លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពិធីប្រគល់សញ្ញាបត្រនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញដើម្បីថ្កោលទោសចំពោះការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិលដែលនិយាយថា រដ្ឋាភិបាលរបស់លោកប្រញាប់ប្រញាល់ក្នុងការបង្កើតច្បាប់ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដោយមិនមានការពិគ្រោះជាសាធារណៈឲ្យបានត្រឹមត្រូវ។
ថ្លែងនៅពិធីប្រគល់សញ្ញាបត្រដល់និស្សិតប្រហែល១.៨០០នាក់មកពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុប លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកបានដឹងអំពីការរិះគន់នេះអំឡុងដំណើរទស្សនកិច្ចរបស់លោកកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសអាស៊ែបៃហ្សង់ និងប្រទេសបេឡារុសតាមរយៈការអានព័ត៌មានតាមទូរស័ព្ទដៃរបស់លោក។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ពួកគេនិយាយថា ច្បាប់នេះមិនត្រូវបានបញ្ជូនទៅសង្គមស៊ីវិលឲ្យធ្វើការពិភាក្សាជាមួយប្រជាពលរដ្ឋទេ។ ខ្ញុំគ្រាន់តែផ្ញើសារត្រឡប់ទៅវិញថា ទី១ យើងបានស្តាប់រឿងនេះច្រើនដងហើយ”។ លោកបានបន្តថា “ទី២ ច្បាប់រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យយើងប្រគល់ [សេចក្តីព្រាងច្បាប់] ទៅនរណាក្រៅពីទីស្តីការគណៈរដ្ឋមន្ត្រីឡើយ ហើយចែងថា ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភា។ ច្បាប់មិនបានចែងឲ្យបញ្ជូនសេចក្តីព្រាងច្បាប់ទៅអង្គការមិនមែនរដ្ឋាភិបាលទេ”។
អង្គការមិនមែនរដ្ឋាភិបាលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើមបានរិះគន់ពីកង្វះការពិគ្រោះយោបល់សាធារណៈអំពីច្បាប់ចំនួនបីស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃទី១៨ ខែមេសា ដោយទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីបញ្ជូនទៅរដ្ឋសភា។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា ការរិះគន់ពីដំណើរការពន្លឿនច្បាប់របស់រដ្ឋាភិបាលគឺមិនត្រឹមត្រូវទេ ដែលកើតចេញពីអង្គការនានាដែលបានអំពាវនាវជាយូរមកហើយ ឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “នៅពេល [រដ្ឋាភិបាល] មិនអនុម័តច្បាប់ គេថាយឺតម៉្លេះ ហើយនៅពេល [រដ្ឋាភិបាល] អនុម័តច្បាប់ គេថា លឿនម៉្លេះ។ អូ ព្រះម្ចាស់ថ្លៃអើយ”។ លោកបានបន្ថែមថា សមាជិកសភានឹងធ្វើការពិភាក្សាត្រឹមត្រូវអំពីច្បាប់នេះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេចង់អនុម័តច្បាប់…សូមចូលរួមការបោះឆ្នោតដើម្បីបានក្លាយជាសមាជិកសភាទៅ…ច្បាប់គឺត្រូវពិភាក្សានៅក្នុងរដ្ឋសភា”។
បច្ចុប្បន្ននេះ រដ្ឋសភាមានសមាជិកសភាតែ៦៨រូបប៉ុណ្ណោះមកពីគណបក្សប្រជាជនកម្ពុជាកាន់អំណាច។ សមាជិកសភា៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការស្ថាប័ននីតិបញ្ញត្តិនេះ ដោយអះអាងថា ការបោះឆ្នោតជាតិថ្មីគឺជាការចាំបាច់ណាស់បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុនដែលមានភាពមិនប្រក្រតី និងការលួចបន្លំ។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅឯពិធីប្រគល់សញ្ញាបត្រនោះថា លោកធុញទ្រាន់នឹងការនិយាយអំពីភាពទាល់ច្រកក្រោយការបោះឆ្នោតជាមួយគណបក្សសង្គ្រោះជាតិ ហើយលោកមិនចាប់អារម្មណ៍នឹងការបញ្ឆេះឲ្យមានការសរសេរព័ត៌មានកាន់តែច្រើនឡើយ។ លោកមានប្រសាសន៍ ថា “ប្រសិនបើខ្ញុំបន្តនិយាយ គេនឹងបន្តសរសេរព័ត៌មាន។ ករណីនយោបាយគឺជារឿងមួយ ប៉ុន្តែរឿងសំខាន់គឺជារឿងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ចនិងទេសចរណ៍”។
ត្រង់ចំណុចនេះ លោក ហ៊ុន សែន បានប្រាប់អ្នកស្តាប់កុំឲ្យគិតថា លោកបានទៅទស្សនកិច្ចនៅឯប្រទេសបេឡារុស ដើម្បីហេតុផលយោធាឲ្យសោះ ហើយលោក បានបញ្ជាក់ថា ប្រទេសកម្ពុជាបាននាំចូលរថយន្តនិងត្រាក់ទ័រជាច្រើនពីប្រទេសនេះដោយសារប្រទេសនេះជាសម្ពន្ធមិត្តជាមួយសាធារណរដ្ឋសង្គមនិយមសូវៀតអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
ដោយសំដៅដល់គ្រាប់កាំភ្លើងផ្លោងបំពាក់លើរថយន្តសម័យសូវៀតទំហំ១២២មីល្លីម៉ែត្រ លោកបានមានប្រសាសន៍ថា “ខ្ញុំបានទៅទស្សនកិច្ចក្រុមហ៊ុនផលិតរថយន្ត ហើយកុំច្រឡំថា ខ្ញុំទៅទិញ BM-21ឲ្យសោះ”។ លោកថ្លែងថា “ពួកគេដាក់រថយន្តតម្រៀប គ្នាជាច្រើនរួមមានរថយន្តបំពាក់កាំភ្លើងវែង ហើយស្ថានីយទូរទស្សន៍ខ្មែរ បានចាក់ផ្សាយអំពីរូបភាពនោះទៀតផង។ ប៉ុន្តែកុំច្រឡំថា ខ្ញុំទៅទិញ BM-21 ឲ្យសោះ”៕សារុន