28.4 C
Phnom Penh

ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌល​គិរី​លើកគ្នា​ដាក់​ញត្តិ​ប្រឆាំង​​​ការ​កាប់​ឈើ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ អ្នក​ភូមិ​ជិត​២០០​​នាក់​មក​ពី​សហ​គមន៍​ផ្សេង​ៗ​គ្នាចំនួន​​២៥​បាន​នាំ​គ្នា​មក​ជួប​ជុំ​នៅ​សាលា​ខេត្ត​មណ្ឌល​គិរី​ ដើម្បី​ដាក់​ពាក្យបណ្តឹង​និង​ដាក់​ញត្តិ​​មួយ​ចំនួន​​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចប់​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ការ​ធ្វើ​ឲ្យ​បរិស្ថាន​កាន់​តែ​ហិន​ហោច​។

ការ​មក​ជួប​ជុំ​នេះ​បាន​កើត​ឡើង​ ពីរ​ថ្ងៃ​បន្ទាប់​ពី​នគរបា​ល​ឃុំ​ប្រដាប់​ដោយ​អាវុធ​​បាន​​​រា​រាំង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នក​កាសែត​ចំនួន​១៦​នាក់​មិន​ឲ្យ​ចូល​ទៅ​កាន់​តំបន់​​ដី​ដែល​មានវិវាទ​នៅ​ឃុំ​ស្រែ​ព្រះ​ ស្រុក​កែវ​សី​មា​។ អាជ្ញាធរ​បាន​អះ​អាង​ថា​ ក្រុម​នេះ​​គ្មាន​ការ​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​តាម​ផ្លូវ​សាធា​រណៈ​​នោះ​ទេ ហើយខ្លួន​ក្លាច​​ក្រែង​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​បន្ថែម​​ទៀត​ពី​សំណាក់​ក្រុមហ៊ុន​កាប់​ឈើ។​

លោក  ស្រើញ​ ម៉ាច​ តំណាង​អ្នក​ភូមិ​មក​ពី​សហគមន៍​ជន​ជាតិ​ភាគ​តិច​ព្នង​ នៅ​ក្នុង​ឃុំ​​ស្រែ​​ព្រះ​ បាន​លើក​ឡើង​ថា​ គាត់​មាន​សង្ឃឹម​ថា អ្នក​ភូមិ​នឹង​មាន​សំណាង​ច្រើន​នៅ​ក្នុង​ការ​ទាញ​ចំណាប់​អារម្មណ៍​អាជ្ញាធរ​ខេត្ត​​ឲ្យ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ទាក់​ទិន​នឹង​វិវាទ​ដី​ធ្លី​របស់​ខ្លួន​។

លោក​ ម៉ាច​ បាន​ថ្លែង​​ថា “បី​ ឬ​បួន​ឆ្នាំ​មក​ហើយ​​ បញ្ហា​ជា​ច្រើន​របស់​ជន​ជាតិ​ភាគ​តិច​មិន​ដែល​ត្រូវ​បាន​អាជ្ញា​ធរ​ស្រុក​និង​អាជ្ញាធរ​ឃុំ​ដោះ​ស្រាយ​នោះ​ទេ​។ អ្នក​ភូមិ​ជន​ជាតិ​ភាគ​​តិច​ព្រួយ​បារម្ភអំ​ពី​ព្រៃ​សហ​គមន៍​របស់​យើង​។ ទៅ​ថ្ងៃ​អនាគត​ ព្រៃ​នេះ​នឹង​ត្រូវ​​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ក្រុម​ហ៊ុន​កាប់​ឈើ​ ដោយ​ធ្វើ​ឲ្យ​​អ្នក​ជំនាន់​ក្រោយ​គ្មាន​នៅ​សល់​អ្វី​នោះ​ទេ​”។

អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ស្រែ​ព្រះ​បាន​ចោទ​ប្រកាន់​​ក្រុនហ៊ុន​ចំនួន​ពីរ​គឺ​ ក្រុមហ៊ុន​សុវណ្ណ​រាជ​សី និង​ក្រុមហ៊ុន​ Bin Fuerk I ជា​យូរ​មក​ហើយ​ថា បាន​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​ដែល​​មាន​វិវាទ​។ ការ​ព្យាយាម​ចូល​ទៅ​កាន់​តំបន់​ដី​មាន​វិវាទកាល​ពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ដែល​សង្ឃឹម​ថា​ នឹង​អាច​ធ្វើ​ឲ្យ​បញ្ហា​ជាប់​គាំង​នៅ​ក្នុង​វិវាទ​ដី​ធ្លី​របស់​អ្នក​ភូមិ​ត្រូវ​​មជ្ឈដ្ឋាន​ទូទៅ​ដឹង​ឮ។

លោក​ ម៉ាច​ បាន​មាន​ប្រសាសន៍​ថា “​កាល​​ពី​មុនៗ​មក​ យើង​អាច​រស់​រាន​មាន​ជីវិត​ដោយ​អាស្រ័យ​លើ​ព្រៃ​ឈើ​ ប៉ុន្តែ​តើ​អាច​ឲ្យ​យើង​បន្ត​រស់​ទៅ​មុខ​ទៀត​បាន​តាម​របៀប​ណា​ ប្រសិន​​បើ​ព្រៃ​សហគមន៍​របស់​យើង​ត្រូវ​​បំផ្លិច​បំផ្លាញ​? ដី​ព្រៃ​សហគមន៍​ឥឡូវ​នេះ​ក្លាយ​​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ទៅ​ហើយ​។

លោក ម៉ាច​ និង​លោក​ យីម លុច អភិ​បាល​​រង​ខេត្ត​មណ្ឌល​គិរី​ បាន​ឲ្យ​ដឹង​ថា អាជ្ញា​ធរ​ខេត្ត​​បាន​ជួ​ប​និយាយ​ជា​មួយ​អ្នក​ភូមិ​ ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ហើយ​បាន​ធានា​ចំពោះ​ពួកគាត់​ថា នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួកគាត់​។

លោក លុច​ បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បំភ្លេច​រឿង​អតីត​កាល​ចោល​ ហើយ​យើង​​ទាំង​អស់​គ្នា​រួម​ជាមួយ​អាជ្ញាធរ​ ខេត្ត មន្ទីរ​បរិស្ថាន​ និង​រដ្ឋាបាល​ព្រៃ​ឈើ​នឹង​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​អ្នក​ភូមិ​ទោះ​បី​ជា​នៅ​តែ​មាន​ការ​តវ៉ា​ក៏​ដោយ​”។

លោក វង្ស​ កុសល​ មន្ត្រី​ផ្នែក​ច្បាប់​នៅ​វេទិកា​​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO Forum on Cambodia) ដែល​រៀប​ចំ​ដំណើរ​ចុះ​ទៅ​​​តំបន់​ដី​មាន​វិវាទ​នេះ​ ​បាន​លើក​ឡើង​ថា លោក​​​សង្ឃឹម​​​​ថា ញត្តិ​នេះ​នឹង​ទទួល​បាន​លទ្ធ​ផល​។ លោក​បាន​ថ្លែង​​ថា “យើង​គំា​ទ្រ​សកម្មភាព​​រ​បស់​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ដែល​ទៅ​សាលា​​ខេត្ត​និយាយ​ជា​មួ​យ​អាជ្ញា​ធរ​”៕​ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស