33 C
Phnom Penh

នគរបាល​ថា​គ្មាន​តម្រុយ​ ប៉ុន្តែ​ព័ត៌មាន​លម្អិត​​លេច​ឡើងជុំ​វិញ​​ឃាតកម្ម​លើ​ស្ត្រី​ជន​ជាតិ​ហូឡង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ នគរ​បាល​បាន​ឲ្យ​ដឹង​ថា​ខ្លួន​គ្មាន​តម្រុយអ្វីទេ​​នៅ​ក្នុង​សំណុំ​រឿង​​ស្ត្រី​ជន​ជាតិ​ហូឡង់​ ដែល​គេ​​ប្រទះ​ឃើញ​ ត្រូវ​បាន​គេ​​ចាក់​សម្លាប់​​ជាមួយ​នឹង​កូន​ស្រី​វ័យ​១៩​ខែ​របស់ខ្លួន​ដែល​រង​របួសធ្ងន់​​នៅ​ក្នុង​ផ្ទះ​​របស់​ជន​រង​គ្រោះ​ក្នុង​ខណ្ឌ​ចំការ​មន ​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​។ ប៉ុន្តែ​អ្នក​អនាម័យ​​ដែល​ធ្វើ​ការ​​ឲ្យ​ជន​រង​គ្រោះ​និង​ដែល​បាន​ប្រទះ​ឃើញ​សាក​សព​ប្រឡាក់​សុទ្ធ​តែ​ឈាម​បាន​លាត​ត្រដាងអំពី​អ្វី​ដែល​ខ្លួន​បាន​ឃើញ​ និង​បាន​ជួប​នៅ​កន្លែង​កើត​ហេតុ​។

អ្នក​ស្រី​ កែវ សុម៉ាលី​ ដែល​ប្រទះ​ឃើញ​សាក​សព​ជន​រង​គ្រោះ​​ឈ្មោះ​ ដាប​ណា បៀដ​​សេន​ (Daphna Beerdsen) និង​កូន​ស្រី​ដែល​ជិត​​ដាច់​ដង្ហើម​របស់​ជន​រង​គ្រោះ​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ នគរបាល​បាន​រា​រាំង​ខ្លួន​មិន​ឲ្យ​យកកុមារី​រង​របួស​ធ្ងន់​ទៅ​មន្ទីរ​ពេទ្យ​ឡើយ​ រហូត​ទាល់​តែ​ពួកគេ​បាន​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ​រួច​រាល់​។

អ្នក​ស្រី​ សុម៉ាលី​ អាយុ​២៨​ឆ្នាំ​ បាន​និយា​យ​ថា​ “ទោះ​បី​ជា​យើង​បាន​ឃើញ​ថា កុមារី​មាន​​ប្រឡាក់​សុទ្ធ​តែ​ឈាម​ក៏​ដោយ​ ក៏​ពួកគេ​បាន​ថត​យក​រូប​ភាព​ជាមុន​សិន​ មុន​ពេល​ពួក​គេ​អនុ​ញ្ញាត​ឲ្យ​យក​នាង​ទៅ​មន្ទីរពេទ្យ​”។ អ្នក​ស្រី​បាន​បន្ថែម​ថា​ វា​មាន​រយៈពេល​ចន្លោះ​ពី​២០​ទៅ​៣០​នាទី​ មុន​ពេល​នគរ​បាល​អនុញ្ញាត​​ឲ្យ​អ្នក​ជិត​ខាង​យក​កុមារី​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ដោយ​ដឹក​តាម​ម៉ូតូ​ឌុប​។

សេចក្តី​រាយ​ការណ៍​ កាល​ពី​លើក​មុន​បាន​រាយការណ៍​ខុស​ថា​ មេដោះ​ឈ្មោះ​ស្រី​មុំ​ដែល​ធ្វើ​ការ​ឲ្យ​ស្ត្រី​ជន​រង​គ្រោះបាន​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​ ហើយ​បាន​ប្រាប់​អ្នក​ជិត​ខាង​ និង​នគរបាល​ឲ្យ​ដឹង​។

អ្នក​ស្រី​ សុម៉ាលី​ ដែល​ត្រូវ​បាន​នគរ​បាល​សាក​សួរ​យ៉ាង​យូរ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក៏​បាន​ឲ្យ​ដឹង​ដែរថា​ ឈាម​លើ​ឥដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បានស្ងួត​ ហើយ​សាក​សព​​ជន​រង​គ្រោះ​  ដាប​ណា បៀដសេន បាន​រឹង​ទៅ​ហើយ​ នៅ​ពេល​​គាត់​បាន​ទៅ​ដល់​នៅ​ម៉ោង​ជាង​​៩​ព្រឹក​។

លោក​ ចូរីស អូឡេ (Joris Oele) ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ដើម្បី​ទៅ​ចូល​រួម​សិក្ខាសាលា​នៅ​ក្រុង​ព្រះ​សីហនុ​។

ដោយ​ធ្វើ​ការ​ឲ្យ​ប្តី​ប្រពន្ធ​ជន​ជាតិ​ហូឡង់​អស់​រយៈពេល​ប្រាំ​ពីរ​ខែ​ អ្នក​ស្រី​ សុម៉ាលី​ ក៏​បាន​លើក​ឡើង​ដែរថា​ គាត់​ច្បាស់​ក្នុង​ខ្លួន​ថា​អាវុធ​សង្ស័យ​ថា​សម្រាប់​ធ្វើ​ឃាត​ដែល​នគរ​បាល​បានបង្ហាញ​ មិន​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ផ្ទះ​ជន​រង​គ្រោះ​ទេ​ពីមុន​មក​។

អ្នក​ស្រី​បាន​និយាយ​អំពីអាវុធ​លោហៈ​មុត​ស្រួច​ដែល​គាត់​និយា​យ​ថា នគរបាល​បាន​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​ថា​ “​ ​វា​មាន​ដង​ប្លែក​ វា​មិន​មែន​ជា​របស់​ខ្មែរ​នោះ​ទេ​ វា​ជា​ឧបករណ៍​របស់​បរទេស​។ ខ្ញុំ​មិន​ដែល​ឃើញ​វា​ពីមុន​មក​ឡើយ​”។ អ្នក​ស្រី​ សុម៉ាលី ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ស្បែក​ជើង​ផ្ទាត់​ពណ៌​ខៀវ​មួយ​គូ​ត្រូវ​បាន​បន្សល់​នៅ​ក្នុង​ផ្ទះ​ ហើយ​កង់​របស់​លោក​ អូឡេ បាន​បាត់​ពី​ផ្ទះ​។

កាល​ពី​ប្រហែល​ពាក់​កណ្តាល​អធ្រាត្រ​​ថ្ងៃ​ច័ន្ទ​ លោក​ អូឡេ​ និង​កូន​ស្រី​​រង​របួស​​របស់​គាត់​ដែល​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ជិះ​យន្ត​ហោះ​ទៅ​កាន់​ទី​ក្រុង​បាង​កក​។

វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​​ ដោយ​សារ​មន្ទី​រ​ពេទ្យ​មិន​អនុញ្ញា​ត​ឲ្យ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​របស់​អ្នក​ជំងឺ​ បាន​លើក​ឡើង​កាល​ពី​ម្សិល​​មិញ​ថា ជីវិត​របស់​ ដាណា អូឡេ​ (Dana Oele) នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​។

វេជ្ជ​បណ្ឌិត​រូបនេះ​ បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​មក​ដល់​ទី​នេះ​ នាង​ជិត​ស្លាប់​​ទៅ​ហើយ​។​ នាង​បាន​សន្លប់​ ហើយ​នាង​ដក​ដង្ហើម​ផុត​ៗ​។ នា​ង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ ដោយ​មានរបួស​ត្រង់​ក្បាល​ខ្លាំង​ ហើយ​ហើម​​ដោយ​សារ​ការ​វាយ​ដំ​។​ប្រសិន​បើ​នាង​មក​ដល់​យឺត​ពេល​ នាង​ប្រហែល​ជា​អាច​ស្លាប់​”។​

លោក​ សុខ សំអ៊ុត​ នាយប៉ុស្តិ៍​នគរបាល​សង្កាត់​ទន្លេ​បាសាក់​​បាន​ច្រាន​ចោល​ការ​អះ​អាង​ដែល​ថា​ មន្ត្រីរបស់​លោក​បាន​ទុក​កុមារី​ដែល​រង​របួស​ធ្ងន់​ជា​ច្រើន​នាទី​នៅ​កន្លែង​កើត​ហេតុ​ ដោយ​មិន​ព្រម​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ លោក សំអ៊ុត​ ​មាន​ប្រសាសន៍​ថា “វា​មិន​ពិត​​ទេ​ដែល​ថា​ យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​អនា​ម័យ​​​យក​កុមារី​ទៅ​មន្ទីរ​ពេទ្យ​។​ រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែលយើង​អាច​ធ្វើបាន​ ដើម្បី​សង្គ្រោះ​ជីវិត​”។

នៅ​ពេល​ត្រូ​វ​បាន​សួរ​ថា​ តើ​នគរបា​ល​បាន​ទុក​កុមារី​ដែលរង​របួស​ធ្ងន់​នៅ​កន្លែង​កើត​ហេតុ​យូរ​ប៉ុណ្ណា លោក​ សំអ៊ុត​ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។

លោក​ មុំ ស៊ីថា នាយ​ការិយាល័យ​នគរ​បាល​ជន​បរទេស​រាជធានី​ភ្នំពេញ​ បាន​បដិ​សេធ​មិន​ប្រាប់​ព័ត៌មាន​ណា​មួយ​ដែល​បាន​មក​ពី​ការ​ស៊ើប​អង្កេត​នោះ​ទេ​ ប៉ុន្តែ​បាន​លើក​ឡើង​ថា​ អង្គភាព​នគរបាល​អន្តោប្រវេសន៍ ​អង្គភាព​នគរបាលព្រហ្ម​ទណ្ឌ ​អង្គភាព​នគរបាល​ខណ្ឌ​ចំការ​មន​ និង​អង្គភាព​នគរបាល​ជន​បរទេស​ បាន​បង្កើត​គណៈ​កម្មការ​មួយ​ ដើម្បី​ស៊ើប​អង្កេត​រឿងនេះ​។

អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ដែល​សព្វ​ថ្ងៃ​បាន​ជួល​លោក​ អូឡេ​ ឲ្យ​បម្រើ​ការ​ឲ្យ​ និង​ធ្លាប់​បាន​ជួល​ស្ត្រី​រង​គ្រោះ​ បៀដ​សេន​​ ឲ្យ​ធ្វើការ​​ជា​អ្នក​ផ្តល់​ប្រឹក្សា​យោ​បល់​កាល​ពី​អតីត​កាល​ បាន​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​គោលនយោបា​យ​សន្តិសុខ​ ឬ​ធានា​រ៉ាប់រង​របស់​អង្គការ​សហ​ប្រជា​ជាតិ​ឡើយ​ ទាក់​ទិន​នឹង​អំពើ​ឃាតកម្ម​នេះ​។

តែ​ទោះ​ជា​យ៉ាង​ណា​ ការិយាល័យ​អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ដ៏​ខ្លី​មួយ​ ដើម្បី “បញ្ជាក់​​ពី​ការ​ស្លាប់​របស់​លោក​ស្រី ដាបណា បៀដសេន​” ។

សេចក្តី​ថ្លែង​ការណ៍​នេះ​ បាន​មាន​ខ្លឹម​សារ​ដូច្នេះ​ថា​ “គាត់​ធ្វើ​ការ​ជា​អ្នក​ផ្តល់​ប្រឹក្សា​យោ​បល់​នៅ​​ UN-Habitat កាល​ពី​អតីត​កាល​។ ប្តី​របស់គាត់​ បច្ចុប្បន្ន​ជា​អ្នក​ផ្តល់​ប្រឹក្សា​យោបល់​អន្តរជាតិ​នៅ​ UN-Habitat។  កូនស្រី​ឈ្មោះ  ដាណា អូឡេ ដែល​រង​របួស​ធ្ងន់​​របស់​ពួក​គាត់​ត្រូ​វ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​ប្រទេស​ថៃ​ យើង​មិន​អាច​ផ្តល់​ការ​អត្ថា​ធិប្បាយ​បន្ថែម​​ណា​មួយ​លើ​សំណុំ​រឿង​នេះ​ទេ​ ព្រោះវា​​ស្ថិត​នៅ​​​​ក្រោម​ការ​ស៊ើបអង្កេត​របស់​នគរ​បាល​”៕​ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស