សមាជិកសហគមន៍ជនជាតិភាគតិចដែល ប្រឈមនឹងការបណ្តេញចេញពីដីដូនតារបស់ខ្លួនដើម្បីបើកផ្លូវសម្រាប់ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីចិនក្នុងខេត្តកោះកុង ព្រះសង្ឃ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានជួយពួកគាត់នោះ ជាថ្មីម្តងទៀត កាលពីម្សិលមិញបានជំរុញក្រុមហ៊ុននេះ និងរដ្ឋាភិបាលកុំឲ្យដំណើរការគម្រោងនេះ។
អ្នកភូមិជនជាតិភាគតិចជងរាប់រយគ្រួសារ កំពុងប្រឈមនឹងការបណ្តេញចេញដោយសារក្រុមហ៊ុន Sinohydro (Cambodia) United ជាក្រុមហ៊ុនចិនដែលកាលពីពេលថ្មីៗនេះមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីកម្លាំង១០៨មេហ្គាវ៉ាត់ក្នុងតំបន់អារ៉ែងស្ថិតក្នុងកណ្តាលព្រៃការពារភ្នំក្រវាញ។
ការសាងសង់ដែលមិនទាន់ចាប់ផ្តើមនៅឡើយនោះរំពឹងថា នឹងធ្វើឲ្យជន់លិចផ្ទៃ ដីប្រហែល២០.០០០ហិកតារួមទាំងព្រៃពិសិដ្ឋរបស់សហគមន៍នេះ និងជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើសៀមដែលជិតផុតពូជទៀតផង។
ថ្លែងនៅសន្និសីទកាសែតដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល Mother Nature នៅក្នុងរាជធានីភ្នំពេញ លោក ហាស់ ឡី បានមានប្រសាសន៍ថា “ប្រសិនបើទំនប់វារីអគ្គិសនីនេះសាងសង់មែននោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីនិងការប្រកបរបរចិញ្ចឹមជីវិតរបស់យើងដែលពឹងផ្អែកលើព្រៃឈើ”។
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលបានលើកឡើងពីករណីនោះបានឲ្យដឹងថា ឆាប់ៗនេះពួកគាត់នឹងរៀប ចំការតវ៉ានៅមុខស្ថានទូតចិន និងការិយា ល័យ ក្រុមហ៊ុន Sinohydro ក្នុងរាជធានីភ្នំពេញ។
គ្រួសារអ្នកភូមិ ព្រះសង្ឃ និងអង្គការមិនមែនរដ្ឋាភិបាលជឿថា ក្រុមហ៊ុន Sinohydro ប្រហែលជាគ្មានបំណងសាងសង់ទំនប់វារីអគ្គិសនីនេះទេ ហើយអាចប្រើប្រាស់គម្រោង នេះគ្រាន់តែដើម្បីកាប់ឈើក្នុងតំបន់នោះ និងរុករករ៉ែតែប៉ុណ្ណោះ។ អ្នកភូមិមួយចំនួនអះអាងថា គម្រោងនេះមិនអាចទទួលជោគជ័យឡើយ ហើយក្រុមហ៊ុនចិនពីរបានដកខ្លួនចេញហើយ។
Alex Gonzalez-Davidson សហស្ថាបនិកអង្គការ Mother Nature បានមានប្រសាសន៍ថា “វាមិនមែនជាទំនប់វារីអគ្គិសនីពិតប្រាកដទេ។ វាជាគម្រោងដែលមិនមានប្រយោជន៍ ប៉ុន្តែវានៅតែដំណើរការដដែលដោយសារតែអំពើពុករលួយ និងបញ្ហាផ្សេងៗទៀត”។ “ហើយដោយស្ថិតនៅកណ្តាលតំបន់ភ្នំក្រវាញ នោះ ទីបំផុតពួកគេអាចពង្រីកការរុករករ៉ែ និងការកាប់ឈើក្នុងតំបន់ទាំងមូល”។
មន្ត្រីក្រុមហ៊ុនSinohydro ដែលទទួលបន្ទុកគម្រោងសាងសង់ទំនប់វារីអគ្គិសនីអារ៉ែងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ក្រុមមន្ត្រីនៅមន្ទីររ៉ែ និងថាមពលខេត្តកោះកុងក៏មិនអាចទាក់ទងបានដែរ។
កាលពីខែមីនា លោក ពេជ្រ ស៊ីយុន ប្រធាន មន្ទីរនេះបានមានប្រសាសន៍ថា ការសិក្សាចាំបាច់សម្រាប់គម្រោងទាំងអស់ត្រូវបានបញ្ចប់ ហើយថា គ្រួសារដែលរងផលប៉ះពាល់បានយល់ព្រមតាំងទីលំនៅថ្មី។
គ្រួសារអ្នកភូមិលើកឡើងថា ពួកគាត់មិនបានយល់ព្រមចាកចេញទេ ហើយកាលពីប៉ុន្មានសប្តាហ៍មុនបានឃ្លាំមើលផ្លូវមួយដែលចេញចូលក្នុងតំបន់គម្រោងនេះ បានត្រៀមបិទផ្លូវ ប្រសិនបើក្រុមហ៊ុននេះព្យាយាមចាប់ផ្តើមការសាងសង់នោះ៕សារុន
(រាយការណ៍បន្ថែមដោយ Zsombor Peters)