ប័ណ្ណសារ

អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជាសម្រេចឲ្យ​ចុង​ចោទ​​ឡើង​សវនាការ​នៅដំណាក់​កាលទី២

By

April 28, 2014

លោក និល ណុន ប្រធាន​អង្គជំនុំជម្រះ​​បានសម្រេចកាល​ពីថ្ងៃ​សុក្រថា លទ្ធផល​​ពិនិត្យ​សុខភាព​ចុងចោទ ខៀវ សំផន និង នួន ជា នៅសា​លាក្តី​ខ្មែរ​ក្រហម​កាល​ពីខែ​មុន បង្ហាញ​ថា​ ចុង​ចោទទាំងពីរ​​អាច​ឡើង​តុលា​ការ​​​នៅក្នុង​ដំណាក់​កាល​ទី២ នៃសំណុំរឿង​​បណ្តឹង​ប្រឆាំង​នឹង​ខ្លួន។

ក្រុមមេធាវី​ការពារ​ នួ​ន ជា អាយុ​៨៧ឆ្នាំ  និង ខៀវ សំផនអាយុ​៨២ឆ្នាំ ​​​​លើកឡើង​​អំពី​អសមត្ថភាព​កូន​ក្តី​របស់​ខ្លួនក្នុងការ​ប្រ​មូល​អារម្មណ៍អំឡុង​សវនាការ​​ជំនុំ ជម្រះ ។ ​កាល​ពីក្នុង​ខែ​កុម្ភៈ លោកចៅក្រម និល ណុន ​បាន​បង្គាប់​ឲ្យ​ធ្វើការ​​ពិនិត្យ​​សុខភាព​ចុង​ចោទ​ទាំង​ពីរ​នាក់នេះ មុនពេលរៀបចំ​ពេល​វេលា​បើក​សវនាការ​ជំនុំ​ជម្រះ​សម្រាប់​សំណុំរឿង​ក្តី​​០០២/០២។

នៅក្នុងសេចក្តី​សម្រេចចំនួនពីរ​កាល​ពី​ថ្ងៃ​សុក្រ លោកចៅក្រម និល ណុន បាន​លើក​ឡើងថា ​ការ​ត្រួត​ពិនិត្យ​សុខភាព​ត្រូវ​ធ្វើ​ឡើងដោយ​វេជ្ជបណ្ឌិត​មួយក្រុមមានគ្នា​បីនាក់​ រួមមាន វេជ្ជបណ្ឌិតផ្នែកវិកលចរិត​ ស៊ីណា ហ្វា​ស៊ែល (Seena Fazel) វេជ្ជ​បណ្ឌិត​ព្យាបាលផ្នែក​មនុស្ស​ចាស់ ចាន់ គិនមីង (Chan Kin Ming) និង​វេជ្ជបណ្ឌិតផ្នែក​សសៃប្រសាទ ហួត លីណា បានបង្ហាញថា ខៀវ សំផន និង នួន ជា ​មានសុខភាពមាំមួន និង​មាន​សតិល្អ​​​អាច​ឡើងតុលា​ការ​ក្នុង​សំណុំ​រឿង​ក្តី​០០២/​០២​បាន។

យោងតាម​ខ្លឹមសារ​​នៃសេចក្តីសម្រេច​​ថា​ខៀវ សំផន ​​អាចឡើងតុលាការបាន​ បានឲ្យ​ដឹងថា “ក្រុមជំនាញ​បានពិនិត្យ​​ជន​ជាប់​ចោទ​ខៀវ សំផន រយៈពេល​ពីរថ្ងៃ គឺថ្ងៃទី​២៤និង​២៥​ខែមីនា និងបាន​ពិនិត្យ​របាយការណ៍​ពិនិត្យ​ជំងឺ​រាល់សប្តាហ៍​ រៀបចំដោយ​គ្រូពេទ្យ​នៅឯមន្ទីរឃុំឃាំង​​របស់​​អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុងតុលាការ​កម្ពុជា”។

ឯកសារ​ដដែល​មានខ្លឹម​សារ​បន្ថែមទៀត​ថា “ពួកគាត់សន្និដ្ឋាន​ថា ​គាត់​មានសុខភាព​ល្អ​ ​ទោះបីជា​មាន​លក្ខខណ្ឌវេជ្ជសាស្ត្ររបស់​គាត់ ដែល​មានស្រាប់ក៏ដោយ”។ ឯកសារនេះ​បន្តថា “ពួកគេបានសន្និដ្ឋាន​ថា​ ជនជាប់ចោទ ខៀវ សំផន មិន​មាន​ជំងឺ​សសៃ​ប្រសាទទេ និងបាន​រកឃើញថា គ្មាន​ភស្តុ​តាងណាមួយ​​បញ្ជាក់ភាព​មិនប្រក្រតី​ផ្នែក​សសៃ​ប្រសាទ ​​លើសពីអ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​​អាយុ​និង​សាវតា​របស់​ខ្លួន”។

ឯកសារ​ដដែល​មានខ្លឹម​សារ​បន្ត​ទៀត​ថា “ពួកគេយល់ថា គាត់​អាច​ចូលរួម​សម្រាប់​រយៈពេល​​ពេញលេញ​ក្នុងសវនាការ​ជំនុំ​ជម្រះ​ ​​​ដោយ​មានការ​សម្រាក​ធម្មតា​នៅ​ក្នុង​សវនា​ការ​​ជំនុំជម្រះ​​​”។

លោក ឡាស អូលសេន (Lars Olsen) មន្ត្រី​ផ្នែកទំនាក់ទំនង​ច្បាប់​​នៅសាលា​ក្តី​ខ្មែរ​ក្រហម​ បាន​ថ្លែងថា សេចក្តីសម្រេច​ប្រហាក់​ប្រហែលគ្នា​មួយ​ត្រូវបាន​ធ្វើឡើង​ទាក់​ទង​នឹង​លទ្ធភាព​របស់​​ នួន ជា ក្នុង​ការ​ឡើង​តុលា​ការនៅ​​ក្នុងសំណុំរឿងក្តី​០០២/​០២។

លោក អូលសេន បានមានប្រសាសន៍​ថា “ជា​ទូទៅបំផុត​ គេថា ពួកគាត់​ត្រូវបានមើល​ឃើញ​ថា អាចឈរនៅមុខតុលាការ ក៏ប៉ុន្តែ​គ្មាន​សេចក្តី​លម្អិត​ទាក់ទង​នឹង​ស្ថានភាព​របស់​​ពួកគាត់​​ទេ​”។ សេចក្តីសម្រចអំពី​សុខភាព​របស់​ ខៀវ សំផន ក៏ឲ្យដឹងដែរថា បើទោះជា​មាន​សេចក្តី​សម្រេច​ពីរក៏ដោយ ​ក៏សំណើ​សុំអង្គុយ​​រយៈ​​ពេលខ្លី​​ជាងនេះ​ក្នុង​សវនាការជំនុំជម្រះ​ក្តី នឹង​ត្រូវ​​បានពិចារណាផងដែរ​។

លោកស្រី ម៉ារី កាប៉ូតតូ (Marie Capotorto) សមាជិក​ក្នុងក្រុមមេធាវីការពារក្តី​របស់​ ខៀវ សំផន ​បាន​បដិសេធ​មិនធ្វើអត្ថាធិប្បាយ​អំពី​សេចក្តី​សម្រេច​របស់លោកចៅក្រម និល ណុន ក៏ប៉ុន្តែ​លោកស្រីបានលើកឡើងថា ក្រុម​ការពារ​​ចុង​ចោទ​​នឹងបន្ត​ជំរុញឲ្យ​មានការ​កំណត់​ពេល​វេលា​​​អង្អុយ​ក្នុងសវនាការ​តិចជាងមុន​ក្នុងសំណុំ​រឿង​ក្តី​០២២/០២៕ ប៊ុននី