កាលពីម្សិលមិញ អ្នកបើកបររថយន្តក្រុងចំនួន១៨នាក់ដែលត្រូវបានបណ្ដេញចេញពីការងារ និងដែលកំពុងតវ៉ាទាមទារឲ្យក្រុមហ៊ុនដឹកជញ្ជូនសុរិយា យកពួកគេចូលធ្វើការងារវិញនោះ បានប្រឈមមុខដាក់គ្នាជាមួយនឹងបុគ្គលិកក្រុមហ៊ុន ដែលធ្វើការតវ៉ាតបទៅវិញ ទាមទារឲ្យអ្នកបើកបរដែលត្រូវបានបណ្ដេញចេញទាំងនេះឈប់រំខានការងាររបស់ពួកគេ។

អ្នកបើកបរទាំងនេះដែលអះអាងថា ខ្លួនត្រូវបានបណ្ដេញចេញពីការងារកាលពីដើមខែនេះ ដោយសារតែពួកគេព្យាយាមបង្កើតសហជីពនោះ បានធ្វើការតវ៉ាជាច្រើនលើកក្នុងខែនេះ ទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ និងលក្ខខណ្ឌការងារល្អប្រសើរ ប៉ុន្តែកាលពីម្សិលមិញបានប្រឈមមុខនឹងអតីតមិត្តរួមការងារប្រហែល៤០នាក់ ដែលធ្វើការតវ៉ាតបតទៅវិញ។
អ្នកលក់សំបុត្ររថយន្តក្រុងម្នាក់ ឈ្មោះ ពៅ ពឿន អាយុ៣០ឆ្នាំ និយាយថា “នេះជាលើកទី១ ហើយ ដែលខ្ញុំចូលរួមការតវ៉ា។ ខ្ញុំតវ៉ាប្រឆាំងនឹងអតីតអ្នកបើកបររថយន្តក្រុង ហើយប្រសិនបើពួកគាត់នៅតែបន្តតវ៉ាទៀត ពួកគាត់នឹងខាតបង់ប្រាក់សម្រាប់គ្រួសាររបស់ពួកគាត់កាន់តែច្រើនទៅវិញទេ”។
ភាគីទាំងពីរបានឈរសងខាងផ្លូវ ប្រើពាក្យប្រមាថដាក់គ្នាទៅវិញទៅមកតាមឧគ្ឃោសនសព្ទចាប់ពីម៉ោង៨ព្រឹកដល់ថ្ងៃត្រង់ នៅពេលនោះអ្នកបើកបរដែលត្រូវបានបណ្ដេញចេញពីការងារក៏បានចាកចេញទៅទទួលទានអាហារថ្ងៃត្រង់។
ពេលទាក់ទងតាមក្រោយក្នុងថ្ងៃដដែលនោះ លោក ផាន សុផល អ្នកគ្រប់គ្រងប្រតិបត្តិការនៅក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញ-សុរិយា បានថ្លែងថា ការរំខានមិនឈប់នៅចំណតរថយន្តក្រុងនៅកណ្ដាលរាជធានីភ្នំពេញនេះ កំពុងធ្វើឲ្យក្រុមហ៊ុនខាតបង់។
លោកក៏បានលើកឡើងដែរថា អ្នកបើកបរទាំង១៨នាក់នេះ នឹងមិនទទួលបានការងារវិញឡើយ ដរាបណាពួកគាត់នៅតែបន្តសកម្មភាពសហជីពរបស់ខ្លួន។
លោកបានបញ្ជាក់ថា “ចាប់តាំងពីកូដកម្មកាលពីថ្ងៃទី៣ ខែមេសា មក ក្រុមហុ៊នបានខាតបង់រាប់មឺុនដុល្លារ។ យើងមិនអាចទទួលយកបុគ្គលិកទាំងនោះឲ្យចូលធ្វើការវិញបានទេ។ ពួកគាត់តែងតែធ្វើកូដកម្ម ធ្វើការតវ៉ា និងបង្កបញ្ហាដល់ក្រុមហ៊ុនរបស់យើង។ យើងមិនរើសអើងនឹងសហជីពទេ ប៉ុន្តែយើងមិនចង់ឲ្យមានសហជីពនៅក្នុងក្រុមហ៊ុនរបស់យើងឡើយ”។
លោក អៀន គឹមហ៊ុន មន្ត្រីមួយរូបនៅសហភាពការងារកម្ពុជា ដែលតំណាងឲ្យអ្នកបើកបរ ដែលត្រូវបានបណ្ដេញចេញពីការងារទាំងនេះ បានបញ្ជាក់ថា ថៅកែក្រុមហ៊ុនសុរិយា ជាអ្នករៀបចំការតវ៉ាតបនេះ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា ក្រុមហ៊ុនបានបង្ខំឲ្យបុគ្គលិកធ្វើការតវ៉ាដោយខុសច្បាប់”។
គូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីការទាមទារឲ្យក្រុមហ៊ុនទទួលយកអ្នកបើកបរទាំង១៨នាក់នេះឲ្យចូលធ្វើការវិញ និងការទាមទារឲ្យអនុញ្ញាតឲ្យសហជីពដំណើរការដោយសេរីនៅក្នុងក្រុមហុ៊ននេះ លោកមានប្រសាសន៍បន្ថែមទៀតថា “ពួកគេកំពុងប្រើអ្នកទាំងនោះ ដើម្បីបង្ហាញថា ខ្លួនមានអ្នកគាំទ្រច្រើនជាងអ្នកដែលគាំទ្រកូដកម្ម ដើម្បីបំភាន់មតិសាធារណជន”។
លោក វ៉ន សម្បត្តិ ម្នាក់ក្នុងចំណោមអ្នកបើកបរទាំង១៨នាក់នេះនិយាយថា អ្នកបើកបរទាំងនេះនឹងទទួលបានការងាររបស់ខ្លួនវិញនៅពេលធ្វើការតវ៉ាម្ដងទៀតនៅថ្ងៃនេះ។ លោក វ៉ន សម្បត្តិ បាននិយាយទៀតថា “យើងនឹងមកទីនេះធ្វើការតវ៉ាម្ដងទៀតនៅថ្ងៃស្អែក ពីព្រោះមានមនុស្សច្រើនណាស់នៅទីនេះ ហើយនោះជាឱកាសតែមួយគត់របស់ពួកយើងក្នុងការទទួលបានដំណោះស្រាយ”៕ សុខុម