ស្ត្រីជនជាតិហូឡង់ម្នាក់ដែលបម្រើការងារឲ្យអង្គការសហប្រជាជាតិ ត្រូវបានឃាតករសម្លាប់នៅក្នុងផ្ទះជួលរបស់ជនរងគ្រោះក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ កូនស្រីវ័យ១៩ខែរបស់ស្ត្រីរងគ្រោះបានរងរបួសធ្ងន់នៅក្នុងករណីវាយប្រហារនេះ ហើយកំពុងសម្រាកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ គិតរហូតមកទល់ល្ងាចម្សិលមិញ។
នគរបាលបានចុះទៅពិនិត្យដល់ផ្ទះរបស់ស្ត្រីរងគ្រោះឈ្មោះ ដាបណា បៀដសេន (Daphna Beerdsen) និងប្ដីឈ្មោះ ចូរីស អូឡេ (Joris Oele) ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់នៅម៉ោងជាង៩ព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីមេដោះ ដែលធ្វើការឲ្យគ្រួសារនេះបានប្រទះឃើញសាកសពប្រឡាក់សុទ្ធតែឈាម ហើយក៏ប្ដឹងទៅអាជ្ញាធរ។
រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់បាននៅឡើយទេ ហើយនគរបាលកំពុងស្រាវជ្រាវរកមូលហេតុនៅឡើយ ដោយសារតែខ្វះភ័ស្ដុតាងបញ្ជាក់ថា នេះជាករណីប្លន់។
លោក មុំ ស៊ីថា នាយការិយាល័យនគរបាលជនបរទេសរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ជនរងគ្រោះ ដាបណា បៀដសេន អាយុ៣១ឆ្នាំ ត្រូវជនល្មើសចាក់ប្រាំមួយដងដោយប្រើអាវុធលោហៈមុតស្រួច”។
លោកថ្លែងថា សំណាកទឹកនោម និងឈាម ត្រូវបានយកចេញពីសាកសពស្ត្រីរងគ្រោះដើម្បីពិនិត្យមើលថា តើគាត់ត្រូវជនល្មើសរំលោភ ឬយ៉ាងណា ហើយថា នគរបាលសង្កាត់ នគរបាលខណ្ឌ និងនគរបាលរាជធានី កំពុងសហការគ្នាសើុបអង្កេតករណីនេះ។
នគរបាលលើកឡើងថា គ្មានសញ្ញាបង្ហាញថា ជនល្មើសបានគាស់ទម្លុះចូលផ្ទះរបស់គ្រួសារនេះដែលស្ថិតនៅតាមបណ្ដោយផ្លូវតូចមួយនៃមហាវិថីព្រះនរោត្តម និងដែលមានរបងដាំអំបែងកែវមុតស្រួច និងបន្លាលួសនោះទេ។
មេដោះឈ្មោះ ស្រី មំុ បានប្រាប់នគរបាលថា ទ្វារចាក់សោដូចធម្មតា នៅពេលគាត់ទៅមើលថែទាំកុមារីអាយុ១៩ខែ កាលពីព្រឹកម្សិលមិញ។
លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ដែលមានវត្តមាននៅកន្លែងកើតហេតុ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ។
យោងតាមលោក សុខ វណ្ណា នាយកកម្មវិធីនៅ U.N. Habitat បានឲ្យដឹងថា លោក ចូរីស អូឡេ ដែលបម្រើការងារឲ្យ U.N. Habitat បានចាកចេញពីរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអាទិត្យ ដើម្បីធ្វើជាអ្នកសម្របសម្រួលក្នុងសិក្ខាសាលាមួយរយៈពេលពីរថ្ងៃស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តព្រះសីហនុ។
លោកបានមានប្រសាសន៍ទៀតថា “ទើបតែព្រឹកនេះទេ ដែលយើងទទួលបានការហៅទូរស័ព្ទមកថា លោក ចូរីស ត្រូវវិលត្រឡប់មកភ្នំពេញវិញជាបន្ទាន់ ដូច្នេះហើយខ្ញុំក៏ឲ្យគាត់ជិះរថយន្តតាក់ស៊ី។ ពេលនេះខ្ញុំទទួលបានដំណឹងនេះហើយ”។
លោក សុខ វណ្ណា បានលើកឡើងទៀតថា អ្នកស្រី ដាបណា បៀដសេន ក៏បម្រើការងារឲ្យអង្គការសហប្រជាជាតិដែរ ប៉ុន្តែលោកមិនដឹងថា គាត់មានតួនាទីអ្វីទេ។ ប្រវត្តិរូបសង្ខេបរបស់ស្ត្រីរងគ្រោះនៅក្នុងគេហទំព័របណ្ដាញទំនាក់ទំនងសង្គម LinkedIn បញ្ជាក់ថា គាត់ធ្វើជាអ្នកប្រឹក្សាឲ្យអង្គការសហប្រជាជាតិប្រចាំរាជធានីភ្នំពេញ។
នៅម៉ោងជាង១រសៀលកាលពីម្សិលមិញ លោក ចូរីស អូឡេ បានវិលត្រឡប់មកដល់ផ្ទះរបស់ខ្លួនវិញ ហើយត្រូវតំណាងមួយរូបរបស់ស្ថានទូតអង់គ្លេសនាំចូលទៅក្នុងផ្ទះ។ តំណាងស្ថានទូតអង់គ្លេស ដែលផ្ដល់ជំនួយកុងស៊ុលដល់ជនជាតិហូឡង់រូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ឬបង្ហាញអត្តសញ្ញាណឡើយ។
បន្ទាប់ពីចូលក្នុងផ្ទះរបស់ខ្លួនជាមួយនឹងនគរបាលប្រហែល៥០នាទី លោក ចូរីស អូឡេ បានចេញមកវិញ ហើយត្រូវគេអមចូលរថយន្តដឹកឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផា កន្លែងដែលកូនស្រីរបស់គាត់កំពុងទទួលការព្យាបាល។
វេជ្ជបណ្ឌិតមួយរូបនៅមន្ទីរពេទ្យនេះ ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់នៅម៉ោង៦ និង៣០នាទីថា កុមារីរងគ្រោះមានជីវិតរស់រាន។ វេជ្ជបណ្ឌិតដដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីភាពធ្ងន់ធ្ងរ ឬសភាពនៃរបួសរបស់កុមារីរងគ្រោះទេ ប៉ុន្តែមានប្រសាសន៍ថា លោក ចូរីស អូឡេ កំពុងព្យាយាមបញ្ជូនកូនស្រីរបស់គាត់តាមជើងហោះហើរឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ។
លោក អ៊ូ ពៅ នាយប៉ុស្ដិ៍សង្កាត់ទន្លេបាសាក់បានមានប្រសាសន៍កាលពីយប់មិញថា សាកសពអ្នកស្រី ដាបណា បៀដសេន ត្រូវបានដឹកចេញពីផ្ទះហើយ។ លោកមានប្រសាសន៍ថា “ដោយមានការយល់ព្រមពីស្វាមី និងតំណាងមួយរូបរបស់ស្ថានទូតអង់គ្លេស សាកសពត្រូវបានដឹកចេញទៅកាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតនៅម៉ោង៥ និង៣០នាទីល្ងាច”។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបង្វែរសំណួរទាំងអស់អំពីករណីនេះទៅលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដែលមិនអាចទាក់ទងសុំការបំភ្លឺបាន៕ សុខុម