31 C
Phnom Penh

គ្រួសារ​ដែល​គេបោះ​ពស់​វែក​ចូល​ផ្ទះ​ចោទ​ប្រកាន់​សន្តិសុខ​ថា បាន​ប៉ុនប៉ង​ដុត​ផ្ទះ​របស់​ខ្លួន​ម្តង​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​មួយ​ដែល​ជាប់​គាំង​នៅ​ក្នុង​វិវាទ​ដី​​​ធ្លី​ជា​យូរ​មក​ហើយ​ជាមួយ​មហាសេដ្ឋី​អចលន​​​​​ទ្រព្យ​​ដ៏​មាន​អំណាច​ បាន​អះ​អាង​ថា សន្តិសុខ​ក្រុមហ៊ុន​បាន​ប៉ុនប៉ង​ដុត​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ម្តង​ទៀត​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។

ការ​ប៉ុន​ប៉ង​ដុត​ផ្ទះ​ដែល​រង​ការ​ចោ​ទ​ប្រកាន់​​​នេះ​ គឺ​ជាការ​វាយ​ប្រហារ​​ថ្មី​បំផុត​ក្នុង​ចំណោម​​​ការ​វាយ​ប្រហារ​ប្លែក​​ៗពី​​គ្នា​មួយ​ចំនួន​ទៅ​លើ​ក្រុម​គ្រួសារ​ញាំញី​ដោយ​បញ្ហា​​​ដែល​ទទួល​រងការយាយី​និងការលួចដុត​ត្រឹមតែមួយខែ​កន្លងទៅនេះ​ និង​ដែលគេបោះពស់វែក​ចូល​ផ្ទះកាលពី​ខែតុលា។​

អ្នក​ស្រី​ ម៉ក់ សុីវ​ហុង​ អាយុ​ ៥១​ឆ្នាំ​ ប្តី​របស់​​​អ្នក​ស្រី​ លី​ ស៊្រាង​ខេង​ អាយុ​៥៨​ឆ្នាំ​និង​កូន​ប្រុស​​​របស់​ពួកគាត់​ លី ប៊ុនហៀង​ គឺ​ជា​គ្រួសារ​​មួយ​ក្នុង​ចំណោម​គ្រួសារ​ចំនួន​បី​ដែល​បាន​បដិសេធ​មិន​ព្រម​ប្រគល់​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ ឃុន សៀ​អាហរ័ណ​នីហរ័ណ។

សន្តិសុខ​ក្រុមហ៊ុន​ប្រហែល​១០នាក់​បាន​ទៅ​ឡោម​ព័ទ្ធ​ដី​ធ្លី​របស់​ក្រុម​គ្រួសារ​ទាំង​នេះ​ភ្លាម​ៗ​។ ក្រុមគ្រួសារ​ទាំង​នេះ​ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​អះ​អាង​ថា ពួក​គេ​ [កង​សន្តិ​សុខ​] បានធ្វើ​ការ​​វាយ​ប្រហារ​ និ​ង​គំរាម​កំហែង​​ជា​បន្ត​បន្ទាប់​។

​អ្នក​ស្រី​ សុី​វ​ ហុង​ បាន​និយាយ​កាល​ពី​ម្សិល​​មិញ​ថា ការ​ប៉ុន​ប៉ង​ដុត​ផ្ទះ​របស់​អ្នកស្រី​លើក​ចុង​ក្រោយ​នេះ​បាន​កើត​ឡើង​ នៅ​​ម៉ោង​ប្រហែល​១១​យប់ ខណៈពេល​​អ្នក​ស្រី​កំពុង​ដេក​លក់​។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ស្រី​បាន​ភ្ញាក់​ដោយ​សារ​ធំក្លិន​ផ្សែង​ ហើយ​បាន​ឃើញ​សន្តិសុខ​កំពុងតែ​ដុត​ផ្ទះ​បាយ​របស់​អ្នក​ស្រី​។

អ្នក​ស្រី​បាន​និយាយ​ថា​ “បុរស​ចំនួន​ដប់​នាក់​បាន​ប្រមូល​គ្នា​នៅ​លើ​ដី​របស់​ខ្ញុំ​ ដើម្បី​ព្យាយាម​ដុត​ផ្ទះ​បាយ​របស់​ខ្ញុំ​។ ប្រសិន​យើង​មិន​បាន​ពន្លត់​ភ្លើង​នេះ​ទេ​​ វា​ប្រហែល​ជា​​បាន​​​​​រាលដាល​ដល់​ផ្ទះ​របស់​ខ្ញុំ​ទៅ​ហើយ​។ វា​មិន​បង្ក​ការ​ខូច​ខាត​ច្រើន​ទេ​ គឺ​គ្រាន់​តែ​ឆេះ​ផ្ទះ​បាយ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​បាន​ពន្លត់​ទាន់​ពេល​”។

នគរបា​ល​មិន​សូវ​​ជា​យក​ចិត្ត​ទុក​​ដាក់​លើ​រឿង​នេះ​ទេ​ ដោយ​លើក​ឡើង​ថា​ ខ្លួន​មិន​បាន​ឃើញ​ភស្តុតាង​នៃ​ការ​ដុត​នេះ​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា​ រូប​ថត​ដែល​ថត​ដោយ​គ្រួសារ​រង​គ្រោះ​បង្ហាញ​ថា មាន​ភ្លើង​ឆេះ​បន្តិច​បន្តួច​។

លោក​ ហម គា​ នាយ​ប៉ុស្តិ៍​សង្កាត់​បឹង​កក់​១​​​បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជូន​មន្ត្រី​ទៅ​ផ្ទះ​របស់​គ្រួសារ​នេះ​បន្ទាប់​ពី​គ្រួសារ​នេះ​ទូរស័ព្ទ​មក​ប្រាប់​រឿង​រ៉ាវ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ឃើញ​ការ​ខូច​ខាត​ដោយ​សារ​ការ​ដុត​នោះ​ទេ​ យើង​គិត​ថា​ ជន​សង្ស័យ​មិន​បាន​ដុត​​អ្វី​ឡើយ​”។

លោក យឹម​ លាង​ ប្រធាន​កង​អង្គរក្ស​របស់​លោក​ ជា​ សុឹម​ ប្រធាន​ព្រឹទ្ធ​សភា​ និង​ជា​ដៃ​គូ​ជំនួញ​​ជាមួយ​លោក ឃុន​ សៀ​ ដែល​ក៏​ជា​អ្នក​នាំ​ពាក្យ​របស់​លោក​ ជា សុឹម ដែរនោះ បាន​ឲ្យ​​ដឹង​កាល​​ពី​ម្សិល​មិញ​ថា លោក​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​បាន​ដឹក​នាំ​កង​សន្តិ​សុខ​ទៅ​ធ្វើ​ដូច្នោះ​ទេ​។ ពួក​គេ​គួរ​តែ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​នគរបាល​ ហើយ​មិន​គួរ​ធ្វើ​ការ​ចោទ​ប្រកាន់​បែប​នេះ​ និង​​មិន​គួរ​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​មុខ​យ៉ាង​ដូច្នេះ​ឡើុយ​”។

ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​លើក​ឡើង​ថា​ ការ​ដុត​នេះ​ទំនង​ជា​ស្រ​ប​​​ទៅ​នឹង​ហេតុ​ការណ៍វាយ​ប្រហារ​លើក​មុនៗ​ កំពុង​តែ​ស៊ើប​អង្កេត​លើ​រឿង​នេះ​ហើយ​។

លោក​ សៀ ភារម្យ​ នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិលំនៅ​ដ្ឋាន​បាន​មាន​ប្រសាសន៍​ថា​ “ពី​មុន​ក្រុមហ៊ុន​ធ្លាប់​បាន​ជួល​ក្រុម​អន្ធពាល​ឲ្យ​ទៅ​គំរាម​កំហែង​​​ពួក​គាត់​នៅ​ពេល​យប់​”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស