណ​ថា កម្មករ​នៅ​រោងចក្រ​ប្រហែល​៨០​ភាគ​រយ​​​​នៃ​រោងចក្រ​ប្រហែល​៤០​​នៅ​ក្រុង​បាវិត ដែល​មាន​កម្មករ​សរុប​​ប្រហែល​២០.០០០​នាក់​បាន​ចូលរួមធ្វើ​កូដ​កម្ម​កាលពីថ្ងៃសៅរ៍។

លោក កែវ ហន អធិការ​រង​នគរ​បាល​ក្រុង​​​​​​​បាវិត បាន​បញ្ជាក់ពី​ចំនួន​កម្មករ​ធ្វើ​កូដ​កម្ម​នេះ​ ហើយ​បាន​មាន​ប្រសាសន៍​ថា អ្នក​តវ៉ា​មួយ​ចំនួន​បាន​គប់​ដុំថ្ម​បំបែក​បង្អួច​រោងចក្រ​ឃីង​មែក​ឃើ (Kingmaker) ដើម្បី​ឲ្យ​កម្មករ​នៅ​ខាង​​​​​​​ក្នុង​រោងចក្រ​នោះ​ចេញមក​ចូល​រួម​ជាមួយ​​​ពួក​គេ​។ លោក​រំពឹង​ថា កូដ​កម្ម​នេះ នឹង​បន្ត​ទៀត​នៅ​ថ្ងៃ​នេះ​។

លោក​មាន​ប្រសាសន៍​ថា “ដោយ​សារ​​​មិន​មាន​ដំណោះ​ស្រាយ​កាលពីថ្ងៃ​សៅរ៍ កម្មករ​នឹង​បន្ត​តវ៉ា​ទាម​ទារ​៥០​ដុល្លារ​នេះទៀត​”។

នៅ​ក្នុង​សេច​ក្ដី​ប្រកាស​មួយ​ដាក់​តាម​វិប​សាយ​របស់​ខ្លួន​កាលពីថ្ងៃ​សុក្រ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​ចោទ​កម្មករ​ថា បានព្យាយាម​គំរាម​ទារលុយ ពីរោងចក្រ​ដែល​ពួកគេ​មិន​ដែល​បានសន្យា​ផ្ដល់​ឲ្យ​ ហើយ​បាន​ព្រមាន​ថា ក្រៅពី​មិន​បាន​ទទួល​ប្រាក់​​ឧបត្ថម្ភ​ដែលពួកគេ​ចង់​បាន​​នេះ​ រោង​ចក្រ​​​ក៏នឹង​កាត់​ប្រាក់ខែ​​ពួក​គេ​ផង​ដែរ​ ប្រសិន​បើ​ពួកគេ​នៅ​តែ​តវ៉ា​។ សេចក្ដីប្រកាស​នោះ​បាន​បន្ទោស​យ៉ាង​​ខ្លាំង​ទៅ​លើ​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​​កម្ពុជា​។

សេចក្ដី​ប្រកាស​នេះ​ក៏​បាន​ក្រើន​រំឭក​អាជ្ញា​​ធរ​ដែរ​ថា ការ​តវ៉ា​នេះ​អាច​ក្លាយ​ជា​ហិង្សា​ និង​​​កាន់​តែ​រាល​ដាល​ប្រសិន​បើ​ពួកគេ​មិន​បាន​គ្រប់​គ្រង​ស្ថាន​ភាព​នេះ​ភ្លាម​​ៗ​ទេ​។

សេចក្ដី​ប្រកាស​នេះ​លើក​ឡើង​ថា “សមា​​​គម​រោងចក្រ​កាត​់​ដេរ​នៅកម្ពុជា​ មាន​ការ​សោក​​​​ស្ដាយ​ដោយ​សារ​​រដ្ឋាភិបាល​ និង​អាជ្ញា​ធរ​មូល​​​​ដ្ឋាន​​អនុញ្ញាត​ឲ្យ​ទង្វើ​ខុស​ច្បាប់​នេះ​កើត​ឡើង​ និ​ង​មិន​ចាត់​វិធាន​ការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

សមា​គម​រោងចក្រ​កាត​់​ដេរ​នៅកម្ពុជា​​ បាន​មើល​ឃើញ​ថា ទង្វើ​នេះ​បាន​ក្លាយ​ជា​ហិង្សា​ ​​​​​​ពីព្រោះ​កូដករ​បាន​​គប់​ដុំថ្ម​ទៅ​លើ​​រោងចក្រ​ និង​បាន​គំរាម​កម្មករ​ផ្សេង​ទៀត​មិន​ឲ្យ​ទៅ​ធ្វើ​ការ ​ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​រោងចក្រ​។ កូដ​កម្ម​នេះ​នឹង​រាល​ដាល​ដល់​​កន្លែង​ផ្សេង​ទៀត​ ដែល​មាន​រោងចក្រ​សម្លៀក​​​​​​​បំពាក់ និង​រោង​ចក្រ​ស្បែក​ជើង​ប្រសិន​បើ​មិន​​​​​​​​​​​​មាន​ការ​ទប់​ស្កាត់​ទេ​។

សេចក្ដី​ប្រកាស​នោះលើក​ឡើង​ថា “ការ​ធ្វើ​មិន​ដឹង​មិ​ឮ និង​ការ​អនុញ្ញាត​ឲ្យ​សហ​ជីព​​ធ្វើ​តាម​អំពើ​ចិត្ត​​​​បែប​នេះ​នឹង​ធ្វើ​ឲ្យ​វិនិយោគិន​បាត់​បង់​ជំនឿទុក​ចិត្ត​​លើ​រដ្ឋាភិបាល​​ចំពោះ​​ការ​ការ​ពារ​សុវត្ថិភាព​ និង​ផល​ប្រយោជន៍​​ស្រប​ច្បាប់​របស់​ពួកគេ​”។

សមា​គម​រោងចក្រ​កាត​់​ដេរ​នៅកម្ពុជា​ អះអាង​ថា កូដ​កម្ម​​ទូទាំង​ប្រទេស​លើក​មុន​ បាន​ធ្វើ​ឲ្យ​សមាជិក​របស់​ខ្លួន​បាត់​បង់​ប្រាក់​ចំណូល​អស់​៤២​,២​លាន​ដុល្លារ​ និង​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ទ្រព្យសម្បត្តិ​គិតជា​ទឹក​ប្រាក់​អស់​​១៧,៣​លាន​ដុល្លារ​។

កូដ​កម្ម​ទាំ​ង​នោះ​បាន​ចាប់​ផ្ដើម​ដំបូង​ជា​មួយ​​​​នឹង​ការ​តវ៉ាតូច​ៗ​​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុង​​​​​​​​​​បាវិត កាលពីខែវិច្ឆិកា ហើយ​កូដ​កម្ម​ទាំង​​​នោះ​​​​បាន​ចាប់​ផ្ដើម​រាល​ដាល​បន្តិចម្ដង​ៗ​ ​និង​ជា​ចុង​ក្រោយ​បានបញ្ចប់​ភ្លាមៗ​កាលពីថ្ងៃ​ទី​៣ ខែ​​​មករា នៅពេល​ដែល​កង​រាជ​អាវុធ​ហត្ថ​​បាន​បាញ់​​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ធ្វើ​ឲ្យ​កម្ម​​​ករ​រោងចក្រ​កាត់ដេរ​ស្លាប់​យ៉ាង​តិច​ប្រាំនាក់​ និង​រង​របួស​ជាង​៤០​នាក់​ទៀត​។

សហជីព​របស់​លោក ប៉ាវ ស៊ីណា បាន​បដិ​សេធ​ចំពោះការ​អះអាង​របស់​សមា​គម​រោង​ចក្រ​កាត​់​ដេរ​នៅកម្ពុជា​ដែល​ថា សហជីព​របស់​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះកូដ​កម្ម​នៅ​ក្រុង​បាវិត​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ចោទ​របស់​សមា​គម​រោងចក្រ​កាត​់​ដេរ​នៅកម្ពុជា​ ដែល​ថា ខ្ញុំ​បាន​ញុះញង់​កម្មករ​នោះគឺ​មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទេ​ ពីព្រោះការ​ទាម​ទារ​​​របស់​កម្ម​​​ករខុស​គ្នា​ពីការ​ទាម​ទារ​របស់​សហ​ជីព​។ កម្មករ​​កំពុង​ទាមទារ​ប្រាក់​ឧបត្ថម្ភ​​៥០​ដុល្លារ​ចំពោះការ​មិន​ធ្វើ​កូដ​កម្ម ឬបាតុកម្ម​ ប៉ុន្តែ​សហ​​​ជីព​របស់​យើង​កំពុង​ទាម​ទារ​ឲ្យ​មាន​​​​​​​​ការ​ដោះ​លែង​កម្មករ​ជាប់​ឃុំ និង​​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោ​ល​ដល់​១៦០​ដុល្លារ​”។

ថ្វីបើ​មាន​គោល​បំណង​ខុស​គ្នា​ក៏ដោយ​ ក៏​លោក​ ប៉ាវ ស៊ីណា បាន​មាន​ប្រសាសន៍​ថា លោក​​​​​​​គាំទ្រ​ការធ្វើ​កូដ​កម្មនេះដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គាំ​ទ្រ​​អ្នក​តវ៉ាទា​ំង​នេះ​ ពីព្រោះ​ពួកគេ​កំពុ​ង​ទាម​ទារ​​​​​​​សិទ្ធិ​ និង​លក្ខខណ្ឌការ​ងារ​ល្អ​ប្រសើរ​​ ដោយ​​​​​​សារ​​​​​​​រោងចក្រ​បាន​បំពាន​ពួកគេ​ដោយ​ការ​បណ្ដេញ​​​​​​​តំណាង​ពួកគេ​ដែល​បានដឹក​នាំ​ការ​តវ៉ា​ បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ថែមម៉ោង​ និង​​​កម្ម​ករ​ពិបាក​សុំច្បាប់​ឈប់​សម្រាក​នៅពេល​ពួកគេ​ឈឺ​”។

គេ​មិនអា​ច​ទាក់ទង​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​​​​រៀង​សុំការ​បំភ្លឺ​បានទេ​។ ប៉ុន្តែ​លោក កែវ ហន អធិការ​រង​នគរ​បាល​ក្រុង​នេះ​​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​ប្រឹង​ប្រែង​ព្យាយាម​ដោះ​​​ស្រាយ​​វិវាទ​នេះ។ លោក​បានមាន​ប្រសាសន៍​ថា “ពិបា​ក​រក​ដំណោះ​ស្រាយ​ឲ្យ​កម្មករ​ណាស់ ពីព្រោះពួក​គេ​មិន​មាន​តំណាង​មក​ចរចា​”។

លោក​បាន​បន្ថែម​ថា មន្ត្រីមូល​ដ្ឋាន​រៀប​ចំ​​ផែន​​ការ​សម្រប​សម្រួល​ឲ្យ​មាន​កិច្ច​ប្រជុំ​រវាង​កម្មករ​ និងម្ចាស់​រោងចក្រ​នៅ​ថ្ងៃ​នេះ​។

លោក​ កែវ ហន បានមាន​ប្រសាសន៍​ថា នគរ​​​​​​​បាល​ក៏បានកោះហៅ​តំណាង​សហជីព​ពីរ​រូប គឺលោក ស៊ុន ចិត្ត និងលោក ជា ឧត្តម មកសាកសួរ​នៅថ្ងៃនេះ​ដែរ​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​ដែល​រោងចក្រ​បាន​ប្ដឹង​នៅ​ពេល​ថ្មីៗ​នេះ​។ សហជីព​នេះ​​និយាយ​ថា ខ្លួន​នឹង​ប្រមូល​​កម្មករ​ប្រហែល​៥.០០០​នាក់​ទៅតវ៉ា​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​៕​គឹម​ហឿន 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស