28 C
Phnom Penh

អ្នក​ភូមិ​​​វាយ​សម្លាប់​បុរស​ម្នាក់​ដែល​ជាប់​ចោទ​ថា​ធ្វើ​អំពើ​អាប​ធ្មប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យដឹង​ថា អ្នក​ភូមិ​​ដែល​មាន​កំហឹង​​ប្រហែល​៦០០នាក់​មក​ពី​ស្រុក​បាទី​ ខេត្ត​តាកែវ​កាល​ពីថ្ងៃ​អាទិត្យ​បាន​វាយ​ និង​គប់​ដំុ​ថ្ម​សម្លាប់​បុរស​អាយុ​៣៦​ឆ្នាំ​ម្នាក់ដែល​គេ​ចោទ​ថា បាន​ធ្វើ​អំពើ​អាប​ធ្មប់​​​ឲ្យ​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​​ស្លាប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ​។

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​មនុស្ស​ដំបូង​​ដែល​មាន​គ្នា​ប្រហែល​២០០​នាក់​នៅក្នុង​ភូមិ​ជន្លួញ ឃុំក្រាំ​ងលាវ បាន​កើន​ឡើ​ង​បីដង​ក្នុង​រយៈ​ពេល​៦​ម៉ោង​ បន្ទាប់​ពី​​ប្រជា​ជន​​មក​ពីសហ​គមន៍​នៅ​ជិត​នោះ​​បាន​មក​មើល​​ ឬ​ចូល​រួម​​សម្លាប់​ជន​រង​គ្រោះ​នៅ​ផ្ទះ​របស់​​ជន​រង​គ្រោះ​តែម្តង​។

លោក ឃុត ឡូ នាយ​ការិយាល័យ​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​ស្រុក​បាទី​​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា “ជន​រងគ្រោះឈ្មោះ ​ ពៅ សុវណ្ណ​​​​​​​​ ហៅ​ ម៉ៅ និង​មាន​អាយុ​៣៦​ឆ្នាំ​ត្រូវ​បាន​ប្រជាជ​ន​ប្រហែល​៦០០នាក់​មក​ពី​ឃុំ​ផ្សេង​គ្នា​គប់​សម្លាប់​នឹង​ដុំ​ថ្ម​​ ហើយ​វាយ​នឹង​ដំបង​​”។

លោក​បានមាន​ប្រសាសន៍​ថា ក្រុម​មនុស្ស​​ហិង្សា​នេះ ​នគរបាល​មិន​អាច​រារាំង​បាន​​ទេ​ ហើយ​នគរបាល​មិន​ហ៊ាន​ធ្វើ​អ្វី​ ក្រៅ​ពី​​​ឈរ​មើល​ទេ។ លោក​បានមាន​ប្រសាសន៍ថា “នគរ​បាល​​របស់​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ​ ពីព្រោះ​មាន​​មនុស្ស​ជាច្រើន​កាន់​ដុំ​ថ្ម និ​ងដំបង​ ហើយ​ពួក​​គេ​សាហាវ​ណាស់​”។

លោក​បាន​បន្ថែម​ថា លោក​បាន​​ឃើញ​ការស​ម្លាប់​ពីក្រុម​មនុស្ស​​នេះ​​តាំង​​ពីការ​វាយ​លើក​ដំបូង​ដែល​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​២​រសៀល​រហូតដល់​ ពៅ សុវណ្ណ​ ស្លាប់​នៅម៉ោង​ប្រហែល​៨​យប់​ ដែល​ទំនង​ជា​ស្លាប់​ដោយសារ​ការ​គប់​ និង​​ការ​វាយ​ចំក្បាល​របស់​គាត់​។

លោក​ ង៉ាន់ សារី អធិការ​នគរបាលស្រុក​បាន​មាន​ប្រសាសន៍ថា នគរ​បាល​ប្រ​ហែល​៣០​នាក់​មក​ពីស្រុក​បាទី និង​ស្រុក​សំរោង​​នៅក្បែរ​នោះ​បាន​ចូល​រួម​ធ្វើ​អន្ត​រាគមន៍​ ប៉ុន្តែ​មិន​អាច​​គ្រប់​គ្រង​ ឬ​រារាំង​ក្រុម​មនុស្ស​ទាំង​នោះ​បានទេ​។ លោក​ សារី ​ មាន​ប្រសាសន៍​​ថា  រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ព្យាយាម​ចូល​​ទៅ​យក​ជន​រងគ្រោះ​ ប៉ុន្តែ​បាន​ត្រឡប់​ក្រោយ​​វិញ​ដោយសារ​ខ្លាច​ក្រុមមនុស្សទាំង​នោះ​។

លោក​ សារី ដែល​បានឃើញការ​សម្លាប់​នេះដែរ​នោះបានមាន​ប្រសាសន៍​ថា “ ជន​ល្មើស​បាន​ព្រមាន​​ពួក​គេ​ថា ប្រសិន​បើ​ពួក​​គេ​ចូល​ទៅ​​ ពួកគេ​នឹង​បំផ្លា​ញ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ​”។

លោក ឡូ បានមាន​ប្រសាសន៍​ថា លោក​​គឺជា​មន្ត្រី​នគរបាល​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​នគរ​បាល​ដំបូង​​ដែល​បាន​​ទៅ​ដល់​​កន្លែង​កើត​ហេតុ​នៅផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​​ព្រៃជន្លួ​ញ ​។ មនុស្ស​ប្រហែល​២០០នាក់​ដែល​​អ្នក​ខ្លះ​ជា​សមាជិក​គ្រួសារ​របស់​អ្នក​ភូមិ​ដែល​ទើប​ស្លាប់​នាពេល​ថ្មី​ៗ​នេះ​បាន​ឡោម​ព័ទ្ធ​ផ្ទះ​នោះ​ ហើយ​មនុស្ស​ប្រហែល​១០​នាក់​បាន​ឡើង​ទៅ​វាយ​ ពៅ សុវណ្ណ នៅ​ខាង​លើ​ផ្ទះ​។ នគរបាល​បាន​​ធ្វើ​អន្តរាគមន៍ និង​បាន​ធ្វើ​ឲ្យ​ស្ងាប់​ស្ងាត់​មួយ​ភ្លែត​ រហូត​ដល់មាន​មនុស្ស​កាន់តែ​ច្រើ​នឡើង​ៗ​មក​ពីឃុំ​នៅជិត​នោះ។

នៅ​ពេល​ដែល​ក្រុមមនុស្ស​ហិង្សា​ទាំង​នោះ​កំពុង​ស្រែ​ក​​ឡូឡា​នៅ​​ផ្ទះ​នោះ​ មនុស្ស​ប្រហែល​១៣​នាក់​បាន​ឡើង​ទៅ​ខាង​លើ​ផ្ទះ​យក​ដំបង​ឈើ ដំបង​ដែក និង​ដុំ​ថ្ម​វាយ ពៅ​ សុវណ្ណហើយ​បាន​រុញ​គាត់​ទម្លាក់​តាម​កាំ​ជណ្តើរ​ចូល​ទៅ​ក្នុង​ក្រុម​មនុស្ស​ដែល​នៅ​ពេល​នោះ​បាន​កើន​ឡើង​ដល់​​៦០០​នាក់​។

លោក ឡូ បានមាន​ប្រសាសន៍ថា មិន​អាច​កំណត់​ថា ​អ្នក​ណា​ជា​អ្នក​វាយ​​សម្លាប់​ ពៅ សុវណ្ណ នោះ​ទេ​ ប៉ុន្តែ មនុស្ស​ដែល​បាន​​ឡើង​​ទៅ​លើ​ផ្ទះ​នោះ​ទំនង​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ខ្ពស់​ចំពោះការ​​សម្លាប់​នេះ​។ លោក​ ឡូ បានមានប្រសាសន៍​ថា “ខ្ញុំ​ស្គាស់​ជន​សង្ស័យ​ប្រាំបួន​នាក់​”។ ប៉ុន្តែ​ នគរ​បាល​មូល​ដ្ឋាន​កំពុង​រង់​ចាំ​តុលាការខេត្ត​ចេញ​​ដីកា​​ចាប់​ខ្លួន​ជន​ល្មើស​ទាំ​ង​នេះ​។ លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​កំពុង​រៀប​ចំ​ឯកសារ​​សម្រាប់​​ឲ្យ​តុលាការ​ចេញ​ដី​កា​​ចាប់​ខ្លួ​ន​ជន​សង្ស័យ​ និង​បញ្ជូន​ឯកសារ​ទាំង​នោះ​នៅ​ថ្ងៃ​ពុធ​”។

លោ​ក ឡូ បានមាន​ប្រសាសន៍​ថា លោក​មិន​ដឹង​អំពីការ​ស្អប់​ខ្ពើម​ចំពោះ ពៅ សុវណ្ណ ទេ​ ហើយលោក​បានមាន​ប្រសាសន៍​ថា ពៅ​សុវណ្ណ គឺជា​មនុស្ស​​គួរ​ឲ្យគោរព​នៅ​ក្នុង​ភូមិ​ និង​បាន​ធ្វើ​ជា​គ្រូ​​​បុរាណ​ព្យា​បាល​ជំងឺ​អស់​រយៈ​ពេល​​ជាច្រើនឆ្នាំដោយគ្មាន​ហេតុ​ការណ៍​ អ្វីឡើយ។

ទោះជា​យ៉ាង​ណា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ​មនុស្ស​វ័​យ​ចំណាស់​ប្រាំពីរនាក់​បាន​ស្លាប់​នៅក្នុង​តំបន់​នោះ​ដោយរក​មូល​ហេតុ​ជំងឺ​មិនឃើញ​ឡើយ​។ លោក​ ឡូ បានមាន​ប្រសាសន៍​ថា​ “អ្នក​ភូមិ​គិត​ថា មនុស្ស​ទាំង​នោះ​បាន​ស្លាប់​ដោយ​សារ​គ្រូ​អាប​ធ្មប់​ ពៅ សុវណ្ណ”។

លោក ឯម​ សាវុធ នាយ​ប៉ុស្តិ៍​នគរបាល​​ក្រាំង​លាវ​បានមាន​ប្រសាសន៍ថា លោក​​ជឿ​ថា ការស្លាប់​ស្ត្រី​អាយុ​៥៤​​ឆ្នាំ​ម្នាក់​នៅ​ពេល​ថ្មី​ៗ​នេះ​នៅក្នុង​ភូមិព្រៃជន្លួញ បាននាំ​​ឲ្យ​​មាន​អំពើ​ហិង្សា​នេះ​។ លោក ឯម សាវុធ បានមាន​ប្រសាសន៍​ថា “ពួកគេ​គិត​ថា ជន​រង​គ្រោះ​បាន​ធ្វើ​អំពើ​ស្ត្រី​អាយុ​៥៤​ឆ្នាំ​ម្នាក់​ស្លាប់​កាល​ពីថ្ងៃ​សុក្រ​។ រឿង​នោះ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​”។

ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ករណី​​សម្លាប់​មនុស្ស​​​​ជា​គ្រូ​ឱសថ​បុរា​ណខ្មែរ​ជា​ច្រើន​​ដែល​ជាប់​ចោទ​ថា ចេះ​ធ្វើ​អំពើ​អាប​ធ្មប់​។ កាល​ពីខែ​មករា​ អ្នក​ភូមិ​មួុយ​ក្រុម​​បាន​​​សម្លាប់​​មនុស្ស​ពីរនាក់​ដែល​សង្ស័យ​ថា ចេះអំពើ​អាប​ធ្មប់​ក្នុង​ហេតុ ការណ៍​​​ដាច់​ដោយ​ឡែក​ពីគ្នា​នៅ​​ខេត្ត​កំពង់​ស្ពឺ។ នៅ​ខែដដែល​នោះ​ គ្រូ​ឱសថ​បុរាណ​ម្នាក់​ដែល​ជាប់​ចោទ​ថា ​ចេះ​ធ្វើ​អំពើ​អាប​ធ្មប់​ត្រូវ​បាន​​កាប់​នឹង​កាំបិត​ប័ុង​តោ​ឲ្យ​រង​របួស​ធ្ងន់​ក្នុង​ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​៕​គឹម​ហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស