29.3 C
Phnom Penh

ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជាបិទ​គេហទំព័រ​សារព័ត៌មា​ន​ក្នុង​ស្រុក ​ដើម្បី​ព្រមាន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​ក្រុម​ហ៊ែក​ឃើ​អនាមិកនៅ​កម្ពុជា​ ​(Anonymous​ Cambodia) ដែល​ជាសមា​ជិក​នៃ​ក្រុម​ហ៊ែក​ឃើ​​អនាមិក​​ពិភព​លោក​បាន​អះអាង​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ខ្លួនបាន​បិទ​គេហ​ទំព័រ​​​​សារព័ត៌មាន​ដើម​អម្ពិល​ ព្រម​ទាំង​បាន​បំផ្លាញ​បណ្ណា​សារ​​របស់​គេហ​ទំព័រ​នេះ​ផង​ដែរ​​ ​ហើយ​ក្រុម​ខ្លួន​ក៏បាន​​​ព្រមាន​ដល់​បណ្តា​គេហទំព័រ​ដទៃ​ទៀត​​ដែល​ជា​គោលដៅ​របស់​ពួក​គេ​​នឹង​ត្រូវ​រងការ​វាយ​ប្រ​ហារជា​បន្ត​ ប្រសិន​បើ​គេហ​ទំព័រ​​ទាំង​នោះ​នៅតែ​បន្ត​ផ្សាយ “ព័ត៌មាន​មិន​ពិត”។

ការវាយ​ប្រហារ​ទៅ​លើ​គេហ​ទំព័រ​​ដើម​អម្ពិល​ដែល​កំពុង​តែ​ពេញ​និយម​នេះ ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋា​​​​ភិបាល​យ៉ាង​សកម្ម​ មិនឲ្យ​ដំណើរ​ការ​អស់រយៈពេល​​១២​ម៉ោង ​​ហើយ​បែរ​ជា​ចេញ​សារមួយ​ដែល​មាន​ខ្លឹម​សារ​ថា “សូមអភ័យ​ទោស​យើង​កំពុង​តែ​ស្ថាបនា​ ហើយ​យើង​នឹង​ត្រឡប់​​​​​​​មក​វិញ​នៅ​ពេល​ឆាប់ៗ​នេះ”​​​។

ក្រុម​រ​អនាមិក​កម្ពុជា​ (Anonymous Cambodia ) បាននិយាយ​នៅ​ក្នុង​ទំព័រ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួនថា “យើង​នឹង​មិន​បញ្ចប់​ឡើយ​ ហើយ​យើង​នឹង​​​បន្ត​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជា​ជន​កម្ពុជា”​​​​។​ ក្រុម​នេះ​សរសេរ​បន្ត​ទៀត​ថា “ទំហំ​នៃការ​វាយ​ប្រហារ​​របស់​យើង​នឹង​កើន​ឡើង​ជា​លំដាប់​ អ្នក​និយាយ​កាន់​តែច្រើន​ពួក​យើង​ធ្វើ​កាន់​តែច្រើន​”។​

ក្រុម​នេះបាន​សរ​សេរ​បន្ត​ទៀត​ថា “កាល​ពី​ពេល​ថ្មីៗ​នេះ​គេហទំព័រ​ដើម​អម្ពិល​​​មិន​បាន​រក្សា​ទុក​ទិន្នន័យ​សំខាន់​ៗ​របស់​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​ទេ​ ហើយ​ក៏បាន​បាត់បង់​​ទិន្ន​ន័យ​សំខាន់ៗជាច្រើន។ សូម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​កុំ​​ផ្សាយ​ព័ត៌មាន​ មិនពិត​ដូច​គេហ​ទំព័រ​មួយនេះ​។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ទទួលបាន​លទ្ធផល​ដូច​គ្នា​​ក្នុង​ថ្ងៃណាមួយ​”​​​។

លោក  សយ សុភាព​ និពន្ធ​នាយក​គេហ​ទំព័រ​សារព័ត៌មាន​ដើ​ម​អម្ពិល​​​​បា​ន​លើក​ឡើងថា ការ​បិទ​គេហទំព័រ​ដោយ​​ បង្ខំបែប​នេះ​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​។ លោក​បានមាន​ប្រសាសន៍​ថា “ការ​ខូច​ខាត​​​​​​​មានទំហំធំណាស់​។ វា​ស្ទើរ​តែ​បិទ​គេហ​ទំព័រ​យើង​ទាំង​មូលទៅ​ហើយ”​​​។ លោក​បាន​បន្ថែម​​​​​​​ថា វិធា​ន​ការ​ការ​ពារ​សន្តិ​សុខ​​ បន្ថែម​កំពុង​ត្រូវ​​​​​​​បាន​ពិចារណា​។

លោក ​ សុភាព បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ ដើម្បីការ​ពារ​វា​  ព្រោះ​ក្រុម​អនា​មិ​ក​នេះ​បាន​ព្រមាន​ថា ពួកគេ​នឹង​ត្រឡប់​មក​រក​យើង​ទៀត​  ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​ណាស់​ ពីព្រោះ​ខ្ញុំ​មាន​បុគ្គលិក​២០០​នាក់​​ ធ្វើការ​ជា​មួយ​ខ្ញុំ​លើ​គេហទំព័​រ​នេះ​។ វា​មិន​មែន​ខាត​បង់​ចំពោះ​តែ​ខ្ញុំប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បុគ្គលិក​របស់​ខ្ញុំ​ផង​ដែរ​ គឺ​ពួកគេ​ ប្រឈម​នឹង​ហានិភ័យ​ ប្រសិ​ន​បើ​យើង​បាត់​បង់​គេហ​ទំព័រ​​​​សារព័ត៌មាន​នេះ”​ ​​។

​ក្រុម​អនាមិក​​កាលពីសប្ដាហ៍​មុន​បាន​គំរាម​សង​សឹក​ចំពោះ​ ប្រតិបត្តិការ​ចាប់​ខ្លួន​សមាជិក​របស់​ខ្លួន​ចំនួនពីរ​នាក់​គឺ​ឈ្មោះ ប៊ុន  ឃីង​មង្គល​​​​​​​បញ្ញា អាយុ​២១​ឆ្នាំ​ និង​មាន​ឈ្មោះ​ក្នុង​អុីន​ធើណិត​ថា  Sex Machine ឬ Black Cyber  និង​ម្នាក់​ទៀត​ឈ្មោះ​ ជូ សុង​ហេង អាយុ​២១​ឆ្នាំ​ ដែល​មាន​ឈ្មោះ​ក្នុង​ អុីន​ធើណិត​ថា Zoro។

ជនទាំងពីរ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ចូល​ ដោ​យ​គ្មា​ន​ការ​អនុញ្ញាត​ទៅ​ក្នុង​ប្រព័ន្ធ​ដំណើរ​ការ​ទិន្នន័យ​ស្វ័យ​ប្រវត្តិ​ និង​បង្អាក់​​ដំណើរ​ការ​ក្នុង​ប្រព័ន្ធ​ដំណើរការ​ទិន្នន័យ​ស្វ័យ​ប្រវត្តិ​។

លោក ​ មឿន ឈានណារិទ្ធ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌​មាន​ ​បាន​លើក​ឡើង​ថា ការ​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​ សារព័ត៌មាន​ដើ​ម​អម្ពិល​​​នេះ​  ទំនងធ្វើឲ្យខូចស្មារតី​ប្ដូរ​ផ្ដាច់​ចំពោះ​តម្លាភាពរបស់​ក្រុម​ហ៊ែក​ឃើនេះ​​។

លោក ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំគិត​ថា វា​​ជារឿង​មួយ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​គេហទំព័រ​នេះ​ត្រូវ​បាន​វាយ​ប្រហារ​ ទោះបីជា​​គេហទំព័រ​នេះ​គាំទ្រ ឬ ប្រឆាំង​​រដ្ឋាភិបាល​ក៏ដោយ​ ក៏វា​ជា​ការ​ខុសឆ្គង​ក្នុង​ការ​ពិនិត្យ​ចាប់​កំហុស​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​ក្នុង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ផងដែរ​”៕ សុធា

(រាយការណ៍​បន្ថែ​ម​ដោយ Lauren Crothers)​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស