តំណាងអ្នកភូមិម្នាក់បាននិយាយកាលពីម្សិលមិញថា គ្រួសារអ្នកភូមិភាគច្រើនក្នុងខេត្តកំពង់ឆ្នាំងដែលបានទទួលយកសំណងជាប្រាក់ដើម្បីដោះស្រាយវិវាទដីធ្លីរបស់ ខ្លួនជាមួយភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនោះបានប្តូរចិត្ត ហើយនឹងដាក់ពាក្យបណ្តឹងស្វែងរកសំណងបន្ថែមទៀត។
កាលពីដើមខែនេះ អ្នកភូមិ៣៥គ្រួសារបានទទួលយកសំណងពីអ្នកស្រី ជា ខេង ជាពាណិជ្ជករម្នាក់បន្ទាប់ពីគណៈកម្មការខេត្តដែលមានសមាជិក១៥រូបទើបបង្កើតថ្មីនោះបានជួយពួកគេឲ្យចរចាស្វែងរកដំណោះស្រាយ។ ទោះយ៉ាងណា ឥឡូវនេះ ភាគច្រើន នៃអ្នកភូមិទាំង៣៥គ្រួសារនោះមិនសប្បាយ ចិត្តនឹងដំណោះស្រាយដែលពួកគាត់ទទួល បាននោះទេ។
អ្នកស្រី សួន ញ៉េន អាយុ៣៨ឆ្នាំបាននិយាយថា “ថ្ងៃនេះយើងបានរៀបចំពាក្យបណ្តឹងប្តឹងទៅគណៈកម្មការនេះដើម្បីទាមទារសំណងបន្ថែមទៀតពីក្រុមហ៊ុន”។ គាត់មិនអាចបញ្ជាក់អំពីចំនួនពិតប្រាកដនៃគ្រួសារដែលទាមទារសំណងបន្ថែមឡើយ ប៉ុន្តែបាននិយាយថា មានគ្រួសារភាគច្រើននៃអ្នកភូមិទាំង៣៥គ្រួសារ។ បន្ថែមពីលើអ្នកភូមិ៣៥គ្រួសារនោះ អ្នកភូមិ១៧គ្រួសារទៀតដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីនេះដែរកំពុងទាមទារសំណងបន្ថែមទៀត។
អ្នកស្រី ញ៉េន បាននិយាយថា គ្រួសារទាំងនោះបានប្រៀបធៀបសេចក្តីជូនដំណឹងនោះ ហើយបានដឹងថា ពួកគាត់មិនត្រូវបានផ្តល់សំណងស្មើគ្នាឡើយ។គាត់បាននិយាយថា គាត់បានទទួលប្រាក់១.៥០០ដុល្លារសម្រាប់ដីរបស់គាត់ទំហំ៣,៥ហិកតា ចំណែក អ្នកភូមិពីរគ្រួសារទៀតទទួលបានប្រាក់៣.០០០ ដុល្លារក្នុងដីទំហំ១ហិកតា។
លោក ហ៊ុល ចន្ធូ អភិបាលស្រុកកំពង់ត្រឡាច ជាសមាជិកម្នាក់នៃគណៈកម្មការដោះស្រាយវិវាទដីធ្លីនេះបានមានប្រសាសន៍ ថា គ្រួសារទាំងនេះមិនសប្បាយចិត្តនឹងសំណង របស់ខ្លួនឡើយ រហូតដល់ពួកគាត់ត្រូវបានញុះញង់ដោយលោក រាជ សីមា តំណាងសហ គមន៍។លោកក៏បានចោទប្រកាន់លោក សីមា ថា បានញុះញង់អ្នកភូមិ១៧គ្រួសារកុំឲ្យទទួលយកសំណងផងដែរ។
ដោយហៅលោក សីមា ថា ជាពិរុទ្ធជន លោក ចន្ធូ បានមានប្រសាសន៍ថា “ដំណើរការស្វែងរកដំណោះស្រាយគឺនៅទ្រឹង ពីព្រោះអ្នកភូមិ១៧គ្រួសារបដិសេធមិនទទួលយកសំណងម្តងហើយម្តងទៀត ហើយទន្ទឹមនឹងនោះដែរ គ្រួសារមួយចំនួនដែលបានទទួលយកសំណងពីក្រុមហ៊ុនរួចហើយកំពុងត្រូវបានគេញុះញង់ឲ្យទាមទារសំណងបន្ថែមទៀតពីក្រុមហ៊ុន”។ លោក សីមា ត្រូវបានសាលាដំបូងខេត្តកោះកុងហៅមកសាកសួររួចហើយកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការចោទប្រកាន់ពីបទញុះញង់អ្នកភូមិទាំង១៧គ្រួសារ។
លោក ចន្ធូ បានមានប្រសាសន៍ថា លោកមិនច្បាស់ថា តើអាជ្ញាធរខេត្តនឹងព្យាយាមដាក់ពាក្យបណ្តឹងប្តឹងតំណាងសហគមន៍ដែលនិយាយឥតសំចៃរូបនេះឬយ៉ាងណាឡើយ។ លោក សីមា បានបដិសេធថា លោកមិនបានញុះញង់គ្រួសារទាំងនេះ ឬអ្នកភូមិ៣៥គ្រួសារទៀតឡើយ។ លោក សីមា បានមានប្រសាសន៍ថា “គ្មាន នរណា ម្នាក់ត្រូវបានញុះញង់ទេ”៕សារុន