25 C
Phnom Penh

ប្រជាពលរដ្ឋ​នៅក្នុងខណ្ឌ​មាន​ជ័យ ផ្អាក​ធ្វើការ​តវ៉ា​ពង្រីកផ្លូវប៉េតុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិប្រមាណជា៤០នាក់​បានចំណាយពេល​​បីថ្ងៃ​តវ៉ា​បិទច្រកផ្លូវប៉េតុងមួយកន្លែងដើម្បីបញ្ឈប់ការសាងសង់របងថ្ម តាំង​​ពី​សប្តាហ៍​មុននៅក្នុងខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញមានការ​ព្រមព្រៀង​បញ្ឈប់ការតវ៉ា បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើ​អន្តរាគមន៍​ដោះ​ស្រាយ​​ជម្លោះ​នោះ។ គួរ​បញ្ជាក់ថារបងថ្មនេះ​គឺកម្មសិទ្ធិរបស់​​​ក្រុមហ៊ុនអចលន​ទ្រព្យ ​ឃុន សៀ។

លោក ជា វណ្ណៈ អាយុ​៤៨ឆ្នាំ ដែលស្ថិត​​ក្នុងចំណោមអ្នក​តវ៉ា​ ដែលបាន​ចាប់​ផ្តើម​ដុត​កង់ឡាន​​នៅ​ក្បែរ​របងថ្ម​​របស់​ក្រុម​ហ៊ុន​ឃុន សៀ កាលពីថ្ងៃ​ព្រហស្បតិ៍ ​បានឲ្យដឹងថា ​គាត់​និង​អ្នកភូមិដែលមានកំហឹង​នោះ ​បាន​យល់ព្រមបញ្ឈប់ការតវ៉ាបន្ទាប់ពី​អាជ្ញាធរខណ្ឌ​បាន​សន្យា​ដោះស្រាយ​ជម្លោះរវាង​ខ្លួន​ជា​មួយ​ឈ្មួញកណ្តាល​របស់​ក្រុមហ៊ុន​នេះ​។

លោក​ វណ្ណៈ​ បាន​មាន​ប្រសាសន៍ដូច្នេះ​ថា “អភិ​បាល​​​រង​ខណ្ឌ​បាន​ជួប​ជា​មួយ​តំណាង​ភូមិ​ ហើយ​បាន​ប្រាប់​យើង​ឲ្យ​ប្រមូល​ស្នាម​មេ​ដៃ​របស់​យើង​ និង​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​សា​លា​ខណ្ឌ​នៅ​ថ្ងៃ​ស្អែក​”។

​អ្នក​ភូមិ​បាន​ត្អួញ​ត្អែរ​ថា​ សំណង់​ច្រក​ទ្វារ​ទទឹង​១,៥​ម៉ែត្រ​របស់​ក្រុមហ៊ុន​ ឃុន សៀ នៅ​លើ​មហាវិថី​សម្តេច​ តេជោ​ ហ៊ុន សែន​ មាន​​គ្រោះ​ថ្នាក់​ណាស់​ ពី​ព្រោះ​គេ​ទុក​តែ​៣,៥​​​ម៉ែត្រ​ប៉ុណ្ណោះ​ សម្រាប់​រថយន្ត​ឆ្លង​កាត់​។

អ្នក​ភូមិ​៤០​នាក់​នេះ​មាន​ផែន​ការ​បិទ​ផ្លូវ​ជាតិ​លេខ​២​កាល​ពី​ព្រឹក​ម្សិលមិញ​ ដើម្បី​តវ៉ា​ការ​សាង​សង់​​ច្រក​ទ្វារ​នេះ​ ក៏​ប៉ុន្តែ​មន្ត្រី​សង្កា​ចាក់​អង្រែ​លើ​បាន​ជួប​ជាមួយ​ពួក​គាត់​ដោយ​ស្នើ​ឲ្យ​ពួក​គាត់​អង្គុយ​ចុះ​ដើម្បី​ជួប​ប្រជុំ​នៅ​ឯ​សាលាសង្កាត់​។

លោក​ វណ្ណៈ​ បាន​មានប្រសាសន៍បន្តទៀត​​ ​ថា “អាជ្ញាធរ​ខណ្ឌ​បាន​សន្យា​បញ្ជូន​សំណើ​របស់​យើង​ទៅ​ដល់លោក​ ឧកញ៉ា ឃុន សៀ បន្ទាប់​​ពី​ប្រមូល​ស្នាម​មេដៃ​របស់​យើង​នៅ​ថ្ងៃ​ស្អែក​”។

លោក​ កែវ​ សាវឿន​ ចៅ​សង្កាត់​ចាក់​អង្រែ​​លើ​ដែល​បាន​គាំ​ទ្រ​លោក​ ឃុន​ សៀ​ នៅ​​​ក្នុង​ជម្លោះ​នេះ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា​ លោក​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​​ជម្លោះ​នេះ​ទេ​ ហើយ​បាន​បញ្ជូន​សំណុំរឿង​នេះ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដោះ​ស្រាយ​វិញ​។

លោក​ ហៀក​ ចាន់លាង អភិបាល​រង​ខណ្ឌ​ ដែល​ជួប​ជា​មួយ​អ្នក​ភូមិដែល​តវ៉ា​បាន​លើក​ឡើង​ថា បើ​ទោះ​ជា​សំណង់របស់​លោក​ ឃុន​ សៀ​ លយ​ចូល​ផ្លូវ​សាធារណៈ​ក៏ពិត​មែន​ ប៉ុន្តែ​​ ​មាន​អាជ្ញាធរ​តិច​តួចណាស់​អាច​ឲ្យ​គេ​យក​វា​ចេញ​វិញ​បាន​។លោក​ ចាន់​លាង​ បាន​មាន​ប្រសាសន៍ថា “​អ្នក​ភូមិចង់​ឲ្យ​អាជ្ញាធរ​រក្សា​ផ្លូវ​ទទឹង​៥​ម៉ែត្រ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​អាច​បើក​ដី​ឯក​ជន​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ទេ​។ នេះ​ជា​ការ​ប្រព្រឹត្តខុស​ច្បាប់​។ មាន​តែ​តុលា​ការ​ទេ​ដែល​អាច​ធ្វើ​ដូច្នោះ​បាន​”៕ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស