29 C
Phnom Penh

ស្ត្រី​​​ហូឡង់​​​​​​ត្រូវ​​​ឃាត​​​ករ​​​សម្លាប់យ៉ាង​​​អាណោច​​​អាធ័ម​​​​​​ និងកូន​​​ស្រី​​​​​​​​​រង​​​​​​របួស​​​ធ្ងន់ធ្ងរ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ជន​​​ជាតិ​​​​​​ហូឡង់​​​ម្នាក់​​​​​​ដែល​​​បម្រើ​​​ការ​​​ងារ​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​​​​ ត្រូវ​​​បាន​​​​​​ឃាត​​​ករ​​​សម្លាប់​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​​​​របស់​​​​​​​​​ជន​​​រងគ្រោះ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ រាជធានីភ្នំពេញ​​​​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​។​​​ កូន​​​ស្រី​​​វ័យ​​​១៩​​​ខែ​​​​​​របស់​​​ស្ត្រី​​​រងគ្រោះ​​​​​​បាន​​​រង​​​​​​របួស​​​ធ្ងន់​​​​​​នៅ​​​ក្នុង​​​​​​ករណី​​​​​​វាយ​​​ប្រហារ​​​នេះ​​​​​​ ហើយ​​​​​​កំពុង​​​​សម្រាក​​​ទទួល​​​​​​ការ​​​ព្យាបាល​​​នៅ​​​ក្នុង​​​​​​មន្ទីរ​​​ពេទ្យ​​​នៅ​​​ឡើយ​​​​​​ គិត​​​រហូត​​​មក​​​ទល់​​​ល្ងាច​​​ម្សិល​​​មិញ​​​។

នគរបាល​​​​​​​​​បាន​​​​​​ចុះ​​​ទៅពិនិត្យ​​​​​​ដល់​​​ផ្ទះរបស់​​​​​​​​​​​​​​ស្ត្រី​​​រង​​​គ្រោះ​​​ឈ្មោះ​​​ ដាបណា បៀដសេន​​​ (Daphna Beerdsen) និ​​​ង​​​ប្ដី​​​ឈ្មោះ​​​ ចូរីស អូឡេ (Joris Oele) ដែល​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​សង្កាត់​​​ទន្លេ​​​បាសាក់​​​នៅ​​​ម៉ោង​​​ជាង​​​៩​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​​​​មេ​​​ដោះ​​​​​​​​​ ដែល​​​​​​​​​ធ្វើ​​​ការ​​​​​​ឲ្យ​​​គ្រួសារ​​​នេះ​​​​​​បាន​​​ប្រទះ​​​ឃើញ​​​​​​​​​សាក​​​សព​​​ប្រឡាក់​​​សុទ្ធ​​​តែ​​​​​​ឈាម​​​ ហើយ​​​​​​ក៏​​​ប្ដឹង​​​​​​ទៅ​​​អាជ្ញាធរ​​​។

រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ សមត្ថកិច្ច​​​មិន​​​ទាន់​​​​​​​​​កំណត់​​​អត្តសញ្ញាណ​​​​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​បាន​​​នៅ​​​ឡើយ​​​ទេ ហើយ​​​នគរបាល​​​កំពុង​​​ស្រាវជ្រាវ​​​រក​​​មូលហេតុ​​​នៅ​​​ឡើយ​​​​​​​​​ ដោយ​​​សារ​​​​​​តែ​​​​​​ខ្វះ​​​ភ័ស្ដុតាង​​​​​​បញ្ជាក់​​​ថា នេះ​​​ជា​​​ករណី​​​ប្លន់​​​។

លោក​​​ មុំ​​​ ស៊ីថា នាយការិយាល័យ​​​នគរ​​​បាល​​​​​​ជន​​​​​​បរទេស​​​​​​រាជធានីភ្នំពេញ​​​​​​ បាន​​​​​​​​​មាន​​​​​​ប្រសាសន៍​​​ថា “ជន​​​រងគ្រោះ​​​​​​ ដាបណា បៀដ​​​សេន អាយុ​​​៣១​​​ឆ្នាំ​​​ ត្រូវ​​​ជន​​​ល្មើស​​​​​​ចាក់​​​ប្រាំ​​​មួយ​​​​​​ដងដោយ​​​ប្រើ​​​​​​អាវុធ​​​​​​លោហៈ​​​​​​មុត​​​ស្រួច​​​​​​​​​​​​”។

លោក​​​ថ្លែង​​​​​​​​ថា សំណាក​​​​​​​​​ទឹក​​​នោម​​​ និង​​​ឈាម​​​ ត្រូវ​​​បាន​​​​​​យក​​​ចេញ​​​ពី​​​សាក​​​​​​​​​សព​​​ស្ត្រី​​​រងគ្រោះ​​​ដើម្បី​​​ពិនិត្យ​​​មើល​​​​​​ថា តើ​​​គាត់​​​​​​ត្រូវ​​​​​​ជន​​​ល្មើស​​​រំលោភ​​​​​​ ឬយ៉ាង​​​ណា​​​​​​ ហើយ​​​​​​ថា នគរបាល​​​សង្កាត់​​​ នគរបាល​​​ខណ្ឌ និង​​​នគរ​​​បាល​​​រាជធានី​​​ កំពុង​​​​​​សហការ​​​គ្នា​​​​​​សើុប​​​អង្កេត​​​​​​ករណី​​​នេះ​​​​​​។

នគរបាល​​​លើក​​​ឡើង​​​ថា គ្មាន​​​​​​សញ្ញា​​​បង្ហាញ​​​​​​ថា ជន​​​ល្មើស​​​បាន​​​​​​គាស់ទម្លុះ​​​​​​ចូល​​​ផ្ទះ​​​របស់​​​គ្រួសារ​​​នេះ​​​​​​ដែល​​​ស្ថិត​​​នៅ​​​តាម​​​​​​បណ្ដោយ​​​​​​ផ្លូវ​​​តូច​​​មួយ​​​នៃ​​​មហាវិថី​​​ព្រះ​​​នរោត្តម​​​ និង​​​ដែល​​​​​​​​​មាន​​​របង​​​​​​ដាំ​​​អំបែង​​​កែវ​​​មុត​​​ស្រួច​​​ និង​​​​​​បន្លា​​​លួស​​​នោះ​​​ទេ​​​។

មេដោះ​​​ឈ្មោះ​​​ ស្រី​​​ មំុ បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា ទ្វារ​​​​​​ចាក់​​​សោ​​​​​​ដូច​​​ធម្មតា នៅ​​​ពេល​​​គាត់​​​ទៅ​​​មើល​​​​​​ថែ​​​ទាំ​​​​​​កុមារី​​​អាយុ​​​១៩​​​ខែ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​។

លោក ជួន សុវណ្ណ​​​ ស្នង​​​ការ​​​រាជធានី​​​ភ្នំពេញ​​​​​​​​​ ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​ បាន​​​បដិ​​​សេធ​​​​​​មិន​​​​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​អំពី​​​ករណី​​​នេះ​​​ទេ​​​។

យោង​​​តាម​​​​​​លោក សុខ វណ្ណា នាយក​​​​​​កម្ម​​​វិធី​​​នៅ​​​ U.N. Habitat បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ចូរីស​​​ អូឡេ ដែល​​​បម្រើ​​​ការងារ​​​ឲ្យ​​​​​​ U.N. Habitat បាន​​​ចាក​​​ចេញ​​​ពី​​​រាជធានី​​​ភ្នំពេញ​​​​​​ កាល​​​ពី​​​​​​រសៀល​​​ថ្ងៃ​​​អាទិត្យ​​​ ដើម្បី​​​​​​ធ្វើ​​​ជា​​​អ្នក​​​សម្រប​​​សម្រួល​​​ក្នុង​សិក្ខាសាលា​​​មួយ​​​​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ស្តី​​​ពី​​​​​​ការ​​​​​​​​​ប្រែប្រួល​​​អាកាស​​​ធាតុ​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ។​​​

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ទៀត​​​ថា “ទើប​​​តែ​​​ព្រឹក​​​នេះ​​​ទេ​​​ ដែល​​​យើង​​​ទទួលបាន​​​​​​​​​​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​​​​មក​​​ថា លោក​​​ ចូរីស​​​ ត្រូវ​​​វិល​​​ត្រឡប់​​​មក​​​​​​ភ្នំពេញ​​​​​​វិញ​​​​​​ជា​​​បន្ទាន់​​​ ដូច្នេះ​​​​​​ហើយ​​​ខ្ញុំ​​​ក៏​​​ឲ្យ​​​គាត់​​​ជិះ​​​​​​រថយន្ត​​​តាក់ស៊ី។ ពេល​​​នេះ​​​​​​ខ្ញុំ​​​ទទួល​​​បាន​​​​​​ដំណឹង​​​នេះ​​​ហើយ​​​​​​”។

លោក​​​ សុខ វណ្ណា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​ស្រី​​​ ដាបណា បៀដសេន ក៏​​​បម្រើ​​​​​​​​​ការងារ​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ដែរ ប៉ុន្តែ​​​លោក​​​មិន​​​ដឹង​​​ថា គាត់​​​មាន​​​តួនាទី​​​​​​​​​អ្វី​​​ទេ​​​។ ប្រវត្តិ​​​រូប​​​សង្ខេប​​​របស់​​​ស្ត្រី​​​រងគ្រោះ​​​នៅ​​​ក្នុង​​​គេហ​​​ទំព័រ​​​​​​បណ្ដាញ​​​​​​ទំនាក់ទំនង​​​សង្គម LinkedIn បញ្ជាក់​​​ថា គាត់​​​ធ្វើ​​​ជា​​​​​​អ្ន​​​ក​​​ប្រឹក្សាឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​​​​ប្រចាំ​​​រាជធានីភ្នំពេញ​​​​​​​​​។

នៅ​​​ម៉ោង​​​​​​ជាង​​​១​​​រសៀល​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក​​​ ចូរីស អូឡេ បាន​​​វិល​​​ត្រឡប់​​​មក​​​​​​ដល់​​​ផ្ទះ​​​របស់​​​ខ្លួន​​​វិញ​​​ ហើយ​​​ត្រូវ​​​​​​តំណាង​​​មួយ​​​​​​រូប​​​របស់​​​ស្ថានទូត​​​អង់គ្លេស​​​​​​នាំ​​​ចូល​​​​​​ទៅ​​​ក្នុង​​​​​​ផ្ទះ។ តំណាងស្ថានទូត​​​អង់គ្លេស ដែល​​​​​​ផ្ដល់​​​​​​ជំនួយ​​​​​​កុងស៊ុល​​​​​​​​​ដល់​​​ជន​​​ជាតិ​​​ហូឡង់​រូប​​​នេះ​​​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ ឬ​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​ឡើយ​​​។

បន្ទាប់ពី​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្លួន​​​ជាមួយ​​​នឹង​​​​​​នគរបាល​​​ប្រហែល​​​៥០​​​នាទី​​​​​​ លោក​​​ ចូរីស អូ​​​ឡេ បាន​​​ចេញ​​​មក​​​វិញ​​​ ហើយ​​​ត្រូវ​​​​​​គេ​​​អម​​​​​​ចូល​​​​​​រថយន្ត​​​​​​ដឹក​​​ឆ្ពោះ​​​ទៅ​​​មន្ទីរពេទ្យ​​​គន្ធបុប្ផា កន្លែង​​​​​​ដែល​​​កូន​​​ស្រី​​​​​​របស់​​​គាត់​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​​​​​​​។

វេជ្ជបណ្ឌិត​​​មួយ​​​រូប​​​នៅ​​​មន្ទីរពេទ្យ​​​នេះ​​​​​​ ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​​​​ឈ្មោះ​​​បាន​​​បញ្ជាក់​នៅ​​​ម៉ោង​​​៦ និង​​​​​​៣០​​​នាទី​​​​​​​​ថា កុមារីរង​​​គ្រោះ​​មាន​​​ជីវិត​​​រស់​​​រាន​​​។ វេជ្ជបណ្ឌិត​​​ដដែល​​​​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​អំពីភាព​​​ធ្ងន់​​​ធ្ងរ​​​ ឬ​​​សភាព​​​នៃ​​​របួស​​​​​​​​​របស់​​​កុមារី​​​រងគ្រោះ​​​ទេ​​​ ប៉ុន្តែ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ចូរីស អូឡេ កំពុង​​​ព្យាយាម​​​​​​បញ្ជូន​​​កូន​​​ស្រី​​​របស់​​​​​​​​​គាត់​​​​​​តាម​​​ជើង​​​ហោះហើរ​​​ឆ្ពោះ​​​ទៅ​​​ទីក្រុង​​​បាង​​​កក​​​ ប្រទេស​​​ថៃ។

លោក អ៊ូ ពៅ នាយ​​​ប៉ុស្ដិ៍​​​សង្កាត់​​​​​​ទន្លេ​​​បាសាក់​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីយប់​​​មិញ​​​ថា សាក​​​សព​​​អ្នក​​​ស្រី​​​ ដាប​​​ណា បៀដសេន ត្រូវ​​​បាន​​​ដឹក​​​​​​ចេញ​​​ពី​​​ផ្ទះ​​​​​​ហើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​មាន​​​​​​ការ​​​​​​យល់ព្រម​​​​​​ពី​​​ស្វាមី​​​ និង​​​​​​តំណាង​​​មួយ​​​រូប​​​របស់​​​​​​ស្ថានទូត​​​អង់គ្លេស សាក​​​សព​​​ត្រូវ​​​បាន​​​ដឹក​​​ចេញ​​​ទៅ​​​កាន់​​​មន្ទីរពេទ្យ​​​​​​មិត្តភាព​​​ ខ្មែរ​​​-សូវៀត​​​នៅ​​​ម៉ោង​​​៥ និង​​​៣០​​​នាទី​​​ល្ងាច​​​”។

លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​​​​មហាផ្ទៃ​​​​​​បាន​​​​​​បង្វែ​​​រ​​​សំណួរ​​​ទាំង​​​អស់​​​អំពី​​​ករណី​​​នេះ​​​ទៅ​​​លោក​​​ គៀត ច័ន្ទ​​​ថារិទ្ធ​​​ អ្នក​​​នាំពាក្យ​​​អគ្គ​​​ស្នង​​​ការ​​​​​​នគរបាល​​​​​​​​​ជាតិ​​​ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​​​​បាន​​​​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស