បន្ទាប់ពីការចរចារវាងគណបក្សនិងគណបក្សបរាជ័យកាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់លោកនឹងបន្តធ្វើមហាបាតុកម្មនៅថ្ងៃសុក្រ។
លោក សម រង្ស៊ី ដែលគ្រោងវិលត្រឡប់ពីការធ្វើដំណើរទៅតំបន់អឺរ៉ុបវិញនៅថ្ងៃពុធ បានមានប្រសាសន៍ថា ការមិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងការជួបចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែនេះ មានន័យថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលនឹងបន្តធ្វើដូចការគ្រោងទុក។ លោក សម រង្ស៊ី លើកឡើងតាមអុីម៉េលថា “អ្វីៗនឹងធ្វើតាមការគ្រោងទុកដដែល…ព្រោះមិនមានកិច្ចព្រមព្រៀងណាមួយទេ”។
លោកបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិក៏នឹងចូលរួមការហែក្បួននៅទិវាពលកម្មនៅថ្ងៃព្រហស្បតិ៍ដែរ។ កាលពីថ្ងៃទី៣១ ខែមីនា លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងប្រើប្រាស់យុទ្ធនាការឃោសនារយៈពេលពីរសប្តាហ៍សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅថ្ងៃទី១៨ខែឧសភា ដើម្បីប្រឆាំងនឹងបម្រាមមិនឲ្យធ្វើការតវ៉ាដែលបានដាក់កាលពីខែមករានេះ។
ទោះយ៉ាងណា កាលពីថ្ងៃទី៩ ខែមេសា លោកបានមានប្រសាសន៍ថា លោកជិតឈានដល់កិច្ចព្រមព្រៀងនៅក្នុងការចរចាជាមួយលោក ហ៊ុន សែន សម្រាប់ឲ្យគណបក្សប្រឆាំងចូលរួមក្នុងរដ្ឋសភាហើយ។ កិច្ចព្រមព្រៀងនេះបានបរាជ័យវិញនៅថ្ងៃបន្ទាប់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថា គណបក្សសង្គ្រោះជាតិនឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់យុទ្ធនាការនេះដើម្បីធ្វើការតវ៉ាឡើយ៕សារុន