30 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជួបប្រជុំជាមួយ​ក្រុមហ៊ុនឯកជន​​​​នានា​ដើម្បី​ជំរុញឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថាន​បាន​ជួប​ប្រជុំជាមួយក្រុម​ហ៊ុន​ឯកជន​ ដែល​ទទួល​បាន​សម្បទាន​ដីកាលពី​សប្ដាហ៍​មុន ដើម្បី​​ចង់​ដឹង​​ថា តើ​ក្រុមហ៊ុន​ទាំង​នេះ​អនុ​វត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញតិ​របស់​រដ្ឋា​ភិបាល និង​ប្រកាន់​ខ្ជាប់​តាម​កិច្ច​សន្យា​របស់​ខ្លួន​​ឬយ៉ាង​ណា។

អង្គការ​សិទ្ធិមនុស្ស​បានចោទ​ប្រកាន់រដ្ឋា​ភិបាល​ជា​យូរ​មក​ហើយ​ថា បានធ្វើ​មិន​ដឹង​មិន​​​​​​​ឮចំពោះ​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្ប​ទាន​​​​​​​​ក្នុ​ង​លក្ខណៈ​ជួល​ពី​រដ្ឋ​ ដោយ​បណ្ដោយ​​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នេះ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ដោយ​ខុស​ច្បាប់ រំលោភ​យក​ដី​របស់​ពួកគាត់​ និង​រាន​ព្រៃ​ដោយ​គ្មាន​ទទួល​ទោស​អ្វីឡើយ​។

អំឡុងពេល​មាន​សម្ពាធ​ពី​អន្តរជាតិ​ និង​ក្នុង​ស្រុក​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីពាក់​កណ្ដាល​ឆ្នាំ​២០១២ បាន​ចេញ​សារាចរណែ​នាំ​លេខ​០០១​ បញ្ជា​​ឲ្យ​ផ្អាក​ការ​ផ្ដល់​សម្បទាន​ដីសេដ្ឋកិច្ច​ថ្មី និង​ឲ្យ​ពិនិត្យ​មើល​​តាម​ផ្លូវ​ច្បាប់​​លើ​ដី​សម្បទាន​ដែល​​បាន​អនុម័ត​រួច​ហើយ​ឡើង​វិញ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​បានចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ លោក សាយ សំអាល់ បាន​ជួប​ប្រជុំជាមួយ​ក្រុ​ម​ហ៊ុន​ដែល​ទទួល​បាន​ដីសម្ប​ទាន​នៅទីស្តីការ​​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុងរាជ​ធានីភ្នំពេញ។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​លើក​ឡើង​​​ថា “យើង​បានពិនិត្យ​មើល​ក្រុម​ហ៊ុន​នីមួយ​ៗ ព្រោះ​យើង​ចង់​ដឹង​ថា តើ​ពួក​គេ​អនុវត្ត​​តាម​​សារាចរ​ណែនាំ​០០១​របស់​រដ្ឋា​ភិបាល​ឬយ៉ាង​ណា​ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​សម្ប​ទាន​ដីសេដ្ឋ​កិច្ច​របស់​ខ្លួន​។ យើង​អំពាវ​នាវ​ឲ្យ​​ក្រុម​​ហ៊ុន​ទាំង​​អស់​អនុវត្ត​​​​គម្រោង​​​​​​​​​​​​​​​​​​​​​​​​​របស់​ខ្លួន​​ដោយ​ការ​គោរព​​តាម​កិច្ច​សន្យា​ និង​ច្បាប់​”។

តាម​សារាចរ​ណែនាំ​​លេខ០០១​ រដ្ឋាភិ​បាល​​បាន​គំរាម​ព្យួរ​អាជ្ញាប័ណ្ណ​ក្រុម​ហ៊ុន​ណាដែល​រំលោភ​កិច្ច​សន្យា​របស់​ខ្លួន​។

ទោះ​យ៉ាង​ណា នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​​​​កាលពី​ម្សិលមិញ លោក សាយ សំអាល់ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំនេះ​មិន​មែន​ដើម្បី​​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​​​​​​​​​​ណា​មួយ​​ទេ គឺ​ដើម្បី​​ជួយ​ឲ្យ​ពួកគេ​ពុះពារ​​នឹង​បញ្ហា​ប្រឈម​ណាមួយ​​​​​​​។

លោក​​មាន​ប្រសាសន៍​ថា “យើង​បាន​ជួប​​​​ប្រជុំ​ជាមួយ​ក្រុម​ហ៊ុនទាំង​​​នេះ​ដើម្បី​ស្វែង​យល់​អំពី​ភាព​លំបាក​ដែល​ពួកគេ​​ជួប​ ដូច្នេះ​ហើយ​យើង​អាច​ស្វែង​រក​មធ្យោ​​​បាយ​​ជួយ​ពួក​គេ​។

លោក សាយ សំអាល់ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​អំពី​កិច្ច​ប្រជុំ​នោះ​ ឬ​អំពី​​​​​ការ​វិវឌ្ឍ​នៃ​​សារាចរ​ណែនាំ​​លេខ​០០១​ទេ ហើយ​បាន​បង្វែ​រ​សំណួរ​បន្ថែម​ទៅ​លោក សៅ សុភាព ប្រធាន​ខុទ្ទកាល័យ​របស់​លោក ដែល​​​មិន​អាច​ទាក់​ទង​បាន​។

យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ឲ្យ​​​ដឹង​​​​​​ថា ​ ដី​សម្បទាន​សេដ្ឋកិច្ច​ភាគ​ច្រើន ដែល​រដ្ឋា​​​ភិបាល​បាន​ផ្ដល់​ឲ្យគឺ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជាង​១០​ភាគ​រយ​នៃ​ផ្ទៃ​ដី​​ទូទាំង​ប្រទេស​ ដែល​​​​​​​សុទ្ធ​តែ​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​កសិកម្ម​​ទាំង​អស់​។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​​​​​​​ផ្សាយកាលពីដើម​ខែ​នេះ អង្គការ​សិទ្ធិ​មនុស្ស​​​​​​​លីកាដូ បាន​លើកឡើង​ថា រយៈ​ពេល​ជិត​២​​​ឆ្នាំ​​​​មក​ហើយចាប់​តាំង​ពី​​លោក ហ៊ុន សែន បាន​​​ចេញ​សារាចរ​ណែនាំ​​លេខ​០០១​ មិន​មាន​​​សញ្ញា​​​​ណាមួយ​បង្ហាញពី​ការ​ពិនិត្យ​មើលដី​សម្ប​​​ទាន​​​​​​ដែល​មាន​ស្រាប់​​​ដោយ​ប្រសិទ្ធ​ភាព​ទេ។

របាយការណ៍ដដែល​នេះ​លើក​ឡើង​ថា វិវាទ​ដីធ្លី​រវាង​កសិករ និ​ង​រដ្ឋាភិបាល​ ឬក្រុម​ហ៊ុនដែល​ទទួលបាន​ដីសម្បទាន​ពីរដ្ឋ​មាន​ការ​កើន​ឡើង​ជា​ថ្មីម្ដង​ទៀត​នៅ​ឆ្នាំ​នេះ​ ហើយ​បើ​​​ទោះណាជា​មាន​សេចក្តី​រាយការណ៍​ជា​​ច្រើន​​​​​​​​​​​​ពី​អង្គការ​សិទ្ធិមនុស្ស​ និង​កសិករ​ ​អំពី​ម្ចាស់​​​ដី​​​សម្បទាន​​ដែលធ្វើ​​ប្រតិបត្តិការ​រំលោភ​កិច្ច​​​​សន្យា​របស់​ខ្លួន និង​ច្បាប់​ជា​ច្រើន​ក៏ដោយ ក៏មាន​ក្រុម​ហ៊ុន​តិច​តួច​ប៉ុណ្ណោះ​ត្រូវ​បាន​ដក​​អាជ្ញាប័ណ្ណ​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស