គណៈប្រតិភូជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជួបប្រជុំជាមួយមេដឹកនាំនៃប្រទេសអាស៊ែបៃហ្សង់ និងបេឡារុស កាលពីសប្ដាហ៍មុនបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃសៅរ៍ ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចព្រមព្រៀងធុរកិច្ចជាច្រើន ដែលបានចុះហត្ថលេខាអំឡុងទស្សនកិច្ចនោះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក កៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីកិច្ចព្រមព្រៀងថ្មីៗ ដែលនឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអាស៊ែបៃហ្សង់ ព្រមទាំងការហោះហើរដោយផ្ទាល់ប្រចាំសប្ដាហ៍ពីប្រទេសបេឡារុសមកកាន់កម្ពុជា។
លោក កៅ គឹមហួន បានមានប្រសាសន៍ថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណមេដឹកនាំប្រទេសអាស៊ែបៃហ្សង់ ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជារបស់យើងក្នុងវិស័យប្រេង និងឧស្ម័ន”។
លោកបានបន្ថែមថា “ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ប្រទេសកម្ពុជាបានទទួលយកសំណើរបស់ប្រទេសបេឡារុសក្នុងការចាប់ផ្ដើមឲ្យមានជើងហោះហើរមួយដងក្នុងមួយសប្ដាហ៍ [ពីប្រទេសបេឡារុសមកកម្ពុជា] ជាដំណាក់កាលទី១”។
លោក កៅ គឹមហួន បានមានប្រសាសន៍ថា លោក ហ៊ុន សែន បានអញ្ជើញលោក Artur Rasizade នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងលោក Mikhail Myasnikovich នាយករដ្ឋមន្ត្រីបេឡារុសឲ្យមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយល់ព្រមចំពោះការបង្កើតសមាគមមិត្តភាពកម្ពុជា-អាស៊ែបៃហ្សង់ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោក Asaf Haiiyev សមាជិកសភាអាស៊ែបៃហ្សង់ផងដែរ៕ សារុន